ដោយ​៖ សុវណ្ណ​កុម្ភៈ /​ភ្នំពេញ​៖ ការ​ដង្ហែ​ពាន​បាល់ទាត់​ពិភពលោក (FIFA World Cup) នៅ​ថ្ងៃទី​១៥ មិថុនា ខាងមុខនេះ គឺជា​ការឆ្លុះបញ្ចាំង​ពី​កត្តា​សន្ដិភាព និង​ការអភិវឌ្ឍន៍​របស់​ក​ម្ពុ​ជា មិនតែប៉ុណ្ណោះ ព្រឹត្តិការណ៍​ដង្ហែ​ពាន​នេះ ក៏​ជួន​គ្នា​នឹង​កម្ពុជា ត្រៀម​ឆ្ពោះទៅ​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ។

​នេះ​ជាការ​លើកឡើង​របស់លោក វ៉ា​ត៉ ចំរើន​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ រៀបចំ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ (CAMSOC) នៅក្រោយ​បញ្ចប់ កិច្ចប្រជុំ​ត្រៀម​ពិធី​ដង្ហែ​ពាន FIFA World Cup ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា នៅ​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២២ ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និង​តំណាង​ក្រុមហ៊ុន​កូកាកូឡា​។

​លោក វ៉ា​ត់ ចំរើន បាន​មានប្រសាសន៍ថា​: តាមរយៈ​សំណើ​របស់ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ឯកភាព​ក្នុងការ​ដង្ហែ​ពានរង្វាន់ FIFA World Cup នេះ​។

​នៅក្នុង​កិច្ចប្រជុំ​នេះ លោក​បណ្ឌិត ថោង ខុន ក្នុងនាម​ប្រធាន​អង្គប្រជុំ នៃ​អន្តរក្រសួង​ពាក់ព័ន្ធ បាន​ណែនាំ​ឲ្យ​គ្រប់​សមាសភាព ត្រៀម​រៀបចំ​លក្ខណៈសម្បត្តិ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ទាំងអស់ ទាំង​ផ្នែក​សន្តិសុខ​សណ្តាប់ធ្នាប់ ពិធី​ដង្ហែ និង​ពិធីការ​។

​លោក​បាន​បន្ថែមទៀតថា​: ពានរង្វាន់​នេះ គឺធ្វើឡើង​ពី​មាស​សុទ្ធ ដែលជា​ពានរង្វាន់​ដើម មាន​ទម្ងន់ ៦,១ គីឡូក្រាម ដោយ​ការ​ដង្ហែ​ពាន នៅ​គ្រប់​ប្រទេស រួមទាំង​កម្ពុជា នាពេលខាងមុខ​ឆាប់ៗ​នេះ គឺ​ដើម្បី​ចូលរួម​អបអរសាទរ ដល់​ការប្រកួត​បាល់ទាត់​ពិភពលោក ជុំ​ផ្តាច់ព្រ័ត្រ ឆ្នាំ​២០២២ នៅ​ទីក្រុង​ឌូ​ហា ប្រទេស​កាតា​។ ការ​ដង្ហែ​ពាន FIFA World Cup នេះ ប្រៀបដូចជា​ការ​ដង្ហែ​ភ្លើង​គប់​អូឡាំពិក​ដែរ ប៉ុន្តែ​ពិធី​ដង្ហែ​នេះ នឹង​ជះឥទ្ធិពល​ល្អ និង​ផ្តល់​ការចាប់អារម្មណ៍ នៅ​ជុំវិញ​ពិភពលោក​។​កត្តា​ដែល​សំខាន់ គឺ​នឹង​ផ្តល់​មហា​កិត្តិយស សម្រាប់​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល នៃ​ប្រទេស​នីមួយៗ ដែល​ទទួលយក​នូវ​ការ​ដង្ហែ​ពានរង្វាន់​នេះ​។ ដូច្នេះ ពាន​នេះ​ឆ្លងកាត់​ប្រទេស​ណា នឹង​ជួយ​លើក​កិត្តិយស នៃ​ប្រទេស​នោះ ហើយក៏​បានផ្តល់​ការគាំទ្រ ចំពោះ​វិស័យ​កីឡាបាល់ទាត់​ផងដែរ ខណៈ​កីឡាករ​បាល់ទាត់ និង​ក្រុម​កីឡាករ កីឡាការិនី ជម្រើសជាតិ​កម្ពុជា នឹង​ចូល​​រួម​ក្នុងជំនួប​នេះដែរ​។

​ពិធី​ដង្ហែ​ពានរង្វាន់ FIFA World Cup នឹង​ផ្តល់​កិត្យានុភាព​ជាតិ លើ​ឆាក​អន្តរជាតិ ហើយក៏​ជាការ​ឆ្លុះបញ្ចាំង​ការពិត ពី​សភាពការណ៍​របស់​កម្ពុជា អំពី​សន្តិភាព និង​ការអភិវឌ្ឍ ព្រមទាំង​បង្ហាញ​ពី​សុខ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​ល្អ ក្នុងការ​ការពារ​ពាន​រង្វាន់​ពិភពលោក​នេះ ដោយ​វា​ត្រូវបាន​តាម​ប្រមាញ់​ដោយ​ជន​សង្គមងងឹត​។

​ពាន​នេះ មាន​ទម្ងន់​ត្រឹមតែ ៦,១ គីឡូក្រាម​ទេ ប៉ុន្តែ​ការធានារ៉ាប់រង លើ​គុណ​តម្លៃ គឺមាន​រហូតដល់ ២០០ លាន​ដុល្លារ​អាម៉េរិក​ឯណោះ​។ បន្ថែម​ពីលើ​នេះ ពាន​នេះ​បាន​ផ្សាភ្ជាប់​អំពី គុណ​តម្លៃ​របស់​មនុស្ស​ជាតិ លើ​ពិភព​​លោក​ទាំងមូល និង​ការអប់រំ​គុណ​តម្លៃ​របស់​បាល់ទាត់​លើ​ពិភពលោក​ផងដែរ​។

​លោក​អគ្គលេខាធិការ បាន​គូស​បញ្ជាក់ទៀតថា​: ពិធី​ដង្ហែ​ពាន​ដ៏​មាន​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ ក្រោម​ការ អនុញ្ញាត ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក្រសួង​អប់រំ យុវជន និង​កីឡា សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើ​ឲ្យ​អស់ ពី​លទ្ធភាព ដើម្បី​ជំរុញ​ឲ្យ​ព្រឹត្តិការណ៍​នេះ ដំណើរការ​​ដោយ​សុវត្ថិភាព និង​កិត្តិយស សេចក្តីថ្លៃថ្នូ​របស់​ជាតិ​។​វា​ជា​ឱកាស​ដ៏​ល្អ ក្នុងការ​កៀរគរ​ការគាំទ្រ​បន្ថែម ពី​អន្តរជាតិ ចំពេល​ដែល​ព្រះរាជាណាចក្រ​កម្ពុជា ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង​។ ដូច្នេះ​អ្វីដែល​យើង​ខិតខំ​ធ្វើ នាពេលនេះ គឺ​ដើម្បី​បំពេញបន្ថែម នូវ​អត្ថន័យ នៃ​ដំណើរ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម ២០២៣ ឲ្យ​ទទួលបាន​ជោគជ័យ ទៀតផង​។

​សូមបញ្ជាក់ថា នេះ​ជា​ព្រឹត្តិការណ៍​ដំណើរ​ទេសចរណ៍​ពានរង្វាន់​បាល់ទាត់​ពិភពលោក FIFA World Cup ឆ្លងកាត់​កម្ពុជា ជា​លើកដំបូង​។ តាម​គម្រោង ពានរង្វាន់​ពិភពលោក​នេះ នឹងត្រូវ​ដឹក​តាម​ជើងហោះហើរ​ពិសេស​ឯកជន របស់​ក្រុមហ៊ុន​កូកាកូឡា ដែល​នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ វេលា​ម៉ោង ៩ ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២២ រួច​ដង្ហែ​មក​វិមាន​សន្តិភាព ហើយ​នៅពេល​រសៀល នឹងដាក់​តាំងពិព័រណ៍​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ឲ្យ​មហាជន​ចូលរួម​ទស្សនា និង​ថតរូប​អនុស្សាវរីយ៍ រហូតដល់​ម៉ោង ១០ យប់ ដោយមាន​តន្ត្រីសម័យ លេង​កំដរ​ផងដែរ​៕/V​