​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ចិន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​៧ ខែ​មិថុនា​ថា​យោធា​របស់​ខ្លួន​បាន​កំណត់​អត្តសញ្ញាណ​យន្តហោះ​យោធា​អូស្ត្រាលី​ហើយ​បាន​ព្រមាន​ពួកគេ​ឱ្យ​ចាកចេញ​​បន្ទាប់​ពី​អូស្ត្រាលី​បាន​និយាយថា​យន្តហោះ​ចម្បាំង​ចិន​បាន​ហោះ​ស្ទាក់​យន្តហោះ​ស៊ើបការណ៍​យោធា​មួយ​របស់​អូស្ត្រាលី​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​

​លោក តាន់ កេ​ហ្វៃ (Tan Kefei) អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិចិន​បាន​និយាយថា យន្តហោះ​យោធា​អូស្ត្រាលី​បាន​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​អធិបតេយ្យ​ភាព និង​សន្តិសុខ​របស់​ចិន​ហើយ​​វិធានការ​តប​តរបស់​យោធា​ចិន​គឺ​សម​ហេតុផល​និង​ស្រប​ច្បាប់​។​

​ក្រសួង​ការពារជាតិ​អូស្ត្រាលី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​យន្តហោះ​ចម្បាំង​ចិន​មួយ​គ្រឿង​បាន​ហោះ​ស្ទាក់​យន្តហោះ​ស៊ើបការណ៍​យោធា​អូស្ត្រាលី​យ៉ាង​គ្រោះថ្នាក់​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​​កាលពី​ខែ​ឧសភា​។​

​កាលពី​ថ្ងៃ​ចន្ទ ទីក្រុង​ប៉េកាំង​បាន​ព្រមាន​អូស្ត្រាលី​ឱ្យ “​ធ្វើ​សកម្មភាព​ដោយ​ប្រយ័ត្នប្រយែង​” ឬ​មិន​អ៊ីចឹង​ទេ​ត្រូវ​ប្រឈម​មុខ​នឹង “​ផលវិបាក​ធ្ងន់ធ្ងរ​”​បន្ទាប់​ពី​ទីក្រុង​កង់​បេរ៉ា​បានចោទប្រកាន់​ថា​យន្ត​​ហោះ​ចម្បាំង​របស់​ចិន​បាន​ហោះ​ស្ទាក់​យន្តហោះ​ចារកម្ម​មួយ​របស់​ខ្លួន​យ៉ាង​គ្រោះថ្នាក់​នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង​។​

​អូស្ត្រាលី​បាន​អះអាងថា វា​មិនមែន​ជា​រឿង​ចម្លែក​ទេ​ដែល​ខ្លួន​ធ្វើ​ការហោះហើរ​ឃ្លាំ​មើល​នៅ​សមុទ្រ​ចិន​ខាងត្បូង ជា​តំបន់​មួយ​ដែល​ក្រុង​ប៉េកាំង​ទទូច​ថា​ស្ថិត​នៅក្រោម​ដែន​គ្រប់គ្រង​របស់​ខ្លួន បើទោះបីជា​មាន​ការសម្រេច​របស់​ក្រុងឡាអេ ឆ្នាំ ២០១៦ ដែល​ច្រាន​ចោល​ការអះអាង​សិទ្ធិ​កាន់កាប់​របស់​ចិន​ក៏​ដោយ​៕

​យន្តហោះ​ស៊ើបការណ៍ P-8 របស់​អូស្ត្រាលី​ត្រូវបាន​ហោះ​ស្ទាក់​ដោយ​យន្តហោះ​ចម្បាំង​ចិន J-16 នៅលើ​សមុទ្រ​ចិន​ខាងត្បូង​កាលពី​ខែ​ឧសភា​