ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ សហរដ្ឋ​អាម៉េរិក​បានឈ្នះ​ការតស៊ូ​តាម​ផ្លូវច្បាប់​កាលពី​ថ្ងៃ​អង្គារ​ទី​៧​មិថុនា​ដើម្បី​រឹបអូស​យក​នាវា​ទំនើប​ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី​នៅក្នុង​ប្រទេស​ហ្វី​ជី​ហើយ​មិន​​បាន​ខ្ជះខ្ជាយ​ពេលវេលា​យូរ​ក្នុង​ការគ្រប់គ្រង​នាវា​តម្លៃ ៣២៥ លាន​ដុល្លារ​នេះ​ទេ ហើយ​បើ​កវា​ចេញពី​ប្រទេស​ប៉ាស៊ីហ្វិក​ខាងត្បូង​នេះ​ភ្លាម​តែម្តង​។​

​សេចក្តីសម្រេច​របស់​តុលាការ​គឺ​តំណាង​ឱ្យ​ជ័យជម្នះ​ដ៏​សំខាន់​មួយ​សម្រាប់​សហរដ្ឋ​អាម៉េរិក​ខណៈ​ប្រទេស​នេះ​ជួប​ប្រទះ​នឹង​ឧបសគ្គ​ជាច្រើន​ក្នុង​ការប៉ុនប៉ង​រឹបអូស​ទ្រព្យសម្បត្តិ​របស់​ពួក​អភិជន​រុស្ស៊ី​​នៅ​ជុំវិញ​ពិភពលោក​។ ខណៈ​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនោះ​ត្រូវបាន​ស្វាគមន៍​ដោយ​ប្រទេស​ភាគច្រើន​ដែល​ប្រឆាំង​នឹង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​នសកម្មភាព​មួយចំនួ​ន​បាន​សាកល្បង​ដែន​កំណត់​នៃ​​យុត្តាធិការ​របស់​អាម៉េរិក​នៅ​បរទេស​។​

​នៅ​ប្រទេស​ហ្វី​ជី តុលាការ​កំពូល​របស់​ប្រទេស​នេះ​បាន​ដកចេញ​នូវ​បទបញ្ជា​ស្នាក់នៅ ដែល​បាន​រារាំង​សហរដ្ឋ​អាម៉េរិក​ពី​ការ​រឹបអូស​យក​នាវា​កម្សាន្ត​ដ៏​ប្រណីត​ឈ្មោះ Amadea ។​

​ប្រធាន​ចៅក្រម​លោក កា​ម៉ាល់ កុមារ (Kamal Kumar)​បាន​សម្រេច​ថា ដោយ​ផ្អែក​លើ​ភស្តុតាង​នានា ឱកាស​របស់​មេធាវី​ដើម្បី​ការពារ​ក្តី​ប្តឹង​ឧទ្ធរណ៍​ដែល​តុលាការ​កំពូល​នឹង​សម្រេច​គឺ​”​មាន​តិច​​តួ​ចណាស់​”​។​

​លោក​កុមារ​បាន​និយាយថា លោក​ទទួល​យក​ទឡ្ហីករណ៍​ជា​ហូរហែ​ថា ការ​រក្សាទុក​នាវា​ទំនើប​ដែល​ចត​នៅ​ហ្វី​ជី​នៅឯ​កំពង់ផែ​លូ​តូ​កា (Lautoka) គឺ “​បង្ក​ការខាតបង់​យ៉ាងច្រើន​ដល់​រដ្ឋាភិបាល​ហ្វី​ជី​”​។​

​ចៅក្រម​បាន​រកឃើញថា “​ការពិត​ដែលថា​អាជ្ញាធរ​អាម៉េរិក​បាន​អនុវត្ត​ការបង់ប្រាក់​ដែល​បាន​ចំណាយ​ដោយ​រដ្ឋាភិបាល​ហ្វី​ជី​គឺ​មិន​ពាក់ព័ន្ធ​ទាំង​ស្រុង​ទេ​”​។ លោក​បាន​និយាយថា នាវា Amadea”​បាន​បើក​​ចូលទៅ​ក្នុង​ដែនទឹក​ហ្វី​ជី​ដោយ​គ្មាន​ការអនុញ្ញាត​ណាមួយ​ឡើយ ហើយ​ភាគច្រើន​ទំនង​ជា​ដើម្បី​គេច​ពី​ការកាត់ទោស​ដោយ​សហរដ្ឋអាម៉េរិក​៕

​នាវា Amadea ចូល​ចត​នៅ​ហ្វី​ជី​កាលពី​ថ្ងៃទី​១៣​មេសា​ឆ្នាំ​២០២២