ដោយៈ សុផល / ភ្នំពេញ​៖ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID) និង​អង្គការ​ផេ​ក​កម្ពុជា បានប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់ នូវ​ទស្សនា​វ​ដ្តី «​នៅក្នុង​ដៃ​នាង​» ដែល​ផ្តល់ឱ្យ​សហគ្រិន​ស្ត្រី នៅក្នុង​ប្រទេស​កម្ពុជា នូវ​ឧបករណ៍ សម្រាប់​កសាង​អាជីវកម្ម របស់​ពួកគេ​។​

​តាមរយៈ​ការផ្តល់ជូន នូវ​ធនធាន​សំខាន់ៗ និង​ករណី​សិក្សា ទស្សនា​វ​ដ្តី​នេះ ដើរតួ​ជា ការណែនាំ ពី​របៀប​ដែល​អាចឱ្យ​សហគ្រិន ដោះស្រាយ​បញ្ហា​ប្រឈម ដែល​ពួកគេ​ជួបប្រទះ នៅក្នុង​អាជីវកម្ម​របស់​ពួកគេ ដូចជា​របៀប​ចុះឈ្មោះ ជាមួយ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ជាដើម​។​

​ទស្សនា​វ​ដ្តី​នេះ មាន​ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស ហើយ​រៀបរាប់​លម្អិត អំពី​ជំហាន សំខាន់ៗ ដែល​ត្រូវការ ដើម្បី​ប្រែក្លាយ​អាជីវកម្ម ក្រៅផ្លូវការ​តូច​មួយ ទៅជា​សហគ្រាស ស្របច្បាប់ ដែលមាន​សក្ដានុពល​កំ​ណើ​ន​ខ្ពស់ និង​ការការពារ​ផ្លូវច្បាប់​។

​លោកស្រី ហាន ង្វៀន (Hanh Nguyen) នាយក​បេសកកម្ម​ស្តីទី របស់ ទីភ្នាក់ងារ សហរដ្ឋអាមេរិក សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ ថាៈ ” ទីភ្នាក់ងារ​សហរដ្ឋអាមេរិក សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ គាំទ្រ​យ៉ាងខ្លាំង​ដល់ ការចូលរួម​របស់​ព​ល​រដ្ឋ និង​ផ្នែក​សេដ្ឋកិច្ច​របស់​ស្ត្រី ហើយ​ការទទួលបាន​ព័ត៌មាន​ពិតជា​សំខាន់ ចំពោះ​ការចូលរួម​នោះ​។ ទស្សនា​វ​ដ្តី​នេះ នឹង​ផ្តល់ឱ្យ​សហគ្រិន​ស្ត្រី​កម្ពុជា នូវ​ព័ត៌មាន ដែល​ពួកគេ​ត្រូវការ ដើម្បី​ចាប់ផ្តើម និង​ពង្រីក​អាជីវកម្ម​របស់​ពួកគេ​។​”

​លោកស្រី សា​ប៊ី​ន យ៉ៅ​គ្គឺ​ស (Sabine Joukes) នាយក​ប្រចាំ​ប្រទេស​របស់ អង្គការ​ផេ​ក​កម្ពុជា បាន​មានប្រសាសន៍ថាៈ ” ទស្សនា​វ​ដ្តី​នេះ គាំទ្រ​សហគ្រិន​ស្ត្រី ក្នុងការ​ធ្វើឱ្យ​អាជីវកម្ម ក្នុង​ក្តី​សុបិន​របស់​ពួកគេ ក្លាយជា​ការពិត​។ ទស្សនាវដ្ដី​នេះ បង្ហាញ រឿងរ៉ាវ​ជីវិត​ពិតរ​បស់ សហគ្រិន​ស្ត្រី អំពី​បញ្ហា​ប្រឈម​របស់​ពួកគេ និង​ផ្តល់នូវ​ជំហាន​ជាក់ស្តែង ក្នុងការ​ដោះស្រាយ​បញ្ហា​នានា ដើម្បីឱ្យ​សហគ្រិន​ស្ត្រី អាច​ដោះស្រាយ​បញ្ហា​ទាំង​នោះបាន ” ៕ /V​