​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ និង​ជា​ប្រធាន​គណៈកម្មការ​បាល់ទះ ស្នងការដ្ឋាន​នគរបាល ខេត្តបន្ទាយមានជ័យ រួមជាមួយ​លោក ឧ​ត្ត​ម​សេនីយ៍ វរសេនីយ៍ ស្នងការរង និង​ជា​អនុប្រធាន គណៈកម្មការ ស្នងការដ្ឋាន​នគរបាល ខេត្តបន្ទាយមានជ័យ បាន​ជួប​សំណេះសំណាល ជាមួយ​ក្រុមកីឡា​ករបា​ល់​ទះ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត មុន​ចេញដំណើរ​ទៅ រាជធានី​ភ្នំពេញ​។​

​កីឡាករ នឹងចូលរួម​ប្រកួត​ជាមួយ ក្រុម​បាល់ទះ​ជម្រើស​ថ្នាក់ជាតិ ដណ្តើមពាន​រង្វាន់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នាពេល​ខាងមុខនេះ នៅ​រាជធានី​ភ្នំពេញ ។​

​លោក ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ បានឱ្យដឹង​កាលពី​ថ្ងៃទី​៧ ខែមិថុនា​ថាៈ កីឡា​នាំមក​នូវ សុខភាព សន្តិភាព សាមគ្គីភាព មិត្តភាព និង​សុខភាព​។

​ទន្ទឹមនឹង​បំពេញភារកិច្ច​ស្នូល ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ នាយ នាយរង ពល​នគរបាលជាតិ ក៏ត្រូវ​មាន​ក្រុម​កីឡាករ សម្រាប់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចូលរួម ប្រកួត​ជាមួយ​បណ្តា​អង្គភាព​នានា​។

​លោក ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ បាន​បន្តថាៈ បច្ចុប្បន្ន រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន យកចិត្តទុកដាក់​គិតគូរ អំពី​វិស័យ​កីឡា​នេះ យ៉ាងខ្លាំង ហើយ​នៅ​ឆ្នាំ​២០២៣ ខាងមុខនេះ កម្ពុជា​យើង នឹង​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ការប្រកួត​កីឡា ថ្នាក់​តំបន់​អាស៊ី​ភាគ​អ​គ្នេ​យ៍ ហៅថា ស៊ី​ហ្គេម (SEA GAME ) ។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ស្នងការ ក៏បាន​ជំរុញ​ឱ្យ​ក្រុម​កីឡាករ​ម្នាក់ៗ ត្រូវ​បន្ត​ខិតខំ​ហ្វឹកហាត់ បំប៉ន ត្រួតពិនិត្យ​សមត្ថភាព របស់ខ្លួន​បន្ថែមទៀត ដើម្បី​យក​ប្រៀប​ឈ្នះ លើ​ការប្រកួត​៕/V​