ដោយៈ យោធិន / កំពង់ស្ពឺៈ នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ ជាតិ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ គ្រប់គ្រង​កងកម្លាំងរ​ក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម បាន​អញ្ជើញ​ចុះ​ពិនិត្យ បញ្ចប់​ការងារ​ប្រុងប្រៀប រៀបចំម​ធ្យេ​ា​បាយ សម្ភារៈ គ្រឿង​បំពាក់ អាគារ​ស្នាក់នៅ និង​អាគារ​ផ្ទះបាយ​ចល័ត ដើម្បី​វេច​ខ្ចប់ របស់​កង​កម្ទេច​គ្រឿងផ្ទុះ (EOD) ថ្មី សម្រាប់​បញ្ជូន​ចេញទៅ​បំពេញបេសកកម្ម​សន្តិភាព របស់​អង្គការសហប្រជាជាតិ នៅ​សាធារណរដ្ឋ អា​ហ្រិ្វ​ក​កណ្តាល ដើម្បី​ប្រជុំ​ចុងក្រោយ តាម​ប្រព័ន្ធ​ហ្សូ​៊​ម ( ZOOM ) ជាមួយ​មន្ត្រី​ក្រុមការងារ​វាយតម្លៃ​របស់ អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ញ៉ូ​វ​យ៉​ក សហរដ្ឋអាមេរិក នា​វិទ្យាស្ថាន​ហ្វឹកហ្វឺន បណ្តុះបណ្តាល កងកម្លាំង​រក្សា​សន្តិភាព បោសសំអាត​មីន និង​កាកសំណល់​ស​ង្គា​ម ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។​

​នាយ​ឧ​ត្ត​ម​សេនីយ សែម សុវណ្ណនី បាន​ថ្លែង​បញ្ជាក់ នៅ​ថ្ងៃទី​៨ ខែមិថុនា នេះ​ថាៈ កង​ថ្មី ដែលជា​កង​កម្ទេច​គ្រឿងផ្ទុះ (EOD) សរុប​មាន​ចំនួន ៩៨ នាក់ ក្នុងនោះ មាន​កងកម្លាំង គាំទ្រ​ថ្នាក់ជាតិ ចំនួន ៣ នាក់ ផងដែរ​នោះ ត្រូវបាន​ក្រុមមន្ត្រី មកពី​សហប្រជាជាតិ (UN) ចំនួន ៤ រូប ធ្វើការ​ត្រួតពិនិត្យ និង​វាយតម្លៃ​សមត្ថភាព​ជំនាញ​វិជ្ជាជីវៈ ប្រើប្រាស់​សំភារៈ​កម្ទេច គ្រឿងផ្ទុះ (EOD) និង​ត្រួតពិនិត្យ​សំភារៈ​គ្រឿង​បំពាក់​នានា ធ្វើ​របាយការណ៍ រាយការណ៍ បញ្ជូនទៅ​ស្នាក់ការ​កណ្តាល អង្គការសហប្រជាជាតិ ដើម្បី​រៀបចំ​កង EOD ថ្មី មួយ​កង​នេះ បញ្ជូនទៅ​បំពេញបេសកកម្ម ថែរក្សា​សន្តិភាព UN រដ្ឋធានី ប៊ែ​ង​ហ្គី សាធារណរដ្ឋ អាហ្វ្រិក​កណ្តាល បន្ថែមទៀត នៅក្នុង​អំឡុង​ត្រីមាស​ទី​៣ ក្នុង​ឆ្នាំ​២០២២ នេះ​។​

​នាយ​ឧ​ត្ត​ម​សេនីយ សែម សុវណ្ណនី ក្នុងនាម​ជា អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​សម្រប សម្រួល​កិច្ចការ បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព បាន​ថ្លែងថាៈ កម្ពុជា បាន​បញ្ជូន​ទ័ព​មួក​ខៀវ ទៅ​បំពេញបេសកកម្ម​រក្សា​សន្តិភាព UN នៅ​តំបន់ BRIA សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល លើកដំបូង នៅ​ឆ្នាំ​២០១៥ មកដល់​ឆ្នាំ​២០២២ គឺ​កម្ពុជា បាន​បញ្ជូន​ទ័ព​មួក​ខៀវ ប្តូរ​វេន​ប្រចាំឆ្នាំ ១​ឆ្នាំ​ម្តង មាន​ចំនួន​ជាង ២០០ នាក់ បាន​ចំនួន ៨ លើក​។ ដោយឡែក ការបញ្ជូន​ប្តូរ​វេន​លើក​ទី​៨ ក្នុង​ឆ្នាំ​២០២២ នេះ ភាគី UN បានស្នើ​កម្ពុជា បន្ថែម​កងកម្លាំង ចំនួន ១៥ នាក់​បន្ថែមទៀត ដើម្បី​ព​ង្រឹ​ក​បេសកកម្ម ដូចជា សាងសង់​សំណង់​ផ្តេក សាងសង់​សំណង់​បញ្ឈរ ដោះមីន កម្ទេច​គ្រឿង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ជីក​អណ្តូងទឹក ជួយ​ជន​ស៊ីវិល​ផ្នែក​មនុស្សធម៌ និង​ការពារ​ជន​ស៊ីវិល នៅ​តំបន់​មាន​ជម្លោះ​សង្គ្រាម នៅ​តំបន់ BRIA ជាដើម​។​

​សូមបញ្ជាក់ថា កម្ពុជា គិត​ចាប់ពី​ឆ្នាំ​២០០៦ រហូតមកដល់​ឆ្នាំ​២០២២ នេះ បាន​បញ្ជូន កងកម្លាំង​សរុប​ជាង ៨.០០០ នាក់ ក្នុងនោះ មាន​នារី ចំនួន ៥២៨ នាក់ ទៅកាន់​បេសកកម្ម ចំនួន​១១ ក្នុងប្រទេស​ចំនួន ៩​ប្រទេស ។ ដោយឡែក នៅក្នុង​ឆ្នាំ​២០២២ នេះ កម្ពុជា មាន​កងទ័ព​មួក​ខៀវ ចំនួន​ជិត ៨០០ នាក់ កំពុង​បំពេញបេសកកម្ម រក្សា​សន្តិភាព នៅតាម​បណ្តា​ប្រទេស ចំនួន ៤ រួមមាន ប្រទេស​ស៊ូដង់​ខាងត្បូង លី​បង់ អាហ្វ្រិក​កណ្តាល និង​ប្រទេស​ម៉ាលី ៕/V​