​ដោយ​: ពៅ​និមល / ភ្នំពេញ​៖ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម កាលពី​រសៀល ថ្ងៃទី​៦ ខែមិថុនា កន្លងទៅ បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង តាម​ប្រព័ន្ធ​វីដេអូ ដើម្បី​ពិភាក្សា​លើ ប្រធានបទ​សំខាន់ៗ រៀបចំ​គោលជំហរ សម្រាប់​ចូលរួម​សន្និសីទ ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​១២ របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក នៅ​សប្តាហ៍​នេះ​។​

​ក្រសួងពាណិជ្ជកម្ម នៅក្នុង​បណ្តាញ​សង្គម បាន​ឲ្យ​ដឹងថាៈ កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​, ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​, ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ក្រុមការងារ​ស្ថាន បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) និង​ក្រុមការងារ នៅ​ក្រសួងពាណិជ្ជកម្ម ។​

​តាម​ការបញ្ជាក់​របស់​លោក ឡុង កែម​វិចិត្រ ឯកអគ្គរាជទូត និង​ក្រុមការងារ​ស្ថាន​បេសកកម្ម អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការ WTO ដែល​បាន​ចូលរួម​ប្រជុំ​ចរចា​ផ្ទាល់​នៅ​ទីនោះ បាន​រាយ ការណ៍ ពី​វឌ្ឍនភាព​ចុងក្រោយ លើ​ប្រធានបទ​សំខាន់ៗ និង​បញ្ហា​នានា ដែល​សមាជិក​អង្គការ WTO កំពុង​ចរចា និង​លទ្ធផល​រំពឹងទុក ក្នុងនោះ​រួមមានៈ ការឆ្លើយតប របស់​អង្គការ WTO ចំពោះ​វិបត្តិ​ជំងឺ​រាតត្បាត​ការលើកលែង ពាក់ព័ន្ធ​នឹង​ទិដ្ឋភាព នៃ​កម្មសិទ្ធិបញ្ញា ទាក់ទង​នឹង​ពាណិជ្ជកម្ម (TRIPs Waiver) ការ​ស្តុក​ទុក​ស្បៀងអាហារ​សាធារណៈ កម្មវិធី​ស្បៀងអាហារ​ពិភពលោក ការចរចា​ស្តីពី​កសិកម្ម និង​ឧបត្ថម្ភ​ធន​ជលផល កំណែទម្រង់​អង្គការ WTO ការចរចា​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។
​ជាមួយគ្នានេះ តំណាង​មកពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក៏បាន​ជម្រាប​អង្គប្រជុំ​ពាក់ព័ន្ធ​នឹង ប្រធានបទ កិច្ច​សម្រួល​ការវិនិយោគ​ផងដែរ​។

​ក្នុង​កិច្ចប្រជុំ​នេះដែរ លោក​ឯកអគ្គរាជទូត បាន​បញ្ជាក់ថា អង្គការ WTO កំពុង​បន្ត​ប្រជុំ​ចរចា យ៉ាង​មមាញឹក មុន​កិច្ចប្រជុំ MC12 ដើម្បី​អាច​សម្រេចបាន នូវ​លទ្ធផល​ជា​ដុំកំភួន ហើយ ទោះបីជា​ការចរចា​លើ​ប្រធានបទ​មួយចំនួន អាច​នឹងមិន​បញ្ចប់​បាន ក្នុងអំឡុងពេល​កិច្ចប្រជុំ MC12 សមាជិក នឹង​សម្រេច​ឱ្យមាន​សេចក្តីប្រកាស​ពហុភាគី សម្រាប់​កិច្ចប្រជុំ MC12 (Multilateral MC12 Declaration) នេះ​ផងដែរ​។

​ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់​បន្ថែមថាៈ ជា​កិច្ចបញ្ចប់ លោក​ប្រធាន​អង្គប្រជុំ បាន​ថ្លែង អំណរគុណ ដល់​តំណាង​អន្តរក្រសួង​-​ស្ថាប័ន ដែល​បាន​ចូលរួម​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់ នេះ និង​បាន​ស្នើឱ្យ​ក្រុមការងារ ស្ថាន​បេសកកម្ម បន្ត​រាយការណ៍​ជូន​បន្ថែម​ពី​វឌ្ឍនភាព ក៏ដូចជា លទ្ធផល​នៃ​ការប្រជុំ​ចរចា​ជា​បន្តបន្ទាប់ និង​ពិភាក្សា​ជាមួយ ក្នុង​ក្រុមការងារ​ក្នុងស្រុក លើ​វឌ្ឍនភាព នៃ​ការចរចា នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។​

​កិច្ចប្រជុំ​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​១២ គ្រោង​នឹង​ប្រព្រឹត្តទៅ ពីថ្ងៃ​ទី​១២ ដល់​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២២ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ហើយ​លោក​រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម នឹង​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ចូលរួម​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​នេះ​៕/V​