ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡា បានបង្ហាញ​ការកោតសរសើរ ក៏ដូចជា ថ្លែងអំណរគុណ​ចំពោះ វិទ្យាស្ថាន​មួយ​របស់ ប្រទេស​ជប៉ុន ដែល​ចូលរួមចំណែក ក្នុងការ​អភិវឌ្ឍ​វិស័យ​អប់រំ ជាពិសេស​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា​។​

​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួង​អប់រំ បានលើកឡើង ដោយ​បញ្ជាក់ថាៈ ការលើកឡើង​របស់ លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ បែបនេះ ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ រវាង លោក បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ជាមួយ​លោក យ៉ឹ​ស៊ឹ​ណុ​គី សុ​ជិ (Yusunoki Choji) ប្រធាន​ក្រុមប្រឹក្សាភិបាល​វិទ្យាស្ថាន ថាក់​គ្លូ​ប៊​ល (TUX Global Institute) នា​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២២​។​

​គួរ​បញ្ជាក់ថា ក្នុង​កិច្ច​ជំនួប​នេះ លោក យ៉ឹ​ស៊ឹ​ណុ​គី សុ​ជិ បាន​រៀបរាប់ ពី​សាវតារ​បស់ វិទ្យាស្ថាន​។ ដោយឡែក លោកស្រី ហ៊ាង អូ​មួយ ប្រធាន​វិទ្យាស្ថាន ថាក់​គ្លូ​ប៊​ល បានធ្វើ​បទ​បង្ហាញ ស្ដីពី​សមិទ្ធផល​សម្រេច​បាន​សំខាន់ៗ របស់​វិទ្យាស្ថាន គម្រោង​កម្មវិធី សិក្សា​នានា ព្រមទាំង​ស្នើសុំ​ការគាំទ្រ ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុងការ​បង្កើត ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​។​

​ក្នុងឱកាស​នោះ ក៏មាន​កម្មវិធី​ផ្លាស់ប្តូរ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​វិទ្យាស្ថាន ដើម្បី​សហការ ក្នុង​លើកកម្ពស់​ការអប់រំ នៅ​កម្ពុជា​។​

​លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន បាន​ថ្លែងអំណរគុណ ដល់​លោក យ៉ឹ​ស៊ឹ​ណុ​គី សុ​ជិ និង​ក្រុមការងារ​វិទ្យាស្ថាន ថាក់​គ្លូ​ប៊​ល ដែល​បាន​ចូលរួមចំណែក ក្នុងការ​អភិវឌ្ឍ​វិស័យ​អប់រំ ជាពិសេស​វិស័យ​បច្ចេកវិទ្យា ដែលជា​ជំនាញ​ដ៏​ចាំបាច់ សម្រាប់​ប្រទេស​កម្ពុជា ក្នុងការ​ត្រៀមខ្លួន ក្លាយជា​ប្រទេស​សេដ្ឋកិច្ច ឌីជីថល​។​

​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់ ដល់​វិទ្យាស្ថាន ថាក់​គ្លូ​ប៊​ល ដែល​បាន​ចូលរួម ជួយ​លើកកម្ពស់​វិស័យ​បច្ចេកវិទ្យា និង​បានផ្ដល់​អាហារូបករណ៍ ដល់​សិស្សានុសិស្ស​។ ក្រសួង​អប់រំ នឹង​បន្ត​គាំទ្រ​គម្រោង​ថ្មីៗ របស់​វិទ្យាស្ថាន ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស នៅ​កម្ពុជា​។​

​សូមបញ្ជាក់ថា វិទ្យាស្ថាន ថាក់​គ្លូ​ប៊​ល ត្រូវបាន​បង្កើតឡើង ក្នុង​ឆ្នាំ​២០២០ ដោយមាន​ការគាំទ្រ ពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ប្រទេស​ជប៉ុន ក្នុង​គោលបំណង បណ្ដុះបណ្ដាល​ធនធានមនុស្ស លើ​ជំនាញ​បច្ចេកវិទ្យា និង​ជំនាញ​សតវត្សរ៍​ទី​២១​។ បច្ចុប្បន្ននេះ វិទ្យាស្ថាន ថាក់​គ្លូ​ប៊​ល បានផ្ដល់​អាហារូបករណ៍ ដល់​សិស្ស​ចំនួន ២២៥ នាក់ និង​បណ្ដុះបណ្ដាល ទៅលើ​មុខវិជ្ជា​ចំនួន ៦ ដូចជា Digital Marketing UX/UI Design App and Web Development Cyber Security Artificial Intelligence FinTech​។
​វិស្វករ​វ័យក្មេង ជំនាញ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន ចំនួន ៥.០០០ នាក់ នៅ​កម្ពុជា នឹង​ទទួលបាន ការបណ្ដុះបណ្ដាល តាមរយៈ​កម្មវិធី​អាហារូបករណ៍ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន ដើម្បី​ពង្រឹងសមត្ថភាព​យុវជន​កម្ពុជា ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារការងារ​៕/V