ដោយៈ សុផល / ភ្នំពេញ​៖ ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ក្រុងព្រះសីហនុ ជា​តំណ​ភ្ជាប់​ប៉ូល សេដ្ឋកិច្ចកម្ពុជា​ធំៗ ចំនួន​បី គឺ​ប៉ូល​សេដ្ឋកិច្ច​ភ្នំពេញ ប៉ូល​សេដ្ឋកិច្ច​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ និង​ប៉ូល​សេដ្ឋកិច្ច​ខេត្តសៀមរាប​។ នេះ​ជា​ប្រសាសន៍​របស់លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​ក្នុងពេល​ផ្តល់​បទសម្ភាសន៍ ជាមួយ​វិទ្យុ​មិត្តភាព​កម្ពុជា​-​ចិន ស្តីពី​ការដាក់ឱ្យ​ដំណើរការ សាកល្បង​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ កាលពី​ថ្ងៃទី​៧ ខែមិថុនា លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែងថាៈ ការតភ្ជាប់​ប៉ូល​សេដ្ឋកិច្ច ភ្នំពេញ​-​ក្រុងព្រះសីហនុ តាមរយៈ​ផ្លូវ ល្បឿន​លឿន​នេះ នឹង​ធ្វើឱ្យ​ការដឹកជញ្ជូន​ទំនិញ ក៏ដូចជា អ្នកដំណើរ កាន់​តែមាន​ប្រសិទ្ធភាព ចំណាយ​ពេលវេលា តិចជាង​មុន កាត់បន្ថយ​ចំណាយ និង​ធ្វើឱ្យ​ប៉ូល​សេដ្ឋកិច្ច ខេត្ត​ព្រះសីហនុ មានការ​រីកចម្រើន​ថែមទៀត​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​ផងដែរ​ថាៈ បច្ចុប្បន្ន រាជរដ្ឋាភិបាល​កម្ពុជា កំពុង​សហការ ជាមួយ​មិត្ត​ចិន ដើម្បី​ធ្វើ​ផែនការមេ សម្រាប់​ខេត្ត​ព្រះសីហនុ​ទាំងមូល ដើម្បី​ប្រែក្លាយ​ខេត្ត​នេះ ឱ្យទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស ហើយ​ផ្លូវ​ល្បឿន​លឿន​នេះ នឹង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការជួយ​លើកកម្ពស់ កំណើនសេដ្ឋកិច្ច របស់​ខេត្ត​ព្រះសីហនុ​ទាំងមូល ស្របតាម​សុភាសិត ចិន លើកឡើងថា​៖ “​ចង់​មានបាន ត្រូវ​សង់​ផ្លូវ​” ឯ​ចំណែក​សុភាសិត​ខ្មែរ​ថា​៖ “​មាន​ផ្លូវ មាន​ក្តីសង្ឃឹម​” និង​ស្របតាម​ចក្ខុវិស័យ​វែងឆ្ងាយ​របស់ សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ដែល​បានផ្ដល់​អាទិភាព បួន​យ៉ាង​គឺ​៖ ដើម្បី​កសាង​ប្រទេសជាតិ ឱ្យមាន​ការរីកចម្រើន ត្រូវតែមាន ផ្លូវ ភ្លើង ទឹក និង​ធនធានមនុស្ស​។ ហេតុ​ដូច្នេះហើយ ទើប​រាជរដ្ឋាភិបាល បានដាក់​ទុនវិនិយោគ យ៉ាងច្រើន លើ​ការស្ដារ ការពង្រីក និង​ពង្រឹងគុណភាព​ផ្លូវ នៅ​ទូទាំងប្រទេស​កម្ពុជា​។​

​ទាក់ទង​នឹង​គុណភាព​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ក្រុងព្រះសីហនុ លោក​ទេសរដ្ឋមន្ត្រី បានលើកឡើង​ថាៈ ក្រុមការងារ​បច្ចេកទេស របស់​ក្រសួង បាន​ពិនិត្យឃើញថា ផ្លូវ​នេះ មានគុណ​ភាពល្អ ទាំង​ការរៀបចំ​កសាង និង​ការរៀបចំ​សុវត្ថិភាព ហើយ​បន្ថែម​ពីលើ​នេះ ក្រសួង​បាន​ជួល​ក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេស និង​វិស្វករ​ឯករាជ្យ ឱ្យមក​ពិនិត្យ​លើ​គុណភាព ថែមទៀត រួមជាមួយ​ការប្រើ​បច្ចេកវិទ្យា​ថ្មី សម្ភារៈ​ទំនើប បទពិសោធន៍ និង​អ្នកជំនាញ គ្រប់គ្រាន់ ដើម្បី​សាងសង់​ផ្លូវ​នេះ ឱ្យមាន​គុណភាព​រឹងមាំ តាម​ស្តង់ដារ​បច្ចេកទេស​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​បន្ថែមទៀតថាៈ ការសាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ បាន​បង្កើត​ការងារ ធ្វើ ជូន​បុគ្គលិក កម្មករ កម្មការិនី ប្រមាណ​ជាង​បី​ពាន់​នាក់ ស្មើនឹង ៧៨% ជា​កម្មករ​កម្ពុជា ហើយ​ឆ្លៀត​ក្នុងឱកាស​នេះ លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ដល់ កម្មករ កម្ម​ការ​នី អ្នក​សាងសង់​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង កសាង​ផ្លូវ​នេះ ឱ្យមាន​គុណភាព​ល្អ និង​ទាន់ពេលវេលា តាម​ផែនការ ដែល​បាន​គ្រោងទុក ជាពិសេស បាន​ថ្លែងអំណរគុណ ដល់​វិស្វករ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង សាងសង់​ផ្លូវ​នេះ ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​។​

​ជាមួយគ្នា​នោះដែរ លោក​ទេសរដ្ឋមន្ត្រី សំណូមពរ​ឱ្យ​កម្មករ​កម្ពុជា ស្រូបយក​ចំណេះដឹង និង​បទពិសោធន៍ ក្នុងការ​សាងសង់ ផ្លូវ​ល្បឿន​លឿន​នេះ ដើម្បី​យកទៅ​ប្រើប្រាស់ ពេល​សាងសង់​ផ្លូវ ផ្សេងៗ​ទៀត​និង​បាន​ថ្លែងអំណរគុណ ដល់​មិត្ត​ចិន ដែល​បាន​ផ្ទេរ ចំណេះវិជ្ជា អំពី​ការសាងសង់ ទៅដល់​បុគ្គលិក កម្មករ កម្ម​ការ​នី​កម្ពុជា ផងដែរ​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​អំពាវនាវ​ទុកជាមុន សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ប្រើប្រាស់​ផ្លូវ​ល្បឿន លឿន​នេះ ដើម្បី​ធានា​សុវត្ថិភាព ចំណាយ​តិច ចំណេញ​ពេលវេលា និង​បាន​ស្នើឱ្យ​ក្រុមហ៊ុន សាងសង់ អនុញ្ញាត​រយៈ ពេល​មួយខែ ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ អាច​ប្រើប្រាស់​ផ្លូវ​នេះ ដោយ​មិនបាច់​បង់ថ្លៃ ដើម្បីឱ្យ​បងប្អូន​ប្រជាពលរដ្ឋ មានឱកាស​សាកល្បង ប្រើប្រាស់​ផ្លូវ​នេះ និង​បាន​អំពាវនាវ​សុំឱ្យ​ពលរដ្ឋ​ចិន មកលេង​កម្ពុជា ដើម្បី​ស្វែងយល់​ពី​ការរីកចម្រើន​របស់ កម្ពុជា ជាពិសេស​ការរីកចម្រើន លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​មិត្ត​ចិន បាន​ចូលរួម ចំណែក​យ៉ាងច្រើន ក្នុង​ការស្ដារ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ នៅ​កម្ពុជា​។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក​ទេសរដ្ឋមន្ត្រី បានឱ្យដឹង​ផងដែរ អំពី​គម្រោង​ប្រាំ​ឆ្នាំ​រំកិល ដែល​បានដាក់ ស្នើ​ទៅ​មិត្ត​ចិន ក្នុងនោះ​រួមមានៈ គម្រោង​សាងសង់​ផ្លូវ បាត់ដំបង​-​សៀមរាប គម្រោង​សាងសង់​ផ្លូវ កំពង់ធំ​-​កំពង់ឆ្នាំង គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន ពី​ភ្នំពេញ​-​បាវិត ម៉ុក​បៃ (​ព្រំដែន​វៀតណាម​) គម្រោង​សិក្សា ធ្វើ​ទំនើបកម្ម​ផ្លូវដែក​កម្ពុជា និង​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ ដូចជា គម្រោង​សិក្សា​រថភ្លើង​ក្រោម​ដី ប្រព័ន្ធ​រថភ្លើង​អាកាស (Monorail) និង​ប្រព័ន្ធ​រថភ្លើង​គ្មាន​អ្នកបើក (AGT) ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍ ដែលជា​បញ្ហា កង្វល់​ដ៏​ធំ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​រាយការណ៍ ជូន​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ពិនិត្យ​លទ្ធភាព​រក​ថវិកា​សាងសង់ ជម្រើស​ណាមួយ ដែល​សមស្រប​នឹង​ស្ថានភាព នៃ​ការដឹកជញ្ជូន​របស់​ក​ម្ពុ​ជា​។​

​ជាងនេះទៅទៀត លោក​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន អំពី​គម្រោង​ដ៏​ធំ​មួយទៀត គឺ​គម្រោង សាងសង់​ផ្លូវ ល្បឿន​លឿន ភ្នំពេញ​-​បាវិត ត​ភ្ជាប់​រវាង​កម្ពុជា និង​វៀតណាម គម្រោង​ផ្លូវ​រថភ្លើង ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ទៅ​ក្រុង​ហូជីមិញ ដែលជា​គម្រោង​ដ៏​ធំ​មួយ ក្រោម​គំនិត​ផ្តួចផ្តើម ខ្សែក្រវាត់ និង​ផ្លូវ គម្រោង​សិក្សាការ​ដឹកជញ្ជូន​ផ្លូវទឹក ទន្លេបាសាក់ ពី​ភ្នំពេញ ឆ្ពោះ​ត្រង់​ទៅកាន់ សមុទ្រ​កម្ពុជា ដែល​អាច​ផ្ដល់​ផលចំណេញ យ៉ាងច្រើន កាត់ បន្ថយ​ពេលវេលា កាត់បន្ថយ​តម្លៃ ដឹកជញ្ជូន និង​នីតិវិធី​គ្រប់បែប​ផងដែរ​។

​ទាក់ទង​នឹង​ការអភិវឌ្ឍ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ លោក​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន បច្ចុប្បន្នភាព អំពី​គម្រោង​សិក្សា​របស់​មិត្ត​ចិន ក្នុង​ការផ្ដល់​ហិរញ្ញប្បទាន លើ​ការកសាង ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ នៅ​ខេត្ត​ព្រះសីហនុ ដែល​នឹង​ក្លាយជា​ប៉ូល​សេដ្ឋកិច្ច យ៉ាងសំខាន់ ដើម្បី​គ្រប់គ្រង​ទឹក​កខ្វក់ ឱ្យបាន​ត្រឹមត្រូវ និង​បញ្ចៀស​ការហូរចូល​ទឹក​កខ្វក់ ទៅក្នុង​សមុទ្រ របស់​កម្ពុជា តាម​សំណើ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​៕/V​.mara