​ដោយៈ សុផល / ភ្នំពេញៈ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ពុធ ទី​៨ ខែមិថុនា ឆ្នាំ​២០២២ បានអនុញ្ញាត​ឱ្យ​លោកស្រី Dalila Yasmin AMRI SUED ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​សាធារណរដ្ឋ រ្វាន់​ដា ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម នៅ​វិមាន​ព្រឹទ្ធសភា​។​

​ក្នុងនាម​ព្រឹទ្ធសភា និង​ក្នុងនាម​សម្តេច​ផ្ទាល់ សម្តេច​ប្រធានព្រឹទ្ធសភា បាន​ស្វាគមន៍ និង​អបអរសាទរ ចំពោះ​លោកស្រី ដែល​ត្រូវបានតែងតាំង ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ រ្វាន់​ដា ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សម្តេច​មាន​ជំនឿ​ជឿជាក់ថា ក្នុង​អាណត្តិ​បេសកកម្ម​ការទូត​របស់​លោកស្រី លោកស្រី នឹង​ខិតខំ​លើកកម្ពស់ ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត ដើម្បី​ជា​គុណប្រយោជន៍​ដ៏​ធំធេង សម្រាប់​ប្រជាជន និង​ប្រទេស​ទាំងពីរ ទាំង​ពេលបច្ចុប្បន្ន និង​ពេលអនាគត​។​

​ក្នុងឱកាស​នោះ លោកស្រី ឯកអគ្គរដ្ឋទូត បាន​ថ្លែងអំណរគុណ ចំពោះ​សម្តេច​ប្រធានព្រឹទ្ធសភា ដែល​បាន​ចំណាយពេល​ដ៏​មានតម្លៃ អនុញ្ញាតឱ្យ​លោកស្រី បាន​ចូលជួប​សម្តែង​ការគួរសម នាពេលនេះ​។​

​លោកស្រី​ទូត បាន​ប្តេជ្ញា​ថា តាមរយៈ​បេ​កសក​កម្ម​ការទូត នៅ​ព្រះរាជាណាចក្រ​កម្ពុជា លោកស្រី នឹង​ខិតខំ​ប្រឹងប្រែង លើកកម្ពស់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ បន្ថែមទៀត​៕/V​