ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រភព​ពី​ក្រុម​មេឃ​ខៀវ Manchester City បាន​ប្រាប់​កាសែត Daily Mirror ថា​ពាក្យ​ចចាមអារ៉ាម​អំពី​ការផ្ទេរ​យក​ខ្សែប្រយុទ្ធ​ក្រុម​កាំភ្លើង​ធំ Arsenal និង​ជម្រើសជាតិ​អង់គ្លេស កីឡាករ បួ​កាយ៉ូ សា​កា (Bukayo Saka) គឺជា​រឿង​មិន​ពិត​។ កាសែត​នេះ​សរសេរ​ថា​មិន​មាន “​ការចាប់អារម្មណ៍​” ចំពោះ​កីឡាក​រវ័យ ២០ ឆ្នាំ​រូប​នេះ​ទេ ដែល​ឥឡូវ​កំពុង​ឈាន​ចូល​ពីរ​ឆ្នាំ​ចុងក្រោយ​លើ​កិច្ចសន្យា​ជាមួយ Arsenal​។​

​ដោយឡែក ក្រុម​ញញួរ​ធំ West Ham កំពុង​សម្លឹងមើល​កីឡាករ គ្រី​ស្ទាន អេ​រិក​សិន (Christian Eriksen) និង​កីឡាក​ចាវ​គីន មេ​ឡេ (Joakim Maehle) នេះ​បើ​យោង​តាម​សារព័ត៌មាន Daily Star ។ អេ​រិក​សិន​អាយុ ៣០ ឆ្នាំ​កំពុង​លេង​នៅ​ក្លិប Brentford ខណៈ​មេឡេអា​យុ ២៥ ឆ្នាំ​គឺជា​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​ដា​ណឺ​ម៉ាក​ជា​មួយអេ​រិក​សិន ហើយ​កំពុង​លេង​ឱ្យ​ក្លិប Atalanta របស់ Serie A ។​

​ចំណែកឯ​លោក ថូ​ម៉ាស ធូ​ខល់ (Thomas Tuchel) ត្រូវបាន​សន្យា​ឱ្យ​គ្រប់គ្រង​លើ​ការផ្ទេរ​កីឡាករ​នៅ​ក្លិប​តោ​ខៀវ Chelsea ដោយ​ម្ចាស់​ថ្មី​របស់​ក្លិប​គឺ​លោក ដុត បូ​លី (Todd Boehly) នេះ​បើ​យោង​តាម​កាសែត The Daily Telegraph ។ កាសែត​បាន​សរសេរថា ចំណាត់ការ​នេះ​គឺ​ចង់​យក​គំរូ​តាម​ប្រតិបត្តិការ​របស់ Manchester City និង Liverpool​។​

​ហើយ​កាសែត Daily Mirror បាន​រាយការណ៍​ថា ខ្សែ​ប្រយុទ្ធ ហ្គា​ព្រីល យ៉េ​ស៊ូស (Gabriel Jesus) របស់ Manchester City កំពុង​សម្លឹង​ចូលរួម​ជាមួយ Real Madrid ជាជាង Arsenal ។ ដោយ​ដកស្រង់​ចេញពី​ទូរទស្សន៍ ESPN កាសែត​នេះ​និយាយថា City បាន​ដាក់​តម្លៃ ៥៥ លាន​ផោន​លើ​កីឡាក​រវ័យ ២៥ ឆ្នាំ​រូប​នេះ​៕

បួ​កាយ៉ូ សា​កា​ផ្ទេរ​មក City គឺជា​រឿង​មិន​ពិត