​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ រថភ្លើង​ដឹក​អ្នកដំណើរ​មួយ​បាន​រត់​ធ្លាក់​ចេញពី​ផ្លូវ​នៅ​អ៊ីរ៉ង់​ខាងកើត​កាលពី​ថ្ងៃ​ពុធ ដោយ​សម្លាប់​មនុស្ស​យ៉ាង​តិច​១៧​នាក់​និង​របួស​៥០​នាក់​ទៀត ។​

​របាយការណ៍​បាន​និយាយថា ចំនួន​ស្លាប់​អាច​នឹង​កើនឡើង ទោះជា​យ៉ាងណា​មាន​ព័ត៌មាន​តិចតួច​អំពី​គ្រោះថ្នាក់​ដែល​ពាក់ព័ន្ធ​នឹង​រថភ្លើង​ដឹក​មនុស្ស​ប្រមាណ​៣៥០​នាក់​នេះ​។​

​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់​បាន​និយាយថា ទូរ​រថ​ភ្លើ​ចំនួន​បួន​បាន​ធ្លាក់​ចេញពី​ផ្លូវ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​នៅក្បែរ​ទីក្រុង​តា​បា​ស​(Tabas)​ចម្ងាយ​ប្រមាណ​៥៥០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​តេ​អេ​រ៉ង់​។​

​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ជា​មួយនឹ​ឡានពេទ្យ​និង​ឧទ្ធម្ភាគចក្រ​ដែល​បាន​ទៅដល់​តំបន់​ដាច់ស្រយាល​នេះ​បាន​ឃើញ​អ្នរងរបួសធ្ងន់​ជាង​ដប់​នាក់​និង​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​មូលដ្ឋាន​។​

​សារព័ត៌មាន​អ៊ីរ៉ង់​បាន​ស្រង់​សម្តី​អភិបាលក្រុង​តា​បាស ដែល​បាន​និយាយថា ឧបទ្ទវហេតុ​នេះ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​១៧​នាក់​និង​ថា ចំនួន​អ្នក​ស្លាប់​អាច​នឹង​ក់ន​ឡើង​នៅពេល​ក្រុម​ជួយសង្គ្រោះ​កំពុង​​បន្ត​ស្វែងរក​ជនរងគ្រោះ​។​

​រូប​វីដេអូ​របស់​ទូរទស្សន៍​អ៊ីរ៉ង់​បង្ហាញ​ទូរ​រថភ្លើង​មួយ​ធ្លាក់​ចេញពី​ផ្លូវ ដោយ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ព្យាយាម​ថែ​ទាំង​អ្នករងរបួស​។​ទូរទស្សន៍​ក្រោយ​មក​ចាក់ផ្សាយ​រូបភាព​មក​ពី​មន្ទីរពេទ្យ​មួយ ដោយ​អ្នកជំងឺ​​កំពុង​សម្រាក​ព្យាបាល​។​

​អ្នក​រងរបួស​ម្នាក់​បាន​និយាយ​ប្រាប់​អ្នកយក​ព័ត៌មាន​ទូរទស្សន៍​ថា គេ​ហាក់​មាន​អារម្មណ៍​ថា រថភ្លើង​ចាប់​ហ្វ្រាំង​ភ្លាមៗ​និង​យឺត​ចុះ ហើយ​អ្នកដំណើរ​យោល​ទៅមុន​និង​មក​ក្រោយ​ដូច​បាល់​ឡង​មុន​ទូរ​រថភ្លើង​​ធ្លាក់​ចេញពី​ផ្លូវ​។​

​របាយការណ៍​បាន​និយាយថា គ្រោះថ្នាក់​នេះ​កំពុង​ស្ថិត​ក្រោម​ការស៊ើបអង្កេត និង​របាយការណ៍​ដំបូងៗ​បានបង្ហាញ​ថា រថ​ភ្លើ​បុក​ត្រាក់ទ័រ​ឈូស​មួយ តែ​គេ​នៅ​មិនទាន់​ដឹងថា​តើ​ត្រាក់ទ័រ​នេះ​នៅលើ​ផ្លូវ​រថ​​ភ្លើង​នៅ​ពេលយប់​ឬ​នៅ​ក្បែរ​។​មន្ត្រី​ម្នាក់​បាន​និយាយថា វា​អាច​ជា​ផ្នែក​មួយ​នៃ​ការងារ​ជួសជុល​ផ្លូវ​។​

​គ្រោះថ្នាក់​រថភ្លើង​អាក្រក់​បំផុត​នៅ​អ៊ីរ៉ង់​បាន​កើតឡើង​នៅ​ឆ្នាំ​២០០៤ នៅពេល​រថភ្លើង​មួយ​ដឹក​សាំង ជីរ​គីមី ស៊ុល​ហ្វួរ​និង​កប្បា​ស់បាន​ធ្លាក់ចេញ​ពី​ផ្លូវ​នៅក្បែរ​ទីក្រុង ណេយ​សាបួរ ដោយ​សម្លាប់​មនុស្ស​ប្រ​​មាណ​៣២០​នាក់ របួស​៤៦០​នាក់​និង​បំផ្លាញ​ភូមិ​ដល់​ទៅ​ប្រាំ​៕