ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ បាន​ថ្លែងអំណរគុណ​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រជាពលរដ្ឋ សម្រាប់​ការគាំទ្រ និង​បោះឆ្នោត​ជូន​បក្ស​ប្រជាជន រហូត​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា នាំ​មុខដាច់​ទាំងអស់ ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ហើយ​បានទទួល​តំណែង​ជា​ចៅសង្កាត់ ទាំង​១០៥​។​

​តាមរយៈ​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០២២​នេះ លោក ឃួ​ង ស្រេង បាន​បញ្ជាក់ថា «​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត អំពី​ដួងចិត្ត​ជូន​ចំពោះ​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា អ្នកគាំទ្រ ប្រជាជន មហាជន ដែល​បាន​គាំទ្រ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​ការបង្ហាញ​ឲ្យ​ឃើញ​ពី​ការគាំទ្រ យ៉ាងច្រើន​លើសលប់ ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា គ្រប់​សង្កាត់​ទូទាំង​រាជធានី​ភ្នំពេញ ក្លាយជា​អ្នក​នាំ គ្រប់គ្រង និង​ជា​អ្នកបម្រើ​សេវាសាធារណៈ​ជូន​បងប្អូន​ប្រជាជន នៅតាម​បណ្តា​សង្កាត់ នៅក្នុង​អាណត្តិ​ទី​៥ ខាងមុខនេះ​ម្តងទៀត​»​។​

​លោក​ក៏បាន​លើកឡើងថា ស្មារតី​នៃ​ការចូលរួម​គាំទ្រ បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​នាពេលនេះ លោក​នឹងមាន​ការចងចាំ​ទុក មានការ​គោរព និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជាមួយនឹង​ការគាំទ្រ ដ៏​ច្រើន​លើសលុប​។ បន្ថែម​ពីនេះ លោក​បាន​បញ្ជាក់ថា តាមរយៈ​ការ​ផ្តល់នូវ​ទំនុកចិត្ត​ច្រើនបែប​នេះ​ពី​សំណាក់​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត ក្នុងនាម​លោក​ជា​អភិបាល​រាជធានី​ភ្នំពេញ នឹង​ខិតខំ​បន្ថែមទៀត ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ដើម្បី​ផ្តល់នូវ​ភាពសុខសាន្ត សម្រាប់​ប្រជាពលរដ្ឋ រួមទាំង​ការខិតខំ​កែ​អ​ម្អ​អភិវឌ្ឍន៍​មូលដ្ឋាន ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

​លោក​ក៏បាន​បេ្ត​ជ្ញា​ចិត្ត​ជំរុញ​ឲ្យ​ចៅសង្កាត់ ដែល​ទទួលបាន​ការផ្តល់​ទំនុកចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ ត្រូវតែ​ខិតខំ​បំពេញ​តួនាទី​របស់ខ្លួន​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ និង​កិច្ចការងារ​សង្គម​ផ្សេង​បន្ថែម ទៀត​ជាដើម​។​

​សូមបញ្ជាក់ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៥ បាន​បិទ​បញ្ចប់ កាលពី​ល្ងាច​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២២ ដោយមាន​ប្រជាពលរដ្ឋ ៨០.១៩​ភាគរយ ស្មើនឹង​ជាង​៧​លាន​នាក់ បានមក​ចូលរួម​បោះឆ្នោត ក្នុងចំណោម​អ្នក​ដែលមាន​ឈ្មោះ ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ជាង​៩.២​លាន​នាក់​។ ទាំង​សមាគមជាតិ និង​អន្តរជាតិ ព្រមទាំង​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ សុទ្ធតែ​បាន​វាយតម្លៃថា ការបោះឆ្នោត​នេះ​បាន​ប្រព្រឹត្ត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។​

​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៥ ត្រូវបាន​ប្រព្រឹត្តទៅ​ប្រកបដោយ​តម្លាភាព និង​យុត្តិធម៌​ត្រឹមត្រូវ ហើយ​ប្រជាពលរដ្ឋ​មក​ចូលរួម​បោះឆ្នោត ដោយ​គ្មាន​ការបង្ខិតបង្ខំ​នោះទេ​។ ដោយឡែក ស្ថានភាព​សន្ដិសុខ និង​សណ្ដាប់ធ្នាប់​ទូទៅ ក្នុង​ដំណើរការ​បោះឆ្នោត​នៅ​ទូទាំងប្រទេស មាន​ភាពស្ងប់ស្ងាត់​ល្អប្រសើរ មិនមាន​បាតុភាព​អ្វី​រារាំង​នោះឡើយ​៕​