​ដោយៈ សុ​ផានី​តា / កោះកុង​: លោកស្រី អភិបាលខេត្ត​កោះកុង បាន​រំលឹក​ពី​ការជូនដំណឹង ដល់​ប្រជាពលរដ្ឋ សាធារណជន ដែល​បានប្រកាស កាលពី​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២២​ថាៈ អនុគណៈកម្មការ ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ខេត្ត នឹង​ផ្តល់​សេវា​ចាក់​វ៉ាក់សាំង ដូ​ស​ទី​៥ ដល់​មន្ត្រី​សុខាភិបាល មន្ត្រីរាជការ រហូតដល់​អាជ្ញាធរ​មូលដ្ឋាន កងកម្លាំង​សមត្ថកិច្ច ចាប់ពី​ព្រឹក​ថ្ងៃស្អែក​នេះ តទៅ​។​

​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង បានឱ្យដឹង តាមរយៈ​លិខិត​ជូនដំណឹង របស់ខ្លួន​ថាៈ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និង​អាជ្ញាធរ​មូលដ្ឋាន ជន​វ័យចាស់ ដែលមាន អាយុ​ចាប់ពី ៦០ ឆ្នាំ​ឡើង បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ដូ​ស​ទី​៤ រួចហើយ មាន​គម្លាត​យ៉ាងតិច ៣ ខែ​ឡើង ត្រូវបាន​មកចាក់​វ៉ាក់សាំង ដូ​ស​ទី​៥ បន្ត​។​

​លោកស្រី អភិបាលខេត្ត​កោះកុង បង្ហាញ​ដែរ​ថាៈ ក្រុមមនុស្ស​ដែលមាន​ប្រព័ន្ធ​ការពារ​ខ្សោយ ដែលមាន​អាយុ​ចាប់ពី ១២ ឆ្នាំ​ឡើង នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៥ ហើយ​ក្រុម​គោលដៅ ដូច​ជម្រាបជូន​ខាងលើនេះ ត្រូវ​មក​ទទួល​ចាក់​វ៉ាក់សាំង ដោយ​ភ្ជាប់​នឹង​ប័ណ្ណ​ចាក់​វ៉ាក់សាំង ដូ​ស​ទី​៤​។ យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ដូ​ស​ទី​៥ ធ្វើឡើង ចាប់ពី​ថ្ងៃទី​៩ ខែមិថុនា ដល់​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២២ ចាប់ពី​ម៉ោង ៩ ព្រឹក រហូតដល់​ម៉ោង ៤ រសៀល ជា​រៀងរាល់ថ្ងៃ​។​

​គួរ​ជម្រាប​ថា ទីតាំង​ដែល​នឹងត្រូវ​ផ្តល់​ថ្នាំ​វ៉ាក់សាំង មាន​ចំនួន ៤ មណ្ឌល គឺ​នៅក្នុង​ក្រុង ខេមរភូមិន្ទ នៅក្នុង​បរិវេណ​មណ្ឌល​សុខភាព ស្មាច់មានជ័យ និង​មណ្ឌល​សុខភាព ស្ទឹង​វែង​។ រីឯ​ស្រុក​ស្រែអំបិល​វិញ គឺ​នៅ​មណ្ឌល​សុខភាព បឹង​ព្រាវ និង​មណ្ឌល​សុខភាព ស្រែអំបិល​។​
​ថ្នាំ​វ៉ាក់សាំង​បង្ការ​ការពារ​ជំងឺ​កូ​វីដ​១៩ នៅតែ​ជា​អាវ​ក្រោះ​ដ៏​សំខាន់ សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង ជំងឺ​កូ​វីដ​១៩ ទើប​ធ្វើឱ្យ​ប្រទេសជាតិ​កម្ពុជា អាច​ស្តារ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​ឡើងវិញ មកដល់ពេលនេះ​។ នេះ​ក៏​ព្រោះតែ​មានការ​យកចិត្តទុកដាក់​ខ្ពស់បំផុត ពី​សំណាក់​ការដឹកនាំ ដ៏​បុ​ិ​ន​ប្រសប់ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។​

​យោងតាម​របាយការណ៍​លទ្ធផល នៃ​ការចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​១៩ របស់​រដ្ឋបាល ខត្ត​កោះកុង គិតពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ ដល់​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២២ បង្ហាញថា ខេត្តកោះកុង មាន​អ្នក​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៤ រួចរាល់​ហើយ ដែល​អាយុ​ចាប់ពី ១២ ឆ្នាំ ឡើងទៅ មាន​ប្រមាណ​សរុប ១១.៣៣៤ នាក់ ស្ត្រី ៥.១៤១ នាក់​៕/V​