ដោយៈ សុខុម / ស្ទឹងត្រែងៈ ផ្លូ​វក្រួស​ក្រហម ពី​ភូមិ​ស្រឡៅ ខេត្តស្ទឹងត្រែង ទៅ​ភូមិ​ប្រា ខេត្តព្រះវិហារ កំពុង​ទទួលរង​ការខូចខាត​ខ្លាំង បង្ក​ការលំបាក​ធ្វើដំណើរ និង​ដឹក​កសិផល ផ្សេងៗ របស់​អ្នកភូមិ យកទៅលក់​ឲ្យ​ឈ្មួញ ចាំ​ទទួល​ទិញ​។ ដើម្បី​សម្រួល​ផ្លូវ ពលរដ្ឋ នាំគ្នា​ប្រមូល​លុយ​ថែទាំ ជា​បណ្ដោះអាសន្ន​សិន​។​

​លោក ថុ​ន ធឿន បាន​ប្រាប់​ឱ្យដឹងថាៈ កន្លងមកនេះ ប្រជាពលរដ្ឋ បាន​ប្រមូល​លុយ​គ្នា ដើម្បី​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​នេះ ទៅតាម​លទ្ធភាព​ជាក់ស្ដែង​។ ផ្លូវ​ក្រួស​ក្រហម​មួយ​នេះ មាន ចម្ងាយ ១២ គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ភូមិ​ស្រឡៅ ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ទៅ​ភូមិ​ប្រា ស្រុក​ឆែប ខេត្តព្រះវិហារ​។ ក៏ប៉ុន្តែ ក្រោយពី​ធ្វើ​ផ្លូវ​រួច ធ្វើដំណើរ​ងាយស្រួល តែ​ក្នុង​រដូវប្រាំង បន្តិច​ប៉ុណ្ណោះ​។ លុះ​ពេល​ដល់​រដូវវស្សា ក៏បាន​ខូច​ទៅវិញ​។​

​លោក ថុ​ន ធឿន បាន​និយាយទៀតថាៈ អ្នកភូមិ​ប្រមូល​លុយ​ធ្វើ​ផ្លូវ​ថវិកា មិន​គ្រប់គ្រាន់​ទេ​។ ឥឡូវនេះ ផ្លូវ​ក៏​ខូច​នៅ​ជំពាក់​ថ្លៃ​ជួល​គេ​ជួសជុល គ្មាន​អ្នកទទួលខុសត្រូវ​ទៀត ។​

​អ្នកស្រី សូ សុផាត មក​រស់នៅ​ភូមិ​ស្រឡៅ អស់​រយៈពេល ៧ ឆ្នាំ​បាន​និយាយថាៈ គោយន្ត​អ្នកស្រុក ដឹក​កសិផល​ឆ្លងកាត់​ច្រើន តាមផ្លូវ​នេះ ទើប​បង្ក​ឱ្យ​ខូច ផ្លូវបែក​ភក់ កន្លែង​ខ្លះ ពិបាកធ្វើ​ដំណើរ​ណាស់​។ សូម្បីតែ​សិស្ស ទៅ​សាលារៀន ក៏​ពិបាក​ដែរ​។ ជួន​ពេល ស្ត្រី​ពោះធំ អ្នកភូមិ មាន​ជំងឺ ឈឺ​ស្កាត់​ម្ដងម្កាល ដឹក​ទៅកាន់​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​ខេត្ត ត្រូវ​ចំណាយពេល​យូរ ទើប​ដល់​ផ្លូវជាតិ​។​

​លោក ឡឹ​ក សុផល ចាស់ទុំ រស់នៅ​ភូមិ​ស្រឡៅ បាន​និយាយថាៈ ផ្លូវ​មួយ​ខ្សែ​នេះ មាន​សារៈសំខាន់​ណាស់​។ វា​បាន​ត​ភ្ជាប់​ពី​ភូមិ​ស្រឡៅ ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ទៅ​ភូមិ​ប្រា ស្រុក​ឆែប ខេត្តព្រះវិហារ​។

​ប្រជាពលរដ្ឋ ទាំងពីរ​ខេត្ត តែងតែ​ធ្វើដំណើរ​ទៅមក ទំនាក់ទំនង​គ្នា ជាពិសេស​ដឹក​កសិផល ផ្សេងៗ ពី​ភូមិ​ប្រា ខេត្តព្រះវិហារ មក​លក់​នៅ​ភូមិ​ស្រឡៅ ខេត្តស្ទឹងត្រែង​។ ម្យ៉ាងទៀត ការធ្វើ​ដំ ណើ​រ​ពី​ភូមិ​ប្រា ស្រុក​ឆែប មក​ភូមិ​ស្រឡៅ ឃុំ​អន្លង់​ជ្រៃ ចម្ងាយ​ផ្លូវ ក៏​ជិត​ជាង​ធ្វើដំណើរ ពី​ភូមិ​ប្រា ទៅ​ទីរួមស្រុក​ឆែប ខេត្តព្រះវិហារ​។ ចំណែក​ផ្លូវ​ភូមិ​ប្រា ស្រុក​ឆែប ខេត្តព្រះវិហា​នោះ គេ​បានធ្វើ​រួចរាល់​ហើយ​។ នៅសល់​ផ្លូវ​ត​ភ្ជាប់ ពី​ភូមិ​ស្រឡៅ ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​ទេ ដែល​មិនទាន់មាន​គម្រោង​ស្ថាបនា​។​

​លោក ព្រំ យ៉ា មេឃុំ​អន្លង់​ជ្រៃ បាន​ប្រាប់​ឱ្យដឹងថាៈ កំណាត់​ផ្លូវ​មួយ​ខ្សែ ខាងលើនេះ គឺ​ស្ថិតនៅ ក្នុង​គម្រោង​មូលនិធិ​ឃុំ របស់លោក​។ បច្ចុប្បន្ន ការស្ថាបនា​ផ្លូវ នៅក្នុង​ឃុំ មាន​ច្រើន​គម្រោង ដែល​មិនទាន់​ធ្វើ​រួច​។ ហេតុ​ដូច្នេះហើយ ផ្លូវ​ក្រួស​ក្រហម ពី​ភូមិ​ស្រឡៅ ឃុំ​អន្លង់​ជ្រៃ ត​ភ្ជាប់​ភូមិ​ប្រា ស្រុក​ឆែប ខេត្តព្រះវិហារ គឺ​ស្ថិតក្នុង​គម្រោង​នៅឡើយ​៕/V​.mara