ដោយ​: មុនី​រ័ត្ន​/​ភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធានកិត្តិយសសមាគម​សម្ព័ន្ធ​សារព័ត៌មាន​ឯករាជ្យបាន​បញ្ជាក់ថា ” លំហរ​បេសកកម្ម​រប​ស់​អង្គការ​សមាគម​នៅ​កម្ពុជា ពិត​ជាមាន​ភាពទូលំទូលាយ និង​សម្បូរបែប​” ។ ការថ្លែងដូចនេះនៅក្នុង​ពិធី​ចុះ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា​រវាង​សមាគម​សម្ព័ន្ធ​សារព័ត៌មាន​ឯករាជ្យ និង​អង្គការ សមាគម​ក្រៅ​រដ្ឋាភិបាលចំនួនប្រាំបួននៅ​សណ្ឋាគារ សុខា​ភ្នំពេញ នា​រសៀល​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២២ ។

លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធានកិត្តិយសសមាគម​សម្ព័ន្ធ​សារព័ត៌មាន​ឯករាជ្យ(រូបថតក្រុមការងារ)

​ក្នុងឱកាសនេះ​លោ​កស សុខា បាន​កោតសរសើរ​ចំពោះ​លទ្ធផល​នៃ​ការប្រឹងប្រែង​របស់​សមា​គម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​ឯករាជ្យ រហូត​ឈានដល់​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​អង្គការ​សមាគម ចំនួនប្រាំបួនបន្ថែមទៀត នា​ថ្ងៃនេះ​។ លោកក៏បាន​ថ្លែងអំណរគុណ​ចំពោះ​អង្គការ​សមាគម​ទាំងអស់ រួមទាំង​ថ្នាក់ដឹកនាំ​អង្គការ​សមាគម ដែល​បាន​ចូលរួម​ពង្រឹង​សុខសន្តិភាព ស្ថិរភាព​ជាតិ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ពិសេស​ការបង្កា​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។​

​លោ​កស សុខា បាន​មានប្រសាសន៍ថា លំហរ​បេសកកម្ម​រប​ស់​អង្គការ​សមាគម​នៅ​កម្ពុជា ពិត​ជាមានភាព ទូលំទូលាយ និង​សម្បូរបែប​។ លោក​ក៏បាន​សម្ដែង​ការចាប់អារម្មណ៍​ចំពោះ​សមាគម និងអង្គការក្រៅ រដ្ឋាភិបាល​មួយចំនួន​ជា​ដៃគូ​របស់ IPA ដែល​បានធ្វើ​បេសកម្ម​ពាក់ព័ន្ធ​នឹង​ការជំរុញ​ការលើកកម្ពស់​វិស័យ​អប់រំ វិស័យសេដ្ឋកិច្ច និង​កសិកម្ម​ជាមួយ​រាជរដ្ឋាភិបាល​។

​ក្នុងនាម​ជា​ប្រធានកិត្តិយស​សមាគម​សម្ព័ន្ធ​សារព័ត៌មាន​ឯករាជ្យ លោ​កស សុខា បានផ្ដល់​អនុសាសន៍​ឱ្យ​ភាគី​ហត្ថលេខី រៀបចំ​ផែនការ​សកម្មភាព និង​កម្មវិធី​ការងារ​អោយ​ច្បាស់លាស់ ជាក់លាក់ ដើម្បី​ងាយស្រួល​អនុវត្ត​ការងារ ឱ្យ​ទទួលបាន​លទ្ធផល​តាម​ការរំពឹងទុក ធានាឱ្យមាន​ធនធាន​គ្រប់គ្រាន់ ទាំង​ធនធានមនុស្ស ថវិកា ឧបករណ៍ សម្ភារៈប្រើប្រាស់​សំដៅ​ឆ្លើយតប​ទៅនឹង​ផែនការ​សកម្មភាព​ដែល​បានកំណត់​។

​លោក ស សុខា ក៏បាន​ណែនាំ​ឱ្យ​រៀបចំ​ក្រុមការងារ​ទទួលខុសត្រូវ​អោយបាន​ច្បាស់លាស់​ក្នុងការ​ទំនាក់ទំនង​ផ្តល់ព័ត៌មាន និង​ធ្វើ​កិច្ច​សហប្រតិបត្តិ​ជាមួយគ្នា​ឱ្យបាន​រលូន ឆ្លើយតប​ទៅនឹង​អ្វីដែល​ដៃគូ​យើង​ចង់បាន រៀបចំ​និង​កំណត់ឱ្យ​មានការ​ប្រជុំ​ផ្លាស់ប្តូរ​យោបល់ និង​វាយតម្លៃ​ទៅលើ​ការអនុវត្ត​កិច្ច​សហប្រតិបត្តិ​លើ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា​រវាង​អង្គការ សមាគម ទាំង​១០ ឱ្យបាន​ទៀងទាត់ និង​ត្រូវ​បន្ត​ចូលរួមចំណែក​ឱ្យ​កាន់តែ​សកម្ម​ជាមួយ​រាជរដ្ឋាភិបាល លើ​កិច្ចការងារ​សង្គមមនុស្ស​ធម៌ ការលើកកម្ពស់​ការងា​រ​អប់រំ បរិស្ថាន ធនធានធម្មជាតិ សំដៅ​បង្កើន​ការយល់ដឹង និង​ឈានទៅ​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ​។

​លោក​ ទូច វណ្ណៈ ប្រធាន​សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​ឯករាជ្យ បានឱ្យដឹងថា អង្គការ និង​សមាគម​ដែល​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ IPA នាឱកាស​នោះ​រួមមាន ៖ អង្គ​ការលើក​កំពស់​ជីវភាព​កសិករ​,​សមាគម​ពិធីករ ពិធី​ការិនី​កម្ពុជា​, អង្គការ​អភិវឌ្ឍ​កសិកម្ម​ធម្មជាតិ​កម្ពុជា​, សមាគមនិស្សិត សិស្ស​ខេត្តព្រៃវែង​, អង្គការ​វិទ្យាស្ថាន​ស​បី​អភិវឌ្ឍ​យុវជន​, សមាគម​ទ្រទ្រង់​កសិកម្ម​ធម្មជាតិ​កម្ពុជា​, អង្គការ​សង្គ្រោះ​បម្រើ​ក្តីសង្ឃឹម​ពិភពលោក​, អង្គការ​អភិវឌ្ឍ​សមត្ថភាព​យុវជន​កម្ពុជា និង​អង្គការ​ត្បូង​ទទឹម​កម្ពុជា ។​

​បើតាម ​លោក​ទូច វណ្ណៈ អនុស្សរណៈ នៃ​ការយោគយល់​គ្នា​នេះ មាន​គោលបំណង​សហការគ្នា​ដោយ​ឈរលើ​ស្មារតី​ភាពជា​ដៃគូ​, ស្វែងរក​គម្រោង​អភិវឌ្ឍន៍​នានា​ដែល​ផ្តល់​ផលប្រយោជន៍​រួម​, ចែករំលែក​បទពិសោធ​ន៍ ជំនាញ​វិជ្ជាជីវៈ ធនធានមនុស្ស​ឱ្យ​គ្នា​ទៅវិញទៅមក​, បំពេញ​ឱ្យ​គ្នា​នូវ​រាល់​តម្រូវការ​ចាំបាច់​នានា​តាម​លទ្ធភាព​, រក្សា​តម្លៃ កិត្តិយស កេរ្តិ៍ឈ្មោះ ផ្លូវច្បាប់ ឱ្យ​គ្នា​ទៅវិញទៅមក និង​រួមគ្នា​ធ្វើ​សកម្មភាព​សង្គម មនុស្សធម៌ សាសនា កសិកម្ម អប់រំ កីឡា ដែលជា​ប្រយោជន៍​ដល់​ប្រទេសជាតិ​។

​សូមជម្រាបថា សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​ឯករាជ្យ ហៅ​កាត់​ថា IPA ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុម​បញ្ញវន្ត​ខ្មែរ ពិសេស​អ្នកមាន​ជំនាញ និង​អាជីព​ជា​អ្នកសារព័ត៌មាន និង​ត្រូវបាន​ចុះបញ្ជី​ដោយ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២២​។ IPA ធ្វើ​សកម្មភាព​ផ្ដោត​សំខាន់​លើ​វិស័យ​សារព័ត៌មាន ក្នុង​គោលបំណង​ចងក្រង​អង្គភាព​សារព័ត៌មាន​នា​ន​ជា​សម្ព័ន្ធ​, ស្វែងរក និង​ការពារ​ផលប្រយោជន៍​នានា​របស់​អង្គភាព​សារព័ត៌មាន​ជា​សមាជិក​, ចូលរួម​លើកកម្ពស់ និង​ផ្សព្វផ្សាយ​គោលនយោបាយ និ​សមិទ្ធផល​រាជរដ្ឋាភិបាល ព្រមទាំង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​, ចូលរួម​សកម្មភាព​សង្គម មនុស្សធម៌ និង​ការពារ​ឯករាជ្យ បូរណភាព​ទឹកដី និង​សន្តិភាព​។​

​សមាគម​សម្ព័ន្ធ​សារព័ត៌មាន​ឯករាជ្យ មាន ​លោ​ក ស សុខា ជា​ប្រធានកិត្តិយសនិង​មាន​ថ្នាក់ដឹកនាំ សមាជិក សមាជិកា​គណៈកម្មាធិកា​រ​ប្រតិបត្តិ ចំនួន ១១៨​អង្គ​/​នាក់ មាន​អង្គភាព​សារព័ត៌មាន​បំពេញបែបបទ​ជា​ផ្លូវការ ចំនួន​៦​អង្គភាព ជា​សមាជិក និង​អង្គភាព​សារព័ត៌មាន ចំនួន​២៣​អង្គភាព មិនទាន់​បំពេញបែបបទ​ជា​សមាជិក ដោយមាន​អ្នកសារព័ត៌មាន​ចំនួន​៧៨​នាក់ ជា​សមាជិក ក្រុមហ៊ុន សហគ្រាស​ប្រាំមួយជា​ដៃគូ​សហការ និង​នៅថ្ងៃនេះ មាន​អង្គការ​សមាគម​ប្រាំបួន​ជា​ដៃគូ​សហការ​៕​សរន