ដោយៈ​សុផល​/​ភ្នំពេញ​៖ សម្ភារ​វេជ្ជសាស្ត្រ​ចំនួន​២៣​មុខ ដែលជា​ជំនួយ​មនុស្សធម៌​របស់ អង្គការ​ចែករំលែក​ស​ង្គ្រោះ​អាយុជីវិត​សកល (Global Life Sharing) នៃ​សាធារណរដ្ឋ​កូរ៉េ ត្រូវបាន​ប្រគល់ជូន​ព្រឹទ្ធសភា​កម្ពុជា នា​ព្រឹក​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២២​។​

​លោក ផាក ហឹ​ង​ខ្យឹ​ង ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​កូរ៉េប្រចាំព្រះរាជាណាចក្រ​ កម្ពុជា បាន​ថ្លែងថា​នេះ​ជា​សក្ខីភាព​ក្នុង​បញ្ជា​ក់នូវ ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​សាធារណរដ្ឋ​កូរ៉េ និង​ព្រះរាជាណាចក្រ​កម្ពុជា​។​​លោកទូតបាន​រំលឹកថា ក្នុង​រយៈពេល ២៥​ឆ្នាំ​កន្លងទៅនេះ ទំនាក់ទំនង​ទ្វេភាគី​នៃ​ប្រទេស​ទាំងពីរ​មានការ កើន ឡើងជា​លំដាប់ ជា​ពិ​សេ​វិស័យ​អភិវឌ្ឍន៍ ក៏ដូចជា​ការផ្លាស់ប្តូរ​វប្បធម៌​នៃ​ប្រទេស​ទាំងពីរ ហើយ​អ្វីដែល​ពិសេស​ជាង​នេះ ទៅទៀត គឺ​ប្រទេស​កម្ពុជា ជា​ដៃគូ​ដ៏​សំខាន់​ក្នុងការ​ទទួលបាន​ជំនួយ ODA ដែល​ក្នុងឆ្នាំនេះ​ប្រទេស​កម្ពុជា បានទទួល​ជំនួយ​១៥០​លាន​ដុល្លារ​ពី​សាធារណរដ្ឋ​កូរ៉េ​។ ក្នុងនោះ មាន​អង្គការ​សង្គម​ស៊ីវិល​ចំនួន​១៧ របស់​កូរ៉េ ដែល​កំពុង​ធ្វើ​សកម្មភាព​លើ​វិស័យ​ជាច្រើន​នៅ​ប្រទេស​កម្ពុជា ជាពិសេស​អង្គការ​សង្គម​ស៊ីវិល ក្នុង​វិស័យ​អប់​រំជា​វិស័យ មួយ​ដ៏​សំខាន់​ក្នុង​ការជួយ​លើកកម្ពស់​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វា​ប្រទេស​ទាំងពីរ​។​

​លោក​ឯកអគ្គរដ្ឋទូត បាន​បញ្ជាក់ថា ប្រទេស​កូរ៉េ ជា​ប្រទេស​ដែល​បាន​ផ្តល់ជំនួយ​ដល់​ប្រទេស​ជាច្រើន​លើ​ពិភពលោក ក្នុងនោះ​មាន​ប្រទេស​កម្ពុជា​ផងដែរ​។ ជំនួយ​ទាំងអស់នោះ​មាន​គោលដៅ​សម្រាប់​កាត់បន្ថយ​ភាពក្រីក្រ​រួមចំណែក ជាមួយ​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​មិត្ត ដើម្បី​ឆ្ពោះទៅរក​វឌ្ឍនភាព វិបុលភាព​ទាំងអស់គ្នា​។ នាពេល​បច្ចុប្បន្ននេះ​បញ្ហា ប្រទេសមួយ​នឹង​ក្លាយទៅជា​បញ្ហា​ពិភពលោក​ទាំងមូល ហើយ​អ្វីដែល​សំខាន់​អង្គការ​ចែករំលែក​សង្គ្រោះ​អាយុជីវិត សកល​នៃ​សាធារណរដ្ឋ​កូរ៉េ និង​ចូលរួមចំណែក​ផ្តល់ជំនួយ​មនុស្សធម៌​ដើម្បី​ឆ្លើយ​តម និង​ដោះស្រាយ​បញ្ហា និង​ជីវិត​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួបប្រទះ​នូវ​បញ្ហា​សុខភាព​។​

​ក្នុងឱកាស​នោះ លោក ម៉ម ប៊ុននាង បាន​មានប្រសាសន៍ថា ថ្ងៃនេះ​ព្រឹទ្ធសភា​កម្ពុជា ពិតជា​មាន​សេចក្តីសោមនស្ស ក្រៃលែង ដោយបាន​ទទួល​ជំនួយ​មនុស្សធម៌​ជា​សម្ភារ ឧបករណ៍​វេជ្ជសាស្ត្រ​ពី​អង្គការ​ចែករំលែក​ជួយសង្គ្រោះ​ជីវិត​សកល (Global Life Sharing) នៃ​សាធារណរដ្ឋ​កូរ៉េ​។ ជំនួយ​មនុស្សធម៌​ដ៏​ថ្លៃថ្លា​នេះ គឺជា​សក្ខីភាព​ដ៏​ពិតប្រាកដ​នៃ​ចំណង មិត្តភាព សាមគ្គីភាព​រវាង​កម្ពុ​ជា​-​កូរ៉េ ជាពិសេស​រវាង​ព្រឹទ្ធសភា​កម្ពុជា​ជាមួយ​អង្គការ​ចែករំលែក​សង្គ្រោះ​អាយុជីវិត​សកល ពិតជា​ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្តែង​រប​ស់​ព្រឹទ្ធសភា ក៏ដូចជា​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​លើកកម្ពស់​សេវា​សុខភាព​សាធារណៈ ការបង្ការ​ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​ជំងឺ​កាច​សាហាវ​នានា ជាអាទិ៍​៖ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺ​កូ​វីដ​-១៩ ជាដើម​…​។​ល​។ ដើម្បី​ធានាបាន​នូវ​ការ​ងើបឡើង​វិញ យ៉ាង​ឆាប់រហ័ស​នៃ សកម្មភាព សង្គម​-​សេដ្ឋកិច្ច​។​

​លោក ម៉ម ប៊ុននាង បាន​គូសបញ្ជាក់ថា ជំនួយ​មនុស្សធម៌​ដូចដែល​យើងទាំងអស់គ្នា​បានឃើញ​ជាក់ស្តែង​នេះ នឹងត្រូវ​គ្រប់គ្រង​ដោយ​ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា ហើយ​ប្រើប្រាស់​តាមរយៈ​យន្តការ​នានា​នៃ​ព្រឹទ្ធសភា សម្រាប់​ចែកជូន​ដល់ មន្ទីរពេទ្យ​រដ្ឋ មន្ទីរពេទ្យបង្អែក​មណ្ឌល​សុខភាព​នានា ព្រមទាំង​ប្រជាជន នៅក្នុង​បណ្តា​ភូមិភាគ​ទាំង​៨​។ ជាមួយគ្នានេះ ព្រឹទ្ធសភា​កម្ពុជា មាន​សេចក្តី​រីករាយ និង​សូម​ស្វាគមន៍​នូវ​រាល់​កិច្ចសហការ​មនុស្សធម៌ ជាមួយ​អង្គការ​ចែករំលែក​សង្គ្រោះ ជីវិត​សកល​ជា​បន្តបន្ទាប់​ទៀត​។​

​លោក ម៉ម ប៊ុននាង បាន​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អង្គការ​ចែករំលែក​សង្គ្រោះ​ជីវិត​សកល ដែល​បាន​ផ្តល់នូវ​ជំនួយ​មនុស្សធម៌ ដើម្បី​លើកកម្ពស់​គុណភាព​ជីវិត និង​ជួយសង្គ្រោះ​ជីវិត​ប្រជាជន​កម្ពុជា​៕​សរន/PC