ដោយៈ ចាន់តូ / ភ្នំពេញ​: រថយន្ត masda មួយគ្រឿង ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្សី ក្នុងទិសដៅ​ពី​ខាងកើត មក​ខាងលិច លុះ​មកដល់​ចំណុច​លើ​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ក៏បាន​អស់​ប្រេង ឈប់​នៅលើ​ស្ពាន ធ្វើ​ឲ្យ​មានការ​កកស្ទះ ខណៈ​មេឃ​កំពុង​ភ្លៀង ក៏មាន​រថយន្ត មួយគ្រឿង​ទៀត ឈប់​ពីក្រោយ ត្រូវ​ម៉ូតូ​បុក​ពីក្រោយ​រថយន្ត បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ កាលពី វេលា​ម៉ោង ៧​និង​៣០​នាទី យប់​ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២២ នៅ​ចំណុច​លើ​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

​តាម​ប្រភពពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មាន​រថយន្ត​មួយគ្រឿង ម៉ាក​ម៉ាស​ស្ដារ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AI- 4774 អស់​ប្រេង (​ម៉ា​ស៊ូ​ត​) ឈប់​កណ្ដាល​ស្ពាន ហើយ​ក៏មាន​រថយន្ត​មួយគ្រឿង​ទៀត ម៉ាក លុច​ស៊ី​ស NX200T ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2BG-5275 ធ្វើដំណើរ​មក​ឈប់​ពីក្រោយ អក​ស៊ឺ ក៏ត្រូវ​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FA-5930 ជិះ​ដោយ​បុរស​ពីរ​នាក់ ធ្វើដំណើរ​ស្រប​ទិស​គ្នា ក្នុង​ល្បឿន​លឿន មកពី​ក្រោយ បុក​ពេញទំហឹង បណ្ដាលឱ្យ​យុវជន​ម្នាក់ ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ ឯ​អ្នករួមដំណើរ​ជាមួយ​រងរបួស​ស្រាល​។

​សព​ជនរងគ្រោះ មានឈ្មោះ សុផល ភេទ​ប្រុស អាយុ ១៩ ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅ​ម្ដុំ​ជម្ពូ​វ័ន​។

​ក្រោយពី​កើតហេតុ សមត្ថកិច្ច​ជំនាញ នគរបាល​ចរាចរណ៍​ផ្លូវគោក រាជធានី​ភ្នំពេញ បាន​ចុះ​ដល់ទី​តាំង​កន្លែងកើតហេតុ វាស់វែង រួច​នាំយក​ម៉ូតូ និង​រថយន្ត យកទៅ​រក្សាទុក រង់ចាំ​ការដោះស្រាយ នៅពេល​ក្រោយ ។ ចំណែក​សព​ជនរងគ្រោះ សមត្ថកិច្ច បាន​ប្រគល់ឱ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕/V​