ដោយៈ សុផល / ភ្នំពេញ​: រដ្ឋសភា នៅ​រសៀល​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២២ បានរៀបចំ កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ ឯកអគ្គរាជទូត​-​រដ្ឋទូត​នានា ប្រចាំ​នៅ​កម្ពុជា ស្តីពី​ដំណើរការ ប្រជាធិបតេយ្យ ក្នុងការ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ កន្លងទៅនេះ​។​

​កិច្ចប្រជុំ​នេះ បានធ្វើ​ឡើង​នៅ​សាលសន្និសីទ​បាយ័ន នៃ​វិមាន​រដ្ឋសភា ដែល​ដឹកនាំ​ដោយ លោក សួស យ៉ា​រ៉ា ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ ឃោសនា និង​ព័ត៌មាន នៃ​រដ្ឋសភា (​គណៈកម្មការ​ទី​៧) ដោយមាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ តំណាង​គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ដៃគូ​ជាតិ និង​អន្តរជាតិ មួយចំនួន​។​

​សូមបញ្ជាក់ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ បាន​បិទ​បញ្ចប់ កាលពី​ល្ងាច​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២ ដោយមាន​ប្រជាពលរដ្ឋ ៨០.១៩ ភាគរយ ស្មើនឹង​ជាង ៧ លាន​នាក់ បានមក​ចូលរួម​បោះឆ្នោត ក្នុងចំណោម​អ្នក​ដែលមាន​ឈ្មោះ ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត ជាង ៩,២ លាន​នាក់​។​

​ការបោះឆ្នោត​នេះ មានការ​ចូលរួម​ពី គណបក្សនយោបាយ ចំនួន​១៧ ចូលរួម​ប្រកួតប្រជែង និង​មានការ​សង្កេតការណ៍ ដោយ​បណ្តា​ស្ថាប័ន អង្គការ សហគមន៍​ចំនួន ៧២ និង​សហគមន៍​អន្តរជាតិ ចំនួន​១៩ ព្រមទាំង​មាន​ភ្ញៀវ​ពិសេស ចំនួន​៥ ស្ថាប័ន​ផងដែរ ក្នុងនោះ​មាន​ស្ថានទូត​ជប៉ុន អូស្ត្រាលី និង​រុស្ស៊ី​ជាដើម​។​

​ទាំង​សមាគមជាតិ និង​អន្តរជាតិ ព្រមទាំង​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ សុទ្ធតែ​បាន វាយតម្លៃថា ការបោះឆ្នោត​នេះ បាន​ប្រព្រឹត្ត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។ ជារួម ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ត្រូវបាន​ប្រព្រឹត្តទៅ ប្រកបដោយ តម្លាភាព និង​យុត្តិធម៌​ត្រឹមត្រូវ ហើយ​ប្រជាពលរដ្ឋ មក​ចូលរួម​បោះឆ្នោត ដោយ​គ្មាន​ការ​បង្ខិត បង្ខំ​នោះទេ​។ ដោយឡែក ស្ថានភាព​សន្ដិសុខ និង​សណ្ដាប់ធ្នាប់​ទូទៅ ក្នុង​ដំណើរការ បោះឆ្នោត នៅ​ទូទាំងប្រទេស មាន​ភាពស្ងប់ស្ងាត់​ល្អប្រសើរ មិនមាន​បាតុភាព​អ្វី​រារាំង នោះឡើយ​៕/V​