ដោយៈ បូកគោ / កំពត: បុរសម្នាក់ បានស្លាប់ក្នុងស្ថានភាពដាច់ដោចខ្លួន ក្រោយពីឃើញរថភ្លើង មកដល់ ស្ទុះរត់ចូលឱ្យបុក។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៥ ល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅក្នុងទឹកដីភូមិកែបថ្មី សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត។ មិនទាន់ដឹងពីមូលហេតុពិត ដែលនាំឱ្យបុរសរូបនេះ ធ្វើអត្តឃាតនៅឡើយ។

មន្ត្រីនគរបាល នៃអធិការដ្ឋានក្រុងបូកគោ បានប្រាប់ឱ្យដឹងថា អត្តឃាតជន ក្នុងហេតុការណ៍នេះ ឈ្មោះ ណៃ ធុល អាយុ ៤៧ ឆ្នាំ ជាអ្នកបើកបររថយន្តដឹកដី ស្នាក់នៅក្នុងភូមិ សង្កាត់ កើតហេតុ ខាងលើ។

សមត្ថកិច្ច បានរៀបរាប់ថា ក្រោយទទួលបានព័ត៌មាន អំពីបុរសម្នាក់ បានរត់ចូលរថភ្លើង សម្លាប់ខ្លួន កម្លាំងជំនាញ នៃអធិការដ្ឋានក្រុងបូកគោ បានចុះដល់កន្លែងកើតហេតុភ្លាមៗ។ តាមរូបភាពជាក់ស្តែង សពមានលក្ខណៈបាក់បែកដៃជើង និងក្បាលដោយដេកផ្កាប់មុខ។ ក្រៅពីនោះ មិនមានស្លាកស្នាមអ្វីទៀតទេ។

មន្ត្រីនគរបាលជំនាញ បានបញ្ជាក់ថា ឆ្លងតាមការធ្វើកោសល្យវិច័យ ឃើញថា ការស្លាប់របស់ បុរសម្នាក់នេះ ផ្តើមឡើងដោយការរត់ចូលរថភ្លើង ពោលគឺ មិនពាក់ពាក់ព័ន្ធនឹងអំពើឃាតកម្ម ណាមួយឡើយ។

ស្រ្តីឈ្មោះ ង៉ែត សុខុម អាយុ ៤៦ឆ្នាំ ជាប្រពន្ធរបស់សព បានរៀបរាប់ថា កាលពីម៉ោងប្រហែល ៦និង៣០នាទី ព្រឹកថ្ងៃទី៧ ខែមិថុនា គាត់បានចេញទៅធ្វើការដូចសព្វដង។ ចំណែកប្តីរបស់គាត់ នៅដេកបន្តទៀត ដោយមិនក្រោក ឡើងទៅបើករថយន្តដូចធម្មតាទេ។

ស្ត្រីដដែល បានបន្តថា លុះដល់ម៉ោង ៥និង១០នាទីល្ងាច ស្រាប់តែអ្នកភូមិ មកប្រាប់ថា ប្តីគាត់បានរត់ចូលរថភ្លើង សម្លាប់ខ្លួនទៅហើយ៕/V-PC