​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម ប្រភេទ​កីឡា​ប៉េតង់ ស៊ីន វង់ នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​វៀតណាម ប្រកាសថា រូបគេ នឹង​ការពា​តំណែង​ជា​ម្ចាស់​មេដាយមាស​នេះ ឲ្យ​បាន​នៅពេលដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម នា​ឆ្នាំ​២០២៣ ។

​កីឡាករ​រូបនេះ បាន​ឲ្យ​ដឹងថា ខ្លួន​ពិតជា​រំភើប​រីករាយ​ខ្លាំង ក្រោយ​ចាប់​គូ​ជាមួយ​កីឡាការិនី វង ចន្ថា ដណ្ដើមបាន​មេដាយមាស ១​គ្រឿង លើ​វិញ្ញាសា​គូ​បុរស​នារី នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម នៅ​ប្រទេស​វៀតណាម កាលពីពេល​ថ្មីៗ ទោះបី​ខ្លួន​មិន​ធ្លាប់​រំពឹងថា អាច​ធ្វើបាន​ដូច្នេះ​ឡើយ​។

​ស៊ីន វង់ បាន​បន្ដថា​: នេះ​ជា​លើកដំបូង​ហើយ ដែល​ខ្ញុំ​បាន​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម បន្ទាប់ពី​រូបគេ បាន​ចូល​ហាត់ និង​លេង​កីឡា​នេះ តាំងពី​អាយុ ១០​ឆ្នាំ​។ គេ​ពិតជា​រំភើប​ខ្លាំង ដែល​អាច​សម្រេច នូវ​ក្ដី​ស្រមៃ​របស់គេ​ទោះបី​កន្លងមក រូបគេ មិន​រំពឹងថា ខ្លួន​អាច​ដណ្ដើមបាន​នូវ​កិត្តិយស​ដ៏​ធំធេង​មួយ ជូន​ជាតិ​បែបនេះ​ក៏ដោយ​។

​ស៊ីន វង់ បាន​បន្តទៀតថា​: ទម្រាំ​អាច​ឈ្នះ​មេដាយមាស មួយ​នេះ ខ្ញុំ​បាន​ខំប្រឹង​ហ្វឹកហាត់​ខ្លាំង ទាំង​ព្រឹក ទាំង​ល្ងាច ទោះបី​អាកាសធាតុ បែបណាក៏ដោយ​។ អ្វីដែល​រូបគេ សប្បាយចិត្ត​ទៀត​នោះ ក្រៅពី​ការអបអរសាទរ និង​លើកទឹកចិត្ត​របស់​ថ្នាក់ដឹកនាំ និង​បងប្អូន​ទូទាំងប្រទេស គឺ​ខ្ញុំ​បានធ្វើ​ឲ្យ​គ្រួសារ​របស់ខ្ញុំ ក៏ដូចជា​អ៊ុ ពូ មីង នៅ​ភូមិកំណើត​របស់ខ្ញុំ សប្បាយចិត្ត និង​មាន​មោទកភាព ចំពោះ​សមិទ្ធផល​របស់ខ្ញុំ​មួយ​នេះ​» ។

​ស៊ីន វង់ បាន​អះអាងថា​: សម្រាប់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ក្នុងនាម​ខ្ញុំ​ជា​ម្ចាស់​មេដាយមាស រូបគេ​នឹង​បង្កើន​ការ​ខំប្រឹង​ហ្វឹកហាត់​ទ្វេដង និង​កាន់តែខ្លាំង​ថែមទៀត ដើម្បី​ការពារ​មេដាយមាស ក្នុងនាម​ម្ចាស់ផ្ទះ​ក៏ដូចជា ត្រៀម​ការប្រកួត​ផ្សេងៗ ដើម្បី​ឆ្ពោះទៅ​ដណ្ដើម​មេដាយ និង​កិត្តិយស​ជូន​ជាតិ ជា​បន្ដបន្ទាប់​ទៀត នាពេលខាងមុខ​។

​ស៊ីន វង់ បាន​ចូល​ហ្វឹកហាត់​កីឡា​ប៊ូល និង​ប៉េតង់​តាំងពី​វ័យ​១០​ឆ្នាំ​។ ដោយមាន​ការជំរុញ និង​លើកទឹកចិត្ត​ពី​ឪពុក​-​ម្ដាយ រូបគេ​ក៏បាន​ប្រកប​អាជីព​កីឡា​នេះ រហូតមកទល់​បច្ចុប្បន្ន​។ ឆ្នាំ​២០១៧ គឺជា​ឆ្នាំ​ដំបូង ដែល​រូបគេ​បាន​ជាប់​ជម្រើសជាតិ និង​ចាប់​ផ្ដើមចេញ​ប្រកួត​លើ​ឆាក​អន្ដរជាតិ ប៉ុន្តែ​ពុំទាន់​ទទួលបាន​លទ្ធផល​ល្អប្រសើរ​នោះទេ​។

​នៅ​ឆ្នាំ​២០១៨ សហព័ន្ធ បាន​បញ្ជូន​រូបគេ ចូលរួម​ប្រកួត​ក្របខណ្ឌ​កីឡា​និស្សិត​អាស៊ាន នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ដោយ​ដណ្ដើមបាន​មេដាយមាស ១​គ្រឿង និង​ប្រាក់ ១​គ្រឿង​។ រហូតដល់​ឆ្នាំ​២០២២ គឺជា​ឆ្នាំ​ដ៏​ជោគជ័យ​របស់​ស៊ីន វង់ បន្ទាប់ពី​សហព័ន្ធ បញ្ជូន​រូបគេ ចូលរួម​ប្រ​កួត​កីឡា​ស៊ី​ហ្គេម លើកដំបូង លើ​វិញ្ញាសា​វាយ​គូ​បុរស​-​នារី ដោយ​ចាប់ដៃ​ជាមួយ​កីឡាការិនី វង ចន្ថា ហើយ​ដណ្ដើមបាន​មេដាយមាស តែម្ដង​៕/V​