ដោយៈមុនីរ័ត្ន/ភ្នំពេញ​៖​ក្រុម​អ្នកសង្កេតការណ៍​អន្តរជាតិ​របស់ ICAPP បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ​ដោយ​បញ្ជាក់ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៥ របស់​កម្ពុ​ជានា​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២ បាន​ប្រព្រឹត្តទៅ​ស្របតាម​ការបោះឆ្នោត​ជា​សកល​ដោយ​ការបោះឆ្នោត​សម្ងាត់​និង​ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស នីតិរដ្ឋ និង​សិទ្ធិមនុស្ស​សកលដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ ដែល​កម្ពុជា​ជា​ភាគី​។​

​សេចក្តីថ្លែងការណ៍​រួម​ចុះ​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២២​និងបានផ្សព្វផ្សាយនៅថ្ងៃនេះបាន​បញ្ជាក់ថា ក្រុម​អ្នកសង្កេតការណ៍​អន្តរជាតិ ដែលមាន៖លោក Ramin Mamandov សមាជិកសភា​មកពី​ប្រទេស Azerbaijan​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ គណបក្ស​NewAzerbaijan​និង​ជា​សហប្រធាន​ក្រុមយុវជន​នៃ​សន្និសីទ​អន្តរជាតិ​នៃ​គណបក្សនយោបាយ​អា​ស៉ី (ICAPP) លោក Soltan Mammadov សមាជិកសភា​មកពី​គណបក្ស New Azerbaijan លោក Aldwin Requejo តំណាង​ការិយាល័យ លោក Jose de Venecia​ប្រធាន​ស្ថាបនិក​នៃ​សន្និសីទ​អន្តរជាតិ​នៃ​គណបក្ស នយោបាយ​អាស៊ី លោក ឯក ណាត ដា​កាល់ ប្រធាន​គណបក្ស​គ្រួសារ​នេ​ប៉ាល់ និង​លោក Wu Chuanbing តំណាង​បក្សកុម្មុយនិស្ត​ចិន​បាន​បំពេញបេសកកម្ម​សង្កេត​ការណ៍​ដើម្បី​សង្កេតការណ៍​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ ដែល​បាន​ធ្វើឡើង នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សេចក្តីថ្លែងការណ៍​បាននិយាយ​ថា ក្នុងអំឡុងពេល​បេសកកម្ម​សង្កេតការណ៍​បោះឆ្នោត​នៅ​កម្ពុជា ដោយមាន​ការគាំទ្រ និង​សម្របសម្រួល​ពី គ​.​ជ​.​ប គណៈប្រតិភូ​បាន​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​អង្គការ​សង្គម​ស៉ី​វិល​ក្នុងស្រុក​។ យើង​ក៏មាន​ឱកាស​ពិភាក្សា និង​ផ្លាស់ប្តូរ​ទស្សនៈ និង​សិក្សា​អំពី​បច្ចុប្បន្នភាព​ផ្នែក​ច្បាប់ និង​នយោបាយ​ក្នុងប្រទេស ខណៈដែល គ​.​ជ​.​ប បាន និង​កំពុង​ដឹកនាំ​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២២ ក្នុងន័យ​ធានាថា ការបោះឆ្នោត​នេះ នឹង​ប្រព្រឹត្តទៅ​ស្របតាម គោលការណ៍​នៃ​ការរួមបញ្ចូល តម្លាភាព ភាពសេរី និង​យុត្តិធម៌​។​

​គណៈប្រតិភូ​ក៏បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​កម្ពុជា អ្នកសង្កេតការណ៍​ក្នុងស្រុក និង​អន្តរជាតិ និង​អ្នក​គិត​ឯករាជ្យ​។ ជា​លទ្ធផល​នៃ​កិច្ចប្រជុំ គណៈប្រតិភូ​មាន​ទស្សនៈ​ថា បានផ្តល់​ឱកាស​ស្មើៗ​គ្នា​ដល់​គណបក្សនយោបាយ​ទាំងអស់​ក្នុង​ការជជែក​ដេញដោល និង​ថ្លែង​សារ​របស់​គណបក្ស​ខ្លួន​ទៅកាន់​អ្នកបោះឆ្នោត​ក្នុងពេល​ឃោសនាបោះឆ្នោត​។ លើសពីនោះ គណៈប្រតិភូ​បានដឹងថា គណបក្សនយោបាយ​ដែល​បាន​ចុះឈ្មោះ​ទាំងអស់ អាចធ្វើ​សកម្មភាព​ឃោសនាបោះឆ្នោត​បាន​ដោយ​សេរី ហើយ​ថ្នាក់ដឹកនាំ​អាចធ្វើ​ដំណើរ​ទូទាំងប្រទេស ដើម្បី​ប្រមូល​ការគាំទ្រ​គណបក្សនយោបាយ​រៀងៗ​ខ្លួន​។​

​នៅ​ថ្ងៃ​បោះឆ្នោត គណៈប្រតិភូ​បាន​ចុះទៅពិនិត្យ​ការិយាល័យ​បោះឆ្នោត​ភ្លាមៗ មុននឹង​បើក ដើម្បី បាន​មើល​ការត្រៀម​រៀបចំ​របស់​បុគ្គលិក គ​.​ជ​.​ប ដើម្បី​ធានា​ឱ្យ​ដំណើរការ​បោះឆ្នោត មាន​ភាពត្រឹមត្រូវ​។ ជា​លទ្ធផល គណៈប្រតិភូ​បាន​កត់សម្គាល់ថា វិជ្ជាជីវៈ និង​ភាពស្មោះត្រង់​របស់​បុគ្គលិក គ​.​ជ​.​ប មាន​ស្តង់ដារ​ខ្ពស់​។ ជាងនេះទៅទៀត ដើម្បី​ទទួលបាន​ការយល់ដឹង​ច្រើន​បំផុត​អំពី​ដំណើរការ​បោះឆ្នោត គណៈប្រតិភូ​ក៏បាន​អនុវត្ត​សកម្មភាព​សង្កេតការណ៍​របស់ខ្លួន​នៅតាម​ការិយាល័យ​បោះឆ្នោត​មួយចំនួន​ផងដែរ ដូចនេះ​គណៈប្រតិភូ​បាន​សង្កេតឃើញថា អាជ្ញាធរ​កម្ពុជា​គ្រប់លំដាប់​ថ្នាក់​បាន​បង្កើត​នូវ​លក្ខខណ្ឌ​អំណោយផល​សម្រាប់​គ្រប់​គណបក្សនយោបាយ​ទាំងអស់​ក្នុងការ​ចូលរួម ដោយ​សេរី និង​យុត្តិធម៌ ក្នុង​ដំណើរការ​បោះឆ្នោត​ទូទាំងប្រទេស​។​

​សេចក្តីថ្លែងការណ៍​ដដែល​បាន​កត់សម្គាល់ថា អត្រា​អ្នក​ទៅ​បោះឆ្នោត​មាន​លើសពី ៧៧,៩ ភាគរយ​នៃ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ដែល​បង្ហាញ​ពី​ការចូលរួម​យ៉ាងសកម្ម​របស់​ប្រជាជន​កម្ពុជា​ក្នុង​ដំណើរការ​នយោបាយ និង​លទ្ធិប្រជាធិបតេយ្យ ជាពិសេស​ក្នុងការ​លើកកម្ពស់​តម្លៃ​សិទ្ធិមនុស្ស និង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​។ ទោះបីជា​យ៉ាងណាក៏ដោយ ទោះបីជា​មានការ​តវ៉ា​ខ្លះ​ដែល គ​.​ជ​.​ប បានទទួល​ក៏ដោយ ក៏​គណៈប្រតិភូ​មិនឃើញ​មាន​ឧប្បត្តិហេតុ​ណាមួយ ដែល​អាច​ប៉ះពាល់​ដល់​ដំណើរការ ឬ​លទ្ធផល​នៃ​ការបោះឆ្នោត​ឃុំ​សង្កាត់ ឆ្នាំ​២០២២ នេះឡើយ​។​

​សេចក្តីថ្លែងការណ៍​រួម​បាន​វាយតម្លៃថា «​សរុបសេចក្តី​មក គណៈប្រតិភូ​ជឿជាក់​យ៉ាង​មុតមាំ​ថា ការបោះឆ្នោត​បាន​ប្រព្រឹត្ត​ទៅដោយ​សន្តិវិធី ដោយ​សេរី យុត្តិធម៌ តម្លាភាព និង​បរិ​យា​ប័ន្ន​។ គណៈប្រតិភូ​បាន​សង្កេតឃើញថា ការបោះឆ្នោត​ឃុំ​សង្កាត់ ថ្ងៃទី​៥​ខែមិថុនា ឆ្នាំ​២០២២ ប្រព្រឹត្តទៅ​ស្របតាម​ការបោះឆ្នោត​ជា​សកល​ដោយ​ការបោះឆ្នោត​សម្ងាត់ និង​ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស នីតិរដ្ឋ និង​សិទ្ធិមនុស្ស​សកល ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ ដែល​កម្ពុជា​ជា​ភាគី​»​។​

​សេចក្តីថ្លែងការណ៍​បញ្ជា​ក់ថា «​គណៈប្រតិភូ​សូម​ថ្លែងអំណរគុណ​ចំពោះ​ឱកាស ដើម្បី​សង្កេតមើល​ដោយផ្ទាល់​នូវ​ដំណើរ​លទ្ធិ​ប្រជា​ធិ​ប​តយ្យ ដែល​កំពុង​បន្ត​នៃ​ប្រទេស​កម្ពុជា​សម័យ​ទំនើប និង​រីករាយ​យ៉ាង​ក្រៃលែង​ក្នុងការ​អបអរសាទរ​ដល់ គ​.​ជ​.​ប សម្រាប់​វិជ្ជាជីវៈ​របស់ខ្លួន និង​ប្រជាជន​កម្ពុជា​សម្រាប់​ការចូលរួម​យ៉ាងសកម្ម​ក្នុងការ​បោះឆ្នោត​។ ជាមួយគ្នានេះ យើង​សូម​ជូនពរ​ឱ្យ​កម្ពុជា ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច​ក្នុង​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ សន្តិភាព និង​ការអភិវឌ្ឍ​។ ជោគជ័យ​នៃ​ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២២ នៅតែ​ជា​ជំហាន​ដ៏​សំខាន់​មួយទៀត​ក្នុង​ការជំរុញ​កំណែទម្រង់​ដែល​កំពុង​បន្ត​របស់​ព្រះរាជាណាចក្រ ដើម្បី​សម្រេចបាន​នូវ​សេចក្តីប្រាថ្នា​របស់​ប្រជាជន​ចំពោះ​សន្តិភាព លទ្ធិប្រជាធិបតេយ្យ និង​ការអភិវឌ្ឍ​»​។​

​ក្នុង​ស្មារតី​នេះគណៈប្រតិភូបាន​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិគ្រប់​គណបក្សនយោបាយ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ សហការ​ក្នុងន័យ​ស្ថាបនា​ជាមួយ​ប្រជាជន​កម្ពុជា និង​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ធានាបាន​នូវ​ភាព​បន្ត​នៃ​សង្គម​កម្ពុជា​ប្រកបដោយ​សន្តិភាព សុខដុមរមនា និង​រួមចំណែក​បន្ថែមទៀត​ដល់​សង្គមជាតិ​។ ការអភិវឌ្ឍ និង​វិបុលភាព​របស់​ប្រទេសដែល​នឹង​ជួយ​ធានា​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ និង​ក្រៅ​តំបន់​៕​សរន