​ដោយ : ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ក្រុមការងារ​ចម្រុះ​ច្រក​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​បានអោយដឹង​កាលពី​ថ្ងៃទី​០៨​ខែមិថុនា​ថា ពីថ្ងៃ​ទី​៦ ដល់​ថ្ងៃទី ៨ ខែមិថុនា​ឆ្នាំ​២០២២ នេះ នៅ​មណ្ឌល​ទទួល​ទទួល​ពល​ករ​ខ្មែរ​វិល​ពី​ប្រទេស​ថៃ មាន​ចំនួន ពី​៥០​ទៅ​៦០​នាក់​នៅក្នុង​មួយថ្ងៃៗ​ប៉ុណ្ណោះ ក្នុងនោះ​រួមមាន​ភាគច្រើន​ជា​ពលរដ្ឋ​រស់នៅ​ខេត្តបន្ទាយមានជ័យ​។​

​ប្រភព​ដដែល​បាន​បន្តថា ពលករ​ទាំងនោះ​ត្រូវយក​សំណាក​និង​ធ្វើតេស្ត​រហ័ស​លើក​ទី​១ សម្រាប់​អ្នក​អត់​បាន​ចាក់​វ៉ាក់សាំង​សោះ ឯ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ពលករ​ខ្មែរ​វិល​ពី​ប្រទេស​ថៃ នៅក្រោយ​ថ្ងៃ​បោះឆ្នោត​ឃុំ​/​សង្កាត់​ក៏មាន​ពី​៥០​ទៅ​៧០​នាក់​នៅក្នុង​មួយថ្ងៃៗ​។​

​ចំណែក​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥ ម៉ាឡៃ​បានអោយដឹងថា សភាពការណ៍​តាម​ខ្សែបន្ទាត់​ព្រំដែន និង​សកម្មភាព​ការងារ​ឃើញថា សភាពការណ៍​ក្រៅ​ភូមិសាស្ដ្រ ពុំមាន​អ្វី​ប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់​ឡើយ ក្នុងនោះ​អាជ្ញាធរ​ថៃ​មិនបាន​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​ខ្មែរ ឡើយ ហើយ​កិច្ចសហការ​ទប់ស្កាត់​ប្រជាពលរដ្ឋ​លួច​ឆ្លងដែន​ខុសច្បាប់​ក៏​គ្មាន​ដែរ ដោយសារតែ​គ្មាន​ពលករ​ឆ្លងដែន​ខុសច្បាប់ ។​

​ដោយឡែក​កាលពី​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០២២ ល្ងាច​កម្លាំង​ប៉ុស្ដិ៍នគរបាល​ព្រំដែន​ចំបក់ ដឹកនាំ​ដោយ​លោក វរសេនីយ៍ត្រី ប៊ុន គុន នាយប៉ុស្ដិ៍ សហការ​ជាមួយ​កម្លាំងយោធា​ផ្នែក​សឹក​រង​ក្រុង​ប៉ោយប៉ែត បាន​ទប់ស្កាត់​ប្រជាពលរដ្ឋ​បម្រុង​លួច​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​ចំនួន​តែ ១២​នាក់ នៅក្នុង​នោះ​មាន​ស្រី​ពីរ​នាក់ កុមារ​បួន​នាក់ ត្រង់ចំណុច​មាត់​អូរ​ព្រំដែន ស្ថិតក្នុង​ភូមិ​ល្វា ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្ដ​បន្ទាយមានជ័យ ដោយ​ពួកគាត់​មាន​ទីលំនៅ​ក្នុង​ខេត្ដ​ចំនួន បី​មាន​បន្ទាយមានជ័យ បាត់ដំបង​និង​សៀមរាប ។​

​បន្ទាប់ពី​ធ្វើការ​សួរនាំ និង​ធ្វើ​កិច្ចសន្យា​រួច សមត្ថកិច្ច​បានប្រគល់​ជូន​ផ្នែក​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ាឡៃ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ហើយ​នៅ​ថ្ងៃទី ០៧ និង ០៨ ខែ មិថុនា គឺ មិនមាន​សកម្មភាព​ទេ ៕​