ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​ផ្សព្វផ្សាយ​ពី​នីតិវិធី​នៃ​ការស្នើសុំ ប្រកាស​បង់ពន្ធ​ប្រថាប់ត្រា លើ​ការផ្ទេរកម្មសិទ្ធិ ឬ​អចលនទ្រព្យ និង​ប្រើប្រាស់​កម្មវិធី​ត្រួតពិនិត្យ និង​តាមដាន​ឯកសារ (GDT. Check & Theck) នៅក្នុង​សិក្ខាសាលា​មួយ នា​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២២ នៅ​សាលាខេត្ត​កំពង់ឆ្នាំង តាមរយៈ​ប្រព័ន្ធ​ហ្ស៊ូ​ម ។​

​សិក្ខាសាលា​នេះ បានធ្វើ​ឡើង ក្រោម​អធិបតីភាព​លោក គង់ វិបុល​រដ្ឋមន្ត្រី​ប្រតិភូ​អម នាយករដ្ឋមន្ត្រី និង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ពន្ធដារ តាមរយៈ​ប្រពន្ធ​ហ្សូ​៊​ម និង​មានការ​ចូលរួម​ពី លោក ឈិន សេង​ងួន អភិបាលរង ខេត្តកំពង់ឆ្នាំង , លោក វង្ស ឌី​ណា ប្រធាន​សាខា​ពន្ធដារ ខេត្តកំពង់ឆ្នាំង រួម​នឹង​មន្ត្រី​ជំនាញ អាជ្ញាធរខេត្ត អភិបាលក្រុង​.​ស្រុក ទាំង​៨ ឃុំ​.​សង្កាត់ ទាំង​៧១ ក្នុង​ខេត្ត ។​

​តាមរយៈ​សិក្ខាសាលា​នេះ លោក គង់ វិបុល បាន​មានប្រសាសន៍ ក្នុងការ​ធ្វើ​បទ​បង្ហាញ ស្ដីពី​នីតិវិធី នៃ​ការស្នើសុំ​ប្រកាស​បង់ពន្ធ​ប្រថាប់ត្រា លើ​ការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់ អចលនទ្រព្យ និង​បញ្ហា​ប្រឈម​នានា បទ​បង្ហាញ​ស្តីពី​ការប្រើប្រាស់ កម្មវិធី​ត្រួតពិនិត្យ និង​តាមដាន​ឯកសារ (GDT & Track) ពិសេស​ធ្វើការ​ទប់ស្កាត់ និង​ពង្រឹង​លើ​សមត្ថភាព អភិបាលកិច្ច នៅ​ក្រុង ស្រុក ឃុំ សង្កាត់ ឱ្យបាន​ល្អ និង​សហការ​ជាមួយ មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ធ្វើការ​ផ្សព្វផ្សាយ​បន្ត​ទៅដល់ ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន រួម​នឹង​បញ្ហា​ប្រឈម​ផ្សេងៗ​ផងដែរ ។​

​បើ​យោងតាម​ប្រកាស ស្តីពី​ការកំណត់​មូលដ្ឋាន គិត​ពន្ធ​ប្រថាប់ត្រា ចំពោះ​ការផ្ទេរកម្មសិទ្ធិ ឬ សិទ្ធិ​កាន់កាប់​អចលនទ្រព្យ ប្រកាស​នេះ មាន​គោលបំណង​ធានា​សង្គតិភាព នៃ​ការប្រមូល​ពន្ធ ប្រថាប់ត្រា ចំពោះ​ការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ ។ ចំណែក​គោលដៅ​ប្រកាស នេះ កំណត់​មូលដ្ឋាន​គិត​ពន្ធ ដែល​ត្រូវអនុវត្ត​ចំពោះ​កម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ ។ ប្រកាស​នេះ មាន​វិសាលភាព​អនុវត្ត ចំពោះ​ការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ដែល ជា​សំណង់ ឬ​/​និង​ដី ស្ថិតក្នុង​ភូមិសាស្ត្រ រដ្ឋបាល​រាជធានី ខេត្ត នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​​អនុលោម​តាមច្បាប់​ជា​ធរមាន ពន្ធ​ប្រថាប់ត្រា ត្រូវបាន​កំណត់ តាម​អត្រា ៤ ភាគរយ នៃ​តម្លៃ​អចលនទ្រព្យ ដែលជា​កម្មសិទ្ធិ នៃ​ការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​។ មូលដ្ឋាន​គិត​ពន្ធ ប្រថាប់ត្រា បានកំណត់ ដូច​បានចែង​ក្នុង​ឧបសម្ព័ន្ធ នៃ​ប្រកាស​នេះ ។​

​នៅក្នុង​សិក្ខាសាលា ពេញ​មួយ​ព្រឹក​នេះ មានការ​ដេញដោល​សួ​នាំ ពី​អាជ្ញាធរ​ស្រុក ក្រុង ឃុំ សង្កាត់ ស្ដីពី​នីតិវិធី​នៃ​ការស្នើសុំ​ប្រកាស​បង់ពន្ធ​ប្រថាប់ត្រា លើ​ការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់ អចលនទ្រព្យ នូវ​ការប្រើប្រាស់​វិធី​ត្រួតពិនិត្យ និង​តាមដាន​ឯកសារ ដោយ​ការយកចិត្តទុកដាក់ ពី​សមាជិក​អង្គសិក្ខាសាលា ផងដែរ ៕/V​