​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ក្រសួងការពារជាតិ​អ៊ុយ​ក្រែន​បាន​និយាយថា រុស្ស៊ី​បានប្រគល់​សាកសព​យុទ្ធជន​អ៊ុ​យក្រែន​២១០​នាក់​ដល់​អាជ្ញាធរ​អ៊ុ​យក្រែន ភាគច្រើ​ជា​ទាហាន​ដែល​បាន​ស្លាប់​ក្នុងពេល​​ព្យាយាម​ការពារ​ទីក្រុង​ម៉ា​រី​វ​ប៉ូល​ពី​កងកម្លាំង​រុស្ស៊ី​។​

​សូមបញ្ជាក់​ថា កងកម្លាំង​សេសសល់​ចុងក្រោយ​របស់​អ៊ុយ​ក្រែន​បាន​សម្ងំ​លាក់ខ្លួន​ក្នុង​រោងចក្រ​ដែក​ធំ​មួយ​ក្នុង​ទីក្រុង​ម៉ា​រី​វ​ប៉ូលិ​ភាគខាងត្បូ​ងអស់​ពេល​រាប់​សប្តាហ៍​ក្រោម​ការបាញ់​ផ្លោង​ដាក់​យ៉ាង​ខ្លាំង​ពី​​រុស្ស៊ី មុន​ពេល​ពួកគេ​សារភាព​ចុះចាញ់​។​

​ក្រសួងការពារជាតិ​អ៊ុយ​ក្រែន​បាន​និយាយថា «​ដំណើរការ​ប្រគល់​សាកសព​ទាហាន​នៅ​ម៉ា​រី​វ​ប៉ូល​កំពុង​ប្រព្រឹត្តទៅ​។​មកទល់​ពេល​ឥឡូវ សាកសព​ទាហាន​យើង​ចំនួន​២១០​នាក់​ត្រូវបាន​ប្រគល់ ភាគច្រើន​ជា​​អ្នកការពារ​រោងចក្រ​ដែកអា​ហ្សូ​វស្តា​ល់​ដ៏​អង់អាច​ក្លាហាន​»​។​

​មាន​ព័ត៌មាន​តិចតួច​អំពី​ជោគវាសនា​របស់​យុទ្ធជន​អ៊ុយ​ក្រែន​ប្រមាណ​២.០០០​នាក់​ដែល​បាន​ប្រគល់​ខ្លួន​អោយ​រុស្ស៊ី​ក្រោយ​មិន​អាច​ស៊ូទ្រាំ​នឹង​ការ​សម្ងំ​ខ្លួន​ក្នុង​រូង​ក្រោម​ដី​នៃ​រោងចក្រ​ដែក​ដ៏​ធំ​នេះ​តទៅ​​ទៀត​។​មានការ​ព្យាយាម​សុំ​ដោះដូរ​ពួកគេពីសំណាក់រដ្ឋាភិបាលទីក្រុងគៀវ​ក្នុងនាម​ជា​ឈ្លើយសឹក តែ​សមាជិក​សភា​រុស្ស៊ី​ខ្លះ​ចង់​នាំ​ទាហាន​ទាំងនេះ​ទៅ​កាត់ទោស​។​

​ក្នុងពេល​ជាមួយគ្នា​មាន​សេចក្តីរាយការណ៍​ថា យុទ្ធជន​អ៊ុយ​ក្រែន​ជាង​មួយ​ពាន់​នាក់​ដែល​បាន​សារភាព​ចុះចាញ់​នៅ​ក្រុង​ម៉ា​រី​វ​ប៉ូល​ត្រូវបាន​ប្រគល់អោយ​រុស្ស៊ី​ដើម្បី​សួរចម្លើយ​៕

​ទាហាន​អ៊ុយ​ក្រែន​រងរបួស​ក្នុង​ការប្រ​យុទ្ធ​គ្នា​នៅ​អ៊ុយ​ក្រែន​ខាងកើត​

​ទាហាន​អ៊ុយ​ក្រែន​ដែល​បាន​សារភាព​ចុះចាញ់​នៅ​ម៉ា​រី​វ​ប៉ូល​ត្រូវបាន​ប្រគ​លើ​អោយ​រុស្ស៊ី​សួរចម្លើយ​