​ដោយៈ ប​.​ខុន / ភ្នំពេញៈ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២២ បានចាប់ផ្តើម​ចេញផ្សាយ ព្រឹ​ត្ត​ប័ត្រ​ព័ត៌មាន និង​ព្យាករណ៍​កម្ពស់​ទឹក​ប្រចាំថ្ងៃ នៃ​ទន្លេ​ទាំង ៤ សម្រាប់​រដូវវស្សា ឆ្នាំ​២០២២​។​

​ព្រឹ​ត្ត​ប័ត្រ​ព័ត៌មាន និង​ព្យាករណ៍​កម្ពស់​ទឹក ដែល​ចេញ​ដោយ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២២ បានបង្ហាញ​ឱ្យឃើញថា ឆ្នាំ​២០២២ នៅ​ស្ថានីយ​ជលសា​ស្ត្រ មេគង្គ​ស្ទឹងត្រែង ទឹក​មាន​កម្ពស់ ៥,០៨ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​៧ ខែមិថុនា ០,០៦ ម៉ែត្រ , ស្ថានីយ​មេគង្គ ក្រចេះ ទឹក​មាន​កម្ពស់ ១២,៤១ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​៧ ខែមិថុនា ០,១១ ម៉ែត្រ​។ ស្ថានីយ​មេគង្គ​កំពង់ចាម​ទឹក មាន​កម្ពស់ ៦,៧៦ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​៧ ខែមិថុនា ០,១៦ ម៉ែត្រ​។ ទន្លេបាសាក់​ចតុមុខ ទឹក​មាន​កម្ពស់ ៣,៨១ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​៧ មិថុនា ០,០១ ម៉ែត្រ​។ ស្ថានីយ​មេគង្គ អ្នក​លឿង មាន​កម្ពស់ ២,៦២ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​៧ ខែមិថុនា ០,០៣ ម៉ែត្រ​។ ស្ថានីយ​មេគង្គ ទន្លេបាសាក់ កោះ​ខែល មាន​កម្ពស់ ៣,៦៩ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​៧ ខែមិថុនា ០,០១ ម៉ែត្រ ។ ស្ថានីយ​ទន្លេសាប ព្រែក​ក្តាម មាន​កម្ពស់ ២,៩៨ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​៧ ខែមិថុនា ០,០១​ម៉ែត្រ ។ បឹង​ទន្លេសាប មាន​កម្ពស់ ១,៨៦ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​៧ ខែឧសភា ០,០២ ម៉ែត្រ ។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២២ បាន​ជូនដំណឹង ស្តីពី​ការ​ព្យាករ​កម្ពស់​ទឹកជំនន់ ទន្លេមេគង្គ លើក​ទី​១ ប្រចាំឆ្នាំ​២០២២​ថា កម្ពស់​ទឹកទន្លេ​មេគង្គ នៅ​ស្ថានីយ​ជលសា​ស្ត្រ បាសាក់​-​ចតុមុខ ក្នុង​រដូវវស្សា​ឆ្នាំ​២០២២ នេះ អាច​នឹង​ឡើងដល់​កម្ពស់ ៩,៦៥ ម៉ែត្រ ដែល​អាច​ចាត់ទុកថា ជា​ប្រភេទ​ជំនន់​មធ្យម​។​

​សេចក្តីជូនដំណឹង ដែល​ចុះហត្ថលេខា ដោយ​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក ខាងលើ បានសរសេរថាៈ យោងតាម​ការសង្កេត ពិនិត្យ​ទៅលើ​បាតុភូតធម្មជាតិ និង​ការ​ព្យាករ ស្ថានភាព​អាកាសធាតុ ក្នុង​តំបន់​សម្រាប់​ឆ្នាំ​២០២២ ឃើញថា ចាប់ពី​ខែឧសភា ដល់​ខែតុលា ឆ្នាំ​២០២២ បាតុភូត​អែន​សូ (ENSO Neutral) មាន​ពី ២០ ភាគរយ ទៅ ៥០ ភាគរយ បាតុភូត ឡា​នី​ណា (La Nina) មាន​ពី ៥០ ភាគរយ ទៅ ៨០ ភាគរយ និង​បាតុភូត​អែល​នី​ញូ (El Nino) មាន ០ ភាគរយ​។

​ស្ថានភាព​បែបនេះ នឹងធ្វើ​ឲ្យ​ភ្លៀង​អាចមាន ក្នុង​កម្រិត​ពី​មធ្យម ទៅ​ច្រើន​បង្គួរ នៅ​ដើមរដូវ​វស្សា អាចមាន​ពី​បង្គួរ​ទៅ​ច្រើន នៅ​ពាក់កណ្តាល​រដូវវស្សា និង​អាចមាន​ពី​មធ្យម ទៅ​បង្គួរ នៅ​ចុងរដូវ​វស្សា ទាំង​នៅក្នុង​អាង ទន្លេមេគង្គ និង​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ក្នុង​សេចក្តីជូនដំណឹង សរសេរ​ទៀតថាៈ ស្ថានភាព​ទឹកទន្លេ​មេគង្គ ទន្លេបាសាក់ និង​ទន្លេសាប ចាប់ពី​ដើមឆ្នាំ​២០២២ នេះ​មក មាន​ស្ថានភាព ដូចជា នៅ​ទន្លេមេគង្គ​-​ស្ទឹងត្រែង ទឹក​មាន​កម្រិត​កម្ពស់ ខ្ពស់ជាង​មធ្យម​ច្រើន​ឆ្នាំ ប្រមាណ ០,៥៣ ម៉ែត្រ ,​ទន្លេមេគង្គ​-​ក្រចេះ ទឹក​មាន​កម្រិត​កម្ពស់ ខ្ពស់ជាង​មធ្យម​ច្រើន​ឆ្នាំ ប្រមាណ ០,៧២ ម៉ែត្រ ។ ទន្លេមេគង្គ​-​កំពង់ចាម ចាប់ពី​ខែមករា ដល់​ពាក់កណ្តាល​ខែមីនា ទឹក​មាន​កម្រិត​កម្ពស់ ទាប​ជាង​មធ្យម​ច្រើន​ឆ្នាំ ដល់​ទៅ ១,២១ ម៉ែត្រ ប៉ុន្តែ​មកដល់​ខែឧសភា ទឹក​មាន​កម្រិត​កម្ពស់ ខ្ពស់ជាង​មធ្យម​ច្រើន​ឆ្នាំ ប្រមាណ ០,៦៤ ម៉ែត្រ​។ រាជធានី​ភ្នំពេញ ស្ថានីយ​ជលសា​ស្ត្រ ទន្លេបាសាក់​-​ចតុមុខ ចាប់ពី​ខែមករា ដល់​ពាក់កណ្តាល​ខែមីនា ទឹក​មាន​កម្រិត​កម្ពស់ ទាប​ជាង​មធ្យម​ច្រើន​ឆ្នាំ ដល់​ទៅ ១,១០ ម៉ែត្រ ប៉ុន្តែ​មកដល់​ខែឧសភា ទឹក​មាន​កម្រិត​កម្ពស់ ខ្ពស់ជាង​មធ្យម​ច្រើន​ឆ្នាំ ប្រមាណ ០,២៨ ម៉ែត្រ ។ ទឹក​ក្នុង​បឹង​ទន្លេសាប នៅ​ស្ថានីយ​ក្រគរ​-​កំពង់​លួង ចាប់ពី​ខែមករា ដល់​ខែមីនា ទឹក​មាន​កម្រិត​កម្ពស់ ទាប​ជាង​មធ្យម​ច្រើន​ឆ្នាំ ប្រមាណ​ពី ០,៥០ ម៉ែត្រ ទៅ ០,៩០ ម៉ែត្រ ប៉ុន្តែ​ចាប់ពី​ខែមេសា ដល់​ខែឧសភា ទឹក​មាន​កម្រិត​កម្ពស់ ខ្ពស់ជាង​មធ្យម​ច្រើន​ឆ្នាំ ប្រមាណ ០,០៨ ម៉ែត្រ ។​

​នៅក្នុង​សេចក្តីជូនដំណឹង​ខាងលើ បានបញ្ជាក់​ថាៈ ផ្អែក​តាម​លក្ខណៈ​ខាងលើ ស្ថានភាព​ទឹក ទន្លេមេគង្គ សម្រាប់​ដើមឆ្នាំ​២០២២ នេះ នៅ​ទន្លេមេគង្គ ផ្នែក​ខាងលើ ទឹក​មាន​កម្រិត​កម្ពស់ ខ្ពស់ជាង​មធ្យម​ច្រើន​ឆ្នាំ នៅ​ទន្លេមេគង្គ ផ្នែក​ខាងក្រោម ទឹក​មាន​កម្រិត​កម្ពស់ ប្រហាក់ប្រហែល នឹង​ខ្ពស់ជាង មធ្យម​ច្រើន​ឆ្នាំ ចាប់ពី​ខែមេសា​មក​។ រីឯ​ទឹក​នៅ​បឹង​ទន្លេសាប ក៏​ខ្ពស់ជាង​មធ្យម ច្រើន​ឆ្នាំ ចាប់ពី​ខែមេសា​មក​ដែរ​។​

​យោង​លើ​ស្ថានភាព​ទឹកទន្លេ​មេគង្គ នាពេល​បច្ចុប្បន្ន កត្តា​អាកាសធាតុ និង​ការវិភាគ​លើ ទំនាក់ទំនង រវាង​កម្ពស់​ទឹក​អប្បបរមា និង​អតិបរមា ព្រមទាំង​ការវិភាគ​លើ​វដ្ត​ទឹក ការ​ព្យាករ លើក​ទី​១ បាន​បង្ហាញថា នៅ​ស្ថានីយ​ជល​សាស្ត្រ​បាសាក់​-​ចតុមុខ ក្នុង​រដូវវស្សា ឆ្នាំ​២០២២ នេះ ទឹក​អាច​នឹងមាន​កម្ពស់ ៩,៦៥ ម៉ែត្រ ដែល​ចាត់ទុកថា ជា​ប្រភេទ​ជំនន់​មធ្យម​៕/V​