ដោយៈមុនីរ័ត្ន/ភ្នំពេញៈ​អង្គការ​សភា​អន្តរជាតិ​ដើម្បី​ភាព​អត់​ឳ​ន​និង​សន្តិភាព (International Parliament for Tolerance and Peace-IPTP)បាន​ចូលរួម​សង្កេតការណ៍ បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ នីតិកាល​ទី​៥ ឆ្នាំ ២០២២​។​បន្ទាប់ពី​បាន​ចូលរួម​សង្កេត​ដោយ​ផ្ទាល់​អង្គការ​នេះ​បានបញ្ជាក់ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​ប្រកបដោយ​សន្តិវិធី សេរីភាព យុត្តិធម៌ សម្ងាត់ និង​ដែល​អាច​ជឿទុកចិត្ត​បាន ។​

ក្នុង​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃទី​៦​ខែមិថុនា​អង្គការនេះបានបញ្ជាក់​ថា ​យើង​សូម​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ពិសេស គ​.​ជ​.​ប ក្នុងការ​ធានាបាន​នូវ​សុវត្ថិភាព និង​សន្តិសុខសម្រាប់​អ្នកបោះឆ្នោត សមាជិក​គណបក្សនយោបាយ បុគ្គលិក​បោះឆ្នោត អ្នកសារព័ត៌មាន និង​អ្នកសង្កេតការណ៍​ជាតិ​និង​អន្តរជាតិ នៅមុន​ពេល អំឡុងពេល និង​ក្រោយពេល​បោះឆ្នោត​។ គណៈប្រតិភូ​នៃ​អង្គការ IPTP រួមជាមួយ​តំណាង​មកពី​បណ្តា​គណបក្សនយោបាយ និង​អង្គការ​សង្គម​ស៊ីវិល ក៏បាន​សង្កេតការណ៍​ដំណើរការ​រាប់​សន្លឹកឆ្នោត​នេះ​ផងដែរ​។​

​គណៈប្រតិភូ​អង្គការ IPTP សូម​អបអរសាទរ រាជរដ្ឋាភិបាល​កម្ពុជា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​ប្រជាពលរដ្ឋ​កម្ពុ​ជាជាង​៩​លាន​នាក់​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ចំពោះ​ការរៀបចំ​ដ៏​ជោគជ័យ​នូវ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​ប្រកបដោយ​សន្តិវិធី សេរីភាព យុត្តិធម៌ សម្ងាត់ និង​ដែល​អាច​ជឿទុកចិត្ត​បាន ។

​យើងខ្ញុំ​អាចធ្វើ​ជា​សាក្សី​ចំពោះ​បំណងប្រាថ្នា​ដ៏​ស្មោះស្ម័គ្រ​របស់​អ្នកបោះឆ្នោត ក្នុងកា​ប្រើប្រាស់​នូវ​សិទ្ធិ​ក្នុងការ​បញ្ចេញមតិ​រប​ស់​ពួកគាត់​តាមបែប​សន្ដិវិធី និង​ដោយ​ផ្អែកលើ​គោលការណ៍​ប្រជាធិបតេយ្យ​។

​យើងខ្ញុំ​ក៏បាន​ជួប​សន្ទនា​ជាមួយ​អ្នកបោះឆ្នោត​មួយចំនួន​នៅតាម​ការិយាល័យ​បោះឆ្នោត​មួយចំនួន និង​បាន​ស្វែងយល់ថា​ព័ត៌មាន​មួយចំនួន​ពាក់ព័ន្ធ​ទៅនឹង​ការបោះឆ្នោត និង​សិទ្ធិ​របស់​អ្នកបោះឆ្នោត ត្រូវបាន​ផ្សព្វផ្សាយ​ទៅដល់​សាធារណជន​ផ្ទាល់​។​

​សេចក្តី​បន្តថា​កាលពី​ថ្ងៃទី​៤​ខែមិថុនា​កន្លងទៅនេះ​គណៈប្រតិភូ​អង្គការ​IPTP​បាន​ជួប​សម្តែង​ការគួរសម​ជាមួយ សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​បាន​ស្តាប់​ការពន្យល់​សង្ខេប​អំពី​ដំណើរការ​បោះឆ្នោត ដែល​បាន​ធ្វើឡើង​ដោយ​តំណាង​អញ្ជើញ​មកពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​វាគ្មិន​ផ្សេងៗ​ស្តីពី​ដំណើរការ​និង​និតិ​វិធី​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ក៍​ដូចជា​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ផងដែរ​។​

​នៅ​ថ្ងៃ​បោះឆ្នោត ដែល​ត្រូវ​នឹង​ថ្ងៃទី​៥ ខែ មិថុនា ឆ្នាំ ២០២២ គណៈប្រតិភូ អង្គការ IPTP បានធ្វើ​ទស្សនកិច្ច​នៅ​ការិយាល័យ​បោះឆ្នោត​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​។ យើង​មានការ​ចាប់អារម្មណ៍​ចំពោះ​ចំនួន​អ្នកចូលរួម​បោះឆ្នោត​ដ៏​ច្រើន ហើយ​យើង​សង្កេតឃើញថា​ប្រជាពលរដ្ឋ​បាន​ចេញមក​បោះឆ្នោត​ដោយ​សេរី និង​សម្ងាត់​។

​សំខាន់​ជាងនេះទៅទៀត អ្នកបោះឆ្នោត​ហាក់ដូច​ជាមាន​អារម្មណ៍​រំភើប​និង​សប្បាយរីករាយ​ក្នុងការ​ចូលរួម​ក្នុង​ដំណើរការ​បោះឆ្នោត​នេះ ។ យើង​សង្កេតឃើញថា​ពុំមាន​សញ្ញា​នៃ​ការគំរាមកំហែង ការគាបសង្កត់ និង​អំពើហិង្សា​ណាមួយ​ឡើយ​។ ក្រៅពីនេះ បុគ្គលិក​បោះឆ្នោត ត្រូវបាន​ជ្រើសរើស​តាមរយៈ​ដំណើរការ​មួយ​ដែលមាន​តម្លាភាព​និង​ភាព​ប្រកួតប្រជែង ហើយ​ពួកគេ​បាន​បំពេញការងារ​ប្រកបដោយ​សុចរិត​ភាព និង​វិជ្ជាជីវៈ​។​

​ជាការ​ពិតណាស់យើងខ្ញុំ​សង្កេតឃើញថា គ​.​ជ​.​ប បាន​អនុវត្តតាម​នីតិវិធី​ជាច្រើន ស្របតាម​គោលការណ៍​ណែនាំ​អន្តរជាតិ​។ យ៉ាងណាមិញ យើងខ្ញុំ​សូម​ជូន​យោបល់​ទៅ គ​.​ជ​.​ប ថា​គួរផ្តល់​ការបណ្តុះបណ្តាល​បន្ថែម​ដល់​មន្ត្រី​នៅ​ការិយាល័យ​បោះឆ្នោត​ដោយ​ផ្អែក​ការបង្ហាត់បង្ហាញ​និង​ការអនុវត្ត​ផ្ទាល់ គួរផ្តល់​ភាពងាយស្រួល​ដល់​ជនពិការ និង​អ្នក​ដែល​ត្រូវការ​ជំនួយ​ជាពិសេស ក៏ដូចជា​ការបង្ហាញ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​នៅលើ​ជញ្ជាំង ឬ​ក្តារ​នៅ​ការិយាល័យបោះឆ្នោត​។​

​គួររំលឹកថា តប​តាម​ការអញ្ជើញ​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) តាមរយៈ​វេទិកា​សម្ព័ន្ធ សង្គម​ស៊ីវិល គណៈប្រតិភូ​សង្កេតការណ៍​បោះឆ្នោត​មកពី​អង្គការ​សភា​អន្តរជាតិ​ដើម្បី​ភាព​អត់​ឳ​ន​និង​សន្តិភាព (International Parliament for Tolerance and Peace-IPTP) ដឹកនាំ​ដោយ​ឯកឧត្តម Shamsul Iskandar Bin Mohd Akin បាន​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ នីតិកាល​ទី​៥ ឆ្នាំ ២០២២៕​សរន