ដោយ : ប.ជ័យ / បន្ទាយមានជ័យៈ កម្លាំងជំនាញនៃផែនព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតអោយដឹងថា កាលពីថ្ងទី០៧ខែមិថុនាឆ្នាំ២០២២   ខ្លួនបានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ ហូ បាងថាញ់ (HO BANG THANH) ភេទស្រី អាយុ៣២ ឆ្នាំ ជាជនជាតិវៀតណាម ស្នាក់នៅបុរីដួងច័ន្ទ ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លើករណីឆក់ទូរស័ព្ទ កាលពីយប់ថ្ងៃទី ០៦ វេលាម៉ោង២៤និង៤០ នាទី ឈានចូល ថ្ងៃទី០៧ខែមិថុនា បានជួបករណីឆក់ទូរស័ព្ទរហូតដួលរងរបួសបែកមុខត្រូវដេរជាច្រើនថ្នេរ។ 

ប្រភពដដែលបានបន្តថា នៅក្រោយពេលទទួលពាក្យបណ្តឹងសមត្ថកិច្ចក៏បានបានចុះ ស្រាវជ្រាវ ឈានដល់ការនាំខ្លួនឈ្មោះ សឿន ពិសី ភេទប្រុស អាយុ ២៦ ឆ្នាំ ស្នាក់នៅភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នកទទួលទិញទូរស័ព្ទ ដែលជនល្មើសឆក់បាន ហើយបានដកហូតទូរស័ព្ទបាន២គ្រឿងរបស់ជនរងគ្រោះដើម្បីប្រគល់ជូនម្ចាស់វិញ ។

ក្រោយពីបានស្រាវជ្រាវកម្លាំងជំនាញ បានបន្តឃាត់ខ្លួនជនសង្ស័យនិងបក្សពួកចំនួន៦នាក់  ដោយនៅក្នុងនោះមាន ស្រីម្នាក់ជាប្រពន្ធជនដៃ ឈ្មោះ យឿម ណារី , ថោង ហាំង  អាយុ ១៦ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករជាជនដៃដល់, ហុង ចាន់ឌី ភេទប្រុស អាយុ១៦ឆ្នាំមុខរបរកម្មករ ជាអ្នកបិតគូទ ពេលឆក់បាន , ស៊ុន លាភ ភេទប្រុស អាយុ១៦ឆ្នាំមុខរបរកម្មករ បក្សពួក, អូន សាវ័នភេទប្រុស អាយុ១៦ឆ្នាំមុខរបរកម្មករ បក្សពួក និងសែត សុខជា ភេទប្រុស អាយុ១៥ឆ្នាំមុខរបរកម្មករ បក្សពួក ។

ក្នុងនោះដែរ សមត្ថកិច្ចក៏បានដកហូតម៉ូតូជិះធ្វើសកម្មភាពចំនួន៤គ្រឿង កាំបិតចំនួន៥ដើម ដោយរួមមានសាម៉ូរ៉ៃ៣ដើមនិងកាំបិតខ្វែវ២ដើម  ហើយបច្ចុប្បន្នកម្លាំងជំនាញបានស្នើរសុំឃាត់ខ្លួនជនសង្ស័យទាំងនេះ ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី នៅថ្ងៃទី៨ខែមិថុនាឆ្នាំ២០២២ ៕/PC