​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ធនាគារពិភពលោក​កាលពី​ថ្ងៃ​អង្គារ​ទី​៧ មិថុនា​បាន​កាត់បន្ថយ​ការ​ព្យាករណ៍​អំពី​កំណើន​សេដ្ឋកិច្ច​ពិភពលោក​របស់​ខ្លួន​ជិត​មួយ​ភាគ​បី គឺ​មក​នៅត្រឹម ២,៩​ភាគ​​រយ​សម្រាប់​ឆ្នាំ ២០២២ ដោយ​ព្រមាន​ថា​ការ​លុកលុយ​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែន​បានបង្កើន​ការខូចខា​ត​បង្ក​ឡើង​ពី​ជំងឺ​រាតត្បាត​កូវី​ដ​១៩ ហើយ​ប្រទេស​ជាច្រើន​ឥឡូវនេះ​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​។​

​ធនាគារ​ពិភពលោក​បាន​និយាយ​នៅក្នុង​របាយការណ៍​ទស្ស​ន​វិស័យសេដ្ឋកិច្ច​សក​ល​របស់ខ្លួន​ថា សង្គ្រាម​នៅ​អ៊ុយ​ក្រែន​បាន​ពង្រី​កការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ពិភពលោក​ដែល​ឥឡូវ​នេះ​កំពុង​ឈាន​ចូលដល់​​អ្វី​ដែល​អាច​ក្លាយជា “​អំឡុង​ពេល​កំណើន​ទន់ខ្សោយ​ដែល​បង្អែបង្អង់​ពេល​យូរ​និង​អតិផរណា​ខ្ពស់​ជាប់លាប់​” ដោយ​ព្រមាន​ថា ទស្សនវិស័យ​នៅតែ​អាច​អាក្រក់​ទៅៗ​។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ប្រធាន​ធនាគារ​ពិភពលោក លោក ដេវីត ម៉ាល់​ផាស (David Malpass) បាន​និយាយថា កំណើន​សេដ្ឋកិច្ច​ពិភពលោក​អាច​ធ្លាក់ចុះ​មក​នៅត្រឹម ២,១​ភាគរយ​​នៅ​ឆ្នាំ ២០២២ និង ១,៥ ភាគរយ​នៅ​ឆ្នាំ ២០២៣ ដោយ​រុញ​កំណើន​ក្នុង​សេដ្ឋកិច្ច​នីមួយៗ​ឱ្យ​ធ្លាក់​ជិត​ដល់​សូន្យ ប្រសិនបើ​ហានិភ័យ​ទាំងឡាយ​ពិតជា​កើតឡើង​មែន​នោះ​។​

​លោក​ម៉ាល់​ផា​ស​បាន​និយាយថា កំណើន​ពិភពលោក​កំពុង​ត្រូវបាន​រារាំង​ដោយ​សង្គ្រាម ការបិទ​ខ្ទប់​ទប់ស្កាត់​កូវី​ដ​ថ្មី​នៅក្នុង​ប្រទេស​ចិន ការរំខាន​ដល់​ខ្សែសង្វាក់​ផ្គត់ផ្គង់ និង​ការកើនឡើង​ហានិភ័យ​​នៃ​អតិផរណា​ខ្ពស់​ជាប់លាប់ ពោលគឺ​អំឡុងពេល​នៃ​កំណើន​សេដ្ឋកិច្ច​ខ្សោយ និង​អតិផរណា​ខ្ពស់​ឡើងៗ ដែល​ឃើញ​ចុងក្រោយ​បំផុត​នៅក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៧០​។​

​លោក​ម៉ាល់​ផា​ស​បាន​សរសេរ​ក្នុង​របាយការណ៍​ថា “​គ្រោះថ្នាក់​នៃ​អតិផរណា​ខ្ពស់​ជាប់លាប់​គឺ​គួរឱ្យកត់សម្គាល់​នា​ពេល​សព្វថ្ងៃ​នេះ​”​។​

“​កំណើន​ធ្លាក់ចុះ​ទំនងជា​នឹង​បន្ត​កើតមាន​ពេញ​មួយ​ទសវត្សរ៍​នេះ​ដោយសារ​តែ​ការវិនិយោគ​ទន់ខ្សោយ​នៅក្នុង​ប្រទេស​ភាគច្រើន​នៃ​ពិភពលោក​។​ជាមួយ​នឹង​អតិផរណា​ឥឡូវ​នេះ​កំពុង​ឈាន​ដល់​កម្រិត​​ខ្ពស់​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​នៅក្នុង​ប្រទេស​ជាច្រើន ហើយ​ការផ្គត់ផ្គង់​រំពឹង​កើនឡើង​យឺត វា​មាន​ហានិភ័យ​ដែល​អតិផរណា​នឹង​បន្ត​នៅ​ខ្ពស់​រយៈពេល​យូរ​”៕