ដោយៈ សុផល / ភ្នំពេញ៖ សភាកម្ពុជា នឹងរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់ អាយប៉ា ស្តីពី “គ្រឿងញៀន” ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ តាមប្រព័ន្ធនិម្មិត ដែលផ្សាយចេញវិមានរដ្ឋសភាកម្ពុជា។ កិច្ចប្រជុំដ៏សំខាន់នេះ ជាផ្នែកមួយដែលសភាកម្ពុជា ធ្វើជាម្ចាស់នៃ មហាសន្និបាតអន្តរសភា អាស៊ាន (AIPA) លើកទី៤៣ ក្នុងឆ្នាំ២០២២ នេះដែរ។

នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភា ស្តីទី និងជាប្រធានគណៈកម្មការៀបចំ មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ បានដឹកនាំកិច្ចប្រជុំមួយ ជាមួយក្រុមការងារគ្រប់ផ្នែក ក្នុងការត្រៀមលក្ខណៈ រៀបចំប្រឹក្សាពិគ្រោះយោបល់ អាយប៉ា ស្តីពី “គ្រឿងញៀន” នេះ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មការ រៀបចំ ប្រធាន អនុប្រធាន សមាជិក សមាជិកា នៃអនុគណៈកម្មការនានា គណៈប្រតិភូ សភាកម្ពុជា ក្រុមប្រឹក្សាយោបល់ ព្រមទាំងមន្ត្រី នៃលេខាធិការដ្ឋានជាតិ អាយប៉ា-កម្ពុជា។

លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានស្នើឲ្យអង្គប្រជុំត្រួតពិនិត្យ ជាលើកចុងក្រោយ នូវរាល់ខ្លឹមសារឯកសារ និងកម្មវិធី ក្នុងការត្រៀមរៀបចំ កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់ អាយប៉ា ស្តីពី “គ្រឿងញៀន” និងត្រៀមអនុវត្តការងាររៀបចំ មហាសន្និបាតអាយប៉ា លើកទី៤៣ ដែលសភាកម្ពុជា ធ្វើម្ចាស់ផ្ទះក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

ក្រៅពីនេះ កិច្ចប្រជុំ បានផ្លាស់ប្តូរយោបល់ ក្នុងការស្វែងរកការរីកចម្រើន ដើម្បីធ្វើឱ្យ មហាសន្និបាតអាយប៉ា លើកទី៤៣ ទទួលបានជោគជ័យ។ សភាកម្ពុជា បានធ្វើជា ប្រធានអាយប៉ា តាមការប្តូរវេនម្តងហើយ កាលពីឆ្នាំ២០០៤ និងធ្លាប់បានដឹកនាំកិច្ចប្រជុំ ប្រចាំឆ្នាំ នៃក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពី”គ្រឿងញៀន” ចំនួនពីរលើក គឺលើកទី១ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១១ និង លើកទី២ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ។

ចំពោះកិច្ចប្រជុំ ពិគ្រោះយោបល់អាយប៉ា លើកទី៥ ស្តីពី “គ្រឿងញៀន” នាពេលខាងមុខនេះ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍លើកឡើងថាៈ រហូតមកដល់ពេល នេះ គណៈកម្មការរៀបចំ បានត្រៀមរួចរាល់នូវមូលបទ និងប្រធានបទ សម្រាប់កិច្ចប្រជុំ ប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពី “គ្រឿងញៀន” និងបានផ្ញើជូន អគ្គលេខាធិការអាយប៉ា នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី និងប្រទេសជាសមាជិក អាយប៉ា រួចរាល់អស់ហើយដែរ ដោយរង់ចាំតែថ្ងៃប្រជុំ មកដល់ប៉ុណ្ណោះ។

លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានលេខាធិការដ្ឋានជាតិកម្ពុជា អាយប៉ា លើកទី៤៣ បានមានប្រសាសន៍ថាៈ លេខាធិការដ្ឋានអាយប៉ា ក៏បានរៀបចំផែនការ សកម្មភាព សម្រាប់ត្រៀមអាយប៉ាលើកទី៤៣ សំដៅធ្វើយ៉ាងណា ឱ្យមហាសន្និបាតនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អ។

នៅក្នុងកិច្ចប្រជុំ នាឱកាសនេះ បានទទួលមតិយោបល់ ជាធាតុចូលជាច្រើន ពីសមាជិក អង្គប្រជុំ ដែលមានមតិយោបល់ របស់លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងលោក សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា និង សមាជិក សមាជិកា មួយចំនួនទៀត ដែលបានលើកឡើង ក្នុងការចែករំលែកទស្សនទាន លើខ្លឹមសារ ក៏ដូចជា យន្តការការងារ ដើម្បីធ្វើយ៉ាងណា ឲ្យមហាសន្និបាតអាយប៉ា ក៏ដូចកិច្ចប្រជុំពិគ្រោះយោបល់ ពីគ្រឿងញៀន ទទួលបានលទ្ធផលល្អ។

លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានថ្លែងអំណរគុណ ចំពោះសមាជិក សមាជិកា ក្រុមការងារទំាងអស់ ដែលបានយកចិត្តទុកដាក់ ក្នុងការផ្តល់ជាមតិយោបល់ល្អៗ ដើម្បីចូលរួមជាធាតុផ្សំ ធ្វើឲ្យខ្លឹមសារកិច្ចប្រជុំ កាន់តែស៊ីជម្រៅ ចំបញ្ហា និងមានចំណុច វិជ្ជមានល្អៗ ធ្វើយ៉ាងណា ឲ្យការរៀបចំមហាសន្និបាតអាយប៉ា លើកទី៤៣ ក៏ដូចជា កិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់ អាយប៉ា ស្តីពី “គ្រឿងញៀន” ទទួលបានជោគជ័យ៕/V-PC