​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ វៀតណាម​កាលពី​ថ្ងៃ​អង្គារ​ទី​០៧​មិថុនា​បាន​ចាប់ខ្លួន​រដ្ឋមន្ត្រី​សុខាភិបាល​របស់​ខ្លួន និង​មេដឹកនាំ​ក្រុង​ហាណូយបន្ទាប់​ពី​អ្នក​ទាំង​ពីរ​ត្រូវ​បាន​បណ្តេញចេញ​ពី​សមាជិក​បក្ស​​ចំពោះ​ការរំលោភច្បាប់​បក្ស​កុំម្មុយនីស្ត​និង​បង្ក​ការខាតបង់​ថវិការដ្ឋ​ពាក់ព័ន្ធ​នឹង​គំរោង​រក​ក្រុមហ៊ុន​ឯកជន​មួយ​អោយ​ផ្គត់ផ្គង់​ឧបរណ៍​តេស្តិ៍​កូវី​ដ​១៩​ដល់​បណ្តា​មន្ទីរពេទ្យ​រដ្ឋ​។​

​រដ្ឋ​មន្ត្រី​សុខាភិបាល​លោក ង្វៀន ថាញ់ ឡុង (Nguyen Thanh Long)​និង​អភិបាល​ក្រុង​ហាណូយ​លោក​ជូ ង៉ុក អាញ់​(Chu Ngoc Anh)​ទើប​ត្រូវ​បាន​បណ្តេញចេញ​ពី​បក្ស និង​តំណែង​រដ្ឋមន្ត្រី​និង​ប្រ​​ធាន​គណៈកម្មាធិការ​ប្រជាជន​ក្រុង​ហាណូយ​រៀងៗ​ខ្លួន​។​ការចាប់ខ្លួន​ពួកគេ​កើតឡើង​ចំ​ពេល​បក្ស​និង​រដ្ឋាភិបាល​វៀតណាម​បង្កើន​យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយ​មួយ​ដែល​បាន​ចាប់ផ្តើម​កាលពី​ឆ្នាំ​២០១៦​។​

​មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់​វៀតណាម​រាប់សិប​នាក់​ក៏​ត្រូវបាន​ចាប់ខ្លួន​នៅ​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ដោយ​រង​ការចោទប្រកាន់​ប្រព្រឹត្ត​កំហុស​ក្នុង​ការស្វែងរក​គ្រឿង​បរិក្ខា​វេជ្ជសាស្ត្រ​សំរាប់​ផ្គត់ផ្គង់មន្ទីរពេទ្យ​ឬ​ម​ជ្ឈ​​មណ្ឌល​សុខភាព​របស់​ខ្លួន រួម​មាន​ឧបករណ៍​តេ​ស្តិ៍​រក​កូ​វីដ​១៩​។​

​មន្ត្រី​ហិរញ្ញ​វត្ថ​និង​ការទូត​ជាន់ខ្ពស់​មួយចំនួន​ក៏​ជា​គោលដៅ​ស៊ើបអង្កេត​និង​ចាប់ខ្លួន​មុន​កាត់ទោសផងដែរ​។​

​សភាជាតិ​វៀតណាម កាលពី​ថ្ងៃ​អង្គារ​បាន​បោះឆ្នោត​ដក​លោក​ឡុង អាយុ​៥៥​ឆ្នាំ ពីមុខ​តំណែង​រដ្ឋមន្ត្រី​សុខាភិបាល តំណែង​ដែល​លោក​កាន់កាប់​ចាប់តាំងពី​ឆ្នាំ​២០២០​មក​។​លោក​ឡុង ត្រូវបាន​ចោទ​ប្រ​​កាន់​ថា​គ្រប់គ្រង​ខុស​និង​សម្រួល​អោយ​ក្រុមហ៊ុន​ឯកជន​មួយ​បំប៉ោង​ថ្លៃ​ឧបករណ៍​តេស្តិ៍​កូវី​ដ​១៩​របស់ខ្លួន នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​។​

​ក្រុមប្រឹក្សា​ប្រជាជន​ទីក្រុង​ហាណូយ កាលពី​ថ្ងៃ​អង្គារ​ក៏​បាន​បើក​កិច្ចប្រជុំ​និង​បាន​សំរេច​ជា​ឯកច្ឆន្ទ​បណ្តេញ​លោក អាញ់​ចេញពី​ប្រធាន​ក្រុង​ហាណូយ ក្រោយ​កាន់តំណែង​នេះ​ចាប់ពី​ខែ​កញ្ញា​ឆ្នាំ​២០២០​មក​។​

​ឡុង​និង​អាញ់​ក៏​ត្រូវ​បាន​បណ្តេញចេញ​ពី​គណបក្ស​កុំម្មុយនីស្ត​វៀតណាម​កាល​ពី​ថ្ងៃ​ចន្ទ ។​

​រដ្ឋាភិបាល​បាន​និយាយថា លោក​ឡុង​និង​អាញ់បាន​«​ធ្លាក់ចុះ​…​មនោគមវិជ្ជា​នយោបាយ រំលោភ​ច្បាប់​បក្ស​និង​បង្ក​ការខាតបង់​ថវិការដ្ឋ​»​។​

​បើ​តាម​សារព័ត៌មាន​វៀតណាម​អ្នក​ទាំង​ពីរ​នាក់​ប្រឈម​ការចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត​ខុស​ទាក់ទង​នឹង​រឿង​អាស្រូវ​ក្រុមហ៊ុន​បច្ចេកវិទ្យា​Viet A Technologies Company​។​

​កាលពី​ពេល​ថ្មី​វៀតណាម​ក៏​បាន​ចាប់​បុគ្គល​សំខាន់ៗ​ខ្លះ រួមមាន​លោក​ផាន គួ​ក វៀត ( Phan Quoc Viet)​អតីត​អគ្គនាយក​ក្រុមហ៊ុន​Viet A​។​បុរស​នេះ​ប្រឈម​ការចោទប្រកាន់​ថា​ផ្តល់​សំណូក​ដល់​មន្ត្រី​ដើម្បី​លក់​ឧបករណ៍​តេស្តិ៍​កូ​វីដ​ទៅ​អោយ​មន្ទីរពេទ្យ​និង​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​តាម​ខេត្ត​ក្នុង​តំលៃ​ខ្ពស់ជាង​ថ្លៃ​ផលិត​ខ្លាំង ដោយ​ក្រុមហ៊ុន​រកចំណូលបាន​១៧២​លាន​ដុល្លារ ក្នុងនេះ​៣៤​លាន​ចំណាយ​លើ​ការ​សូកប៉ាន់​ពួក​មន្ត្រី​៕

​រដ្ឋ​មន្ត្រី​សុខាភិបាល​លោក ង្វៀន ថាញ់ ឡុង​និង​អភិបាល​ក្រុង​ហាណូយ​លោក​ជូ ង៉ុក អាញ់​​ទើប​ត្រូវ​បាន​បណ្តេញចេញ​ពី​បក្ស និង​តំណែង​រដ្ឋមន្ត្រី​និង​ប្រ​​ធាន​គណៈកម្មាធិការ​ប្រជាជន​ក្រុង​ហាណូយ​រៀងៗ​ខ្លួន​