ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ នៅ​ថ្ងៃទី​៧ មិថុនា ម្សិលមិញ​នេះ លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក ហួត សេង​ទ្រី ប្រធាន​នាយកដ្ឋាន​រៀបចំ និង​គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡា​បាន​អញ្ជើញ​ចូលរួម​ប្រកាស ពី​ធិ​បើក​វគ្គ​បំ​ប៉​សមត្ថភាព ស្តីពី​ការរៀបចំ និង​គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡា នៅ​សាលប្រជុំ​ធំ មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ក្រោម​ការរៀបចំ​ដោយ​នាយកដ្ឋាន​រៀបចំ និង​គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡា​។

​វគ្គ​បំប៉ន​នេះ មាន​រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២០ ដោយមាន​ការចូលរួម​សិក្សា​ពី​សំណាក់ អគ្គលេខាធិការ និង​មន្ត្រី​បច្ចេកទេស​របស់​សហព័ន្ធ​កីឡា​ជាតិ ចំនួន​៤៨ សហព័ន្ធ និង​គណៈកម្មាធិការ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ដែលមាន​សិក្ខាកាម​ចំនួន ៨៦ នាក់​។

​លោក ហួត សេង​ទ្រី បាន​និយាយថា​: វគ្គ​នេះ ធ្វើឡើង​ដើម្បី​បំប៉ន​ដល់​សហព័ន្ធ​កីឡា​ជាតិ និង​មន្ត្រី​គណៈកម្មការ អនុគណៈកម្មការ ពាក់ព័ន្ធ​ការប្រកួត ក្នុងការ​ត្រៀម​ចូលរួម​ការប្រកួត កីឡា​និស្សិត​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស ថ្នាក់ជាតិ​ឆ្នាំ​២០២២ និង​ព្រឹត្តិការណ៍​កីឡា​ជាតិ លើក​ទី​៣ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ​២០២២ ខាងមុខ ។

​លោក​ប្រធាន​នាយកដ្ឋាន បាន​បន្តថា​: វគ្គ​បំប៉ន​ស្តីពី​ការរៀបចំ​ការប្រកួត និង​ព្រឹត្តិការណ៍​កីឡា​នេះ ពិត​ជាមាន​សារសំខាន់ សម្រាប់​សិក្ខាកាម ដើម្បី​ពង្រឹងសមត្ថភាព និង​បង្កើន​ធនធាន​មន្ត្រី​កីឡា នៅតាម​សហព័ន្ធ​កីឡា​ជាតិ ឲ្យ​ការរៀបចំ មាន​ស្តង់ដា​តែមួយ​ស្របទៅតាម​លក្ខណៈ​ជាតិ និង​អន្តរជាតិ ឲ្យ​មាន​ការយល់​គ្នា រវាង​គណៈកម្មការ​រៀប​ចំការ​ប្រកួត និង​អ្នកដឹកនាំ​ការងារ​បច្ចេកទេស ដើម្បី​រួមគ្នា​ឆ្ពោះទៅ​ការធ្វើជា​ម្ចាស់ផ្ទះ នៃ​ព្រឹត្តិការណ៍​កីឡា SEA GAMES លើក​ទី​៣២ ឆ្នាំ​២០២៣​។

​លោក ប៊ូ ជុំ​សេរី បាន​មានប្រសាសន៍ថា​: វគ្គ​បំប៉ន​នេះ​មាន​សារសំខាន់ ដល់​មន្ត្រី​សហព័ន្ធ​កីឡា​ជាតិ និង​មន្ត្រី​គណៈកម្មការ អនុគណៈកម្មការ ពាក់ព័ន្ធ​ការប្រកួត ក្នុងការ​ពង្រឹងសមត្ថភាព និង​បង្កើន​ធនធាន​មន្ត្រី​កីឡា ឲ្យ​ការរៀបចំ​មាន​ស្តង់ដា​ជាតិ និង​អន្តរជាតិ ចំពោះ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត និង​អ្នកដឹកនាំ​ការងារ​បច្ចេកទេស ដើម្បី​រួមគ្នា​ឆ្ពោះទៅ​ការធ្វើជា​ម្ចាស់ផ្ទះ នៃ​ព្រឹត្តិការណ៍​កីឡា SEA GAMES លើក​ទី​៣២ ឆ្នាំ​២០២៣៕/V​