​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រដ្ឋាភិបាល​ស្រមោល​ដែល​ប្រឆាំង​នឹង​ការគ្រប់គ្រង​ដោយ​យោធា​ក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ទី​៧​មិថុនា​ថា​ខ្លួន​នឹង​បង្កើត​កងកម្លាំង​ប៉ូលិស​របស់​ខ្លួន​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ចុងក្រោយ​របស់​ខ្លួន​ដើម្បី​រារាំង​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់របប​យោធា​ក្នុង​ការគ្រប់គ្រង​ប្រទេស បន្ទាប់​ពី​រដ្ឋប្រហារ​កា​លពី​ឆ្នាំមុន​។​

​មី​យ៉ាន់​ម៉ា​បាន​ស្ថិត​ក្នុង​ភាពចលាចល​ចាប់តាំងពី​ការផ្តួលរំលំ​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់​លោកស្រី អ៊ុង​សាន ស៊ូ​ជី​ដែល​បាន​បញ្ចប់​លទ្ធិប្រជាធិបតេយ្យ​អាយុ​មួយ​ទសវត្សរ៍​និង​បាន​បង្ក​ឱ្យ​មាន​ការប្រឆាំង​​ទូទាំង​ប្រទេស​។​

​យោធា​បានចាត់ទុក​គូ​ប្រជែង​របស់​ខ្លួន​ជា “​ភេរ​វករ​” រួមទាំង​រដ្ឋាភិបាល​រួបរួម​ជាតិ​ស្រមោល (NUG)​ជា​សម្ពន្ធភាព​នៃ​ក្រុម​ប្រឆាំង​របប​យោធា​ដែល​ក្នុងនោះ​សមាជិក​ជា​ច្រើន​កំពុង​លាក់ខ្លួន​ឬ​កំពុង​​និរទេស​ខ្លួន​។​

NUG​បាន​និយាយថា ខ្លួន​បាន​ត្រៀម​រួចជាស្រេច​ក្នុង​ការទទួលខុសត្រូវ​ចំពោះ​ការអនុវត្ត​ច្បាប់​ក្នុងស្រុក ជាមួយនឹង​កម្លាំង​ប៉ូលិស​ដែល​ទទួលយក​ដោយ​ប្រជាជន​។​

​ក្រុម​នេះ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា គោលបំណង​របស់​ខ្លួន​គឺ “​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​ក្រុមប្រឹក្សា​យោធា​ភេរ​វករ​សម្រាប់​ការប្រព្រឹត្ត​ការរំលោភ​សិទ្ធិមនុស្ស ឧក្រិដ្ឋកម្ម​​សង្គ្រាម និង​អំពើ​ភេរវកម្ម​ប្រឆាំងនឹង​ប្រជាជន​”​។​

​ភ្លាមៗ​នោះ​គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ NUG នឹង​បង្កើត​និង​ដំណើរការ​កងកម្លាំង​ប៉ូលិស​នៅ​ពេល​ណា​និង​ដោយ​របៀប​ណា និង​ថា​តើ​ចំនួន​បុគ្គលិក​ដែល​ខ្លួន​នឹង​ជ្រើសរើស​មាន​ប៉ុន្មាន​នោះទេ​។​អ្នក​នាំ​​ពាក្យ​របស់ NUG និង​ក្រុមប្រឹក្សា​យោធា​ដែល​កំពុងកាន់​អំណាច​មិនអាច​ទាក់ទង​បាន​ភ្លាមៗ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័រ​ដើម្បី​សុំ​ការបំភ្លឺ​នោះទេ​៕

កងទ័ពរបស់រដ្ឋាភិបាលស្រមោលហៅខ្លួនឯងថា កងកម្លាំងការពារប្រជាជន