ដោយៈ ប​.​ខុន​/​ភ្នំពេញៈ គម្រោង​សាងសង់​សំណង់​បង្ហៀរទឹក​នៅ​ចំណុច​អន្លង់​សណ្តាន់​នៃ​ប្រឡាយ​មេឃុំ​ព្រៃ​ខ្ពស់ ក្នុងស្រុក​បរ​វេស ខេត្តបាត់ដំបង ដែល​ធ្វើឱ្យ​រាំងស្ទះ​ទឹក​សម្រាប់​ការ ងារ​បង្កបង្កើនផល​ស្រូវ​លើ​ផ្ទៃដី​ជាង​៨​ពាន់​ហិកតា​នៅក្នុង​ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ​បាន​ដោះស្រាយ​ចប់​ហើយ ដោយ​ក្រុមហ៊ុន​បានសម្រេច​តាម​ការសម្របសម្រួលរ​បស់​ក្រុម​ការ ងារ​ឱ្យ​កាយ​ប្រឡាយ​វាង​សម្រាប់​នាំ​ទឹក​ក្នុងពេល​ការសាងសង់​កំពុងដំណើរការ​មិនទាន់​ចប់​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២២​ថា បញ្ហា​ខ្វះ​ទឹក​ធ្វើស្រែ របស់​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​មួយចំនួន​នៃ​ស្រុក​មង្គលបុរី​ខេត្តបន្ទាយមានជ័យ​កើតមាន​ពីរ​សប្តាហ៍​មកហើយ​តែ​វា​មិនទាន់​ឈានដល់​មានការ​ខូចខាត​នៅឡើយ​ទេ​។ កាលពី​ថ្ងៃទី​៦ ខែមិថុនា​ក្រុមការងារ​របស់​ខេត្តបន្ទាយមានជ័យ និង​ខេត្តបាត់ដំបង​បាន​ចុះ​ធ្វើការ​ដោះស្រាយ​ចប់​ហើយដោយ​ក្រុមហ៊ុន​ទទួល​ការសាងសង់​សំណង់​បង្ហៀរ​កាត់​ប្រឡាយ​មេព្រៃ​ខ្ពស់​យល់ព្រម​កាយ​ប្រឡាយ​ប​ង្វៀង​ការ​រដ្ឋា​ន​ដើម្បីឱ្យ​ទឹកបាន​ហូរ​ធ្លាក់​ទៅដល់​តំបន់​ដែលមាន​ដំណាំ​ស្រូវ​កំពុង​ត្រូវការ​ទឹក​។​

​ការងារ​ខាងលើនេះ​លោក​ចាន់ យុ​ត្ថា និយាយថា​លោក​បាន​ណែនាំ​ទៅដល់​មន្ទីរ​ពាក់ព័ន្ធ​ឱ្យ​ចុះ​ធ្វើការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​តាំងពី​ថ្ងៃទី​០១ ខែមិថុនា តែ​ដោយ សារ​ក្រុមការងារ​មានការ​រវល់​រាងខ្លួន​ទើប​នាំឱ្យមាន​ការយឺតយ៉ាវ​ក្នុង​ការចុះ​ដោះស្រាយ​។ ដំណាំ​ស្រូវ​ដែល​ប្រឈម​ការខ្វះ​ទឹក​មាន​ចំនួន​៤.៥០០​ហិកតា នៅក្នុង​ខេត្តបន្ទាយមានជ័យ និង​៤.០០០​ហិកតា​នៅក្នុង​ខេត្តបាត់ដំបង​។ ពេល​ចុះ​ដោះស្រាយ​កាលពី​ថ្ងៃទី​៦ ខែមិថុនា មាន​ប្រជាកសិករ​ដល់​ជាង​៣០០​នាក់ និង​អាជ្ញាធរ​បាន​ចូលរួម​នៅ​ទីតាំង​ជាក់ស្តែង​។​

​លោក​យឹម ប៊ុន​រ៉ុ​ម ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​៧ ខែមិថុនា​ថា បញ្ហា​ប្រជាពលរដ្ឋ​លើកគ្នា​ទៅដល់​ការដ្ឋាន​សាងសង់​សំណង់​បង្ហៀរ​នៅតាម​ប្រឡាយ​មេព្រៃ​ខ្ពស់​ដើម្បី​សុំ​បើក​ទឹកបាន​ដោះស្រាយ​រួចហើយ ដោយពេល​នេះ​ខាង​ក្រុមហ៊ុន​សាងសង់​សំណង់​កាត់​ប្រឡាយ​មេ​បានធ្វើ​ការកាយ​ប្រឡាយ​ប​ង្វៀង​ទឹក​បណ្តោះអាសន្ន​ដើម្បីឱ្យ​ទឹកបាន​ទៅដល់​ដំណាំ​ស្រូវ​ខ្វះ​ទឹក​និង​កុំឱ្យ​ប៉ះពាល់​ដល់​ការងារ​សាងសង់​។ ស្រូវ​របស់​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​សឿ ឃុំ​រហាត់ទឹក និង​ឃុំ​ចមណោម ដែល​ប្រឈម​នឹង​ការ​ច្វះ​ទឹក​មាន​ចំនួន​ជាង​៤.៥០០​ហិកតា​។

​សំណង់​ដែល​បាន​នឹង​កំពុង​សាងសង់​ឡើងវិញ​នៅ​ចំណុច​អន្លង់​សណ្តាន ឃុំ​ព្រែ​ខ្ពស់​បាន​ខូចខាត​កាលពី​ជំនន់​ឆ្នាំ​២០២០​កន្លងទៅ​។​ក្រុមការងារ​បច្ចេកទេស​មន្ទីរ​និង​ក្រុមហ៊ុន​បាន​ឯកភាពគ្នា​កាយ​ប្រឡាយ​ពង្វៀង​ទឹក​ប្រវែង​ជា​១​គីឡូម៉ែត្រ​ដើម្បី​កុំ​ឲ្យ​មានការ​រំខាន​ដល់​សាងសង់​សំណង់​សិល្បៈការ​នានា​របស់​ក្រុមហ៊ុន ប្រជាជន​ចូលរួម​ប្រមាណ​ជា ៣០០​នាក់​បាន​ទទួលយក​នូវ​ដំណោះស្រាយ​នេះ​ការ​លក្ខខណ្ឌ​នេះ​៕​