ដោយ​: សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​: ជំនួប​ជម្រុះ​ជុំ​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ AFC Asian Cupជាមួយ​ឥណ្ឌា​យប់មិញ​នេះ​កម្ពុជា​ចាញ់​ក្រុម​ម្ចាស់ផ្ទះ (​ឥណ្ឌា​) ០​ទល់​២ ។​

​ពីរ​គ្រាប់​របស់​ក្រុម​ម្ចាស់ផ្ទះ ធ្វើ​សម្រេច​ដោយ​កីឡាករ Sunil Chhetri នៅ​នាទី​១៣ និង​នាទី​៥៩ ។ ជ័យជម្នះ​នេះ បានធ្វើ​ឲ្យ​ឥណ្ឌា ឡើងឈរ​កំពូល​តារាង​ពូ​ល D បណ្ដោះអាសន្ន ដោយមាន ៣​ពិន្ទុ​ស្មើ​ក្រុម​ហុងកុង ដែល​បាន​យកឈ្នះ​អា​ហ្វ​ហ្គា​នី​ស្ថាន ២-១ នៅ​ល្ងាច​ថ្ងៃ​ជាមួយគ្នានេះ ។​

​សម្រាប់​ប្រកួត​បន្ទាប់​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា នឹងត្រូវ​ជួប​ហុងកុង នា​ថ្ងៃទី​១១ ខែមិថុនា មុន​ធ្វើការ​ប្រកួត​ចុងក្រោយ ជាមួយ​ក្រុម​ជម្រើសជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន នា​ថ្ងៃទី​១៤ ខែមិថុនា នៅ​ម៉ោង ៦:៣០​នាទី​ល្ងាច​ដូចគ្នា (​ម៉ោង​នៅ​កម្ពុជា​) ។​

​សូមបញ្ជាក់ថា​ម្សិលមិញ​នេះដែរ​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ប្រមុខ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​មានប្រតិកម្ម​យ៉ាងខ្លាំង​ចំពោះ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) និង​សហ​​ព័ន្ធ​បាល់ទាត់​ឥណ្ឌា រួមទាំង​អ្នករៀបចំ​ការប្រកួត ដោយ​តម្រូវ​ឲ្យ​ត្រូវ​ធ្វើលិខិត​សុំទោស​កម្ពុជា​ជាបន្ទាន់​ដោយសារតែ​ពួកគេ​មិនបាន​ខ្វល់​អ្វី​ទាល់តែសោះ​ចំពោះ​ការទទួល​ក្រុមបាល់ទាត់​កម្ពុជា ទាំង​អាហារ ការ​ស្នាក់នៅ រួមទាំង​ទង់ជាតិ​របស់​កម្ពុជា​ផង​នោះ​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ទុកពេល​៣​ម៉ោង​ឲ្យ​សហព័ន្ធ​បាល់ទាត់​អាស៊ី (AFC) និង​​ម្ចាស់ផ្ទះ​ឥណ្ឌា​ចេញ​លិខិត​សុំទោស​កម្ពុជា​ពាក់ព័ន្ធ​ការមិន​យកចិត្តទុកដាក់​លើ​ក្រុម​កីឡាករ​​បាល់ទាត់​កម្ពុជា​។ លោក​ព្រមាន​ថា «​ក្នុង​រយៈពេល​៣​ម៉ោង​នេះ បើសិនជា​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) និង​សហព័ន្ធ​បាល់ទាត់​ឥណ្ឌា រួមទាំង​អ្នករៀបចំ​ការប្រកួត​មិន​ព្រម​ចេញ​លិខិត​សុំទោស​កម្ពុជា​ទេ​យន្តហោះ​នឹង​ដឹក​កីឡាករ​​កម្ពុជា​ត្រឡប់មក​មាតុភូមិ ដោយ​មិន​ធ្វើការ​ប្រកួត​នោះទេ​។ ចំពោះ​ការទទួល​ក្រុមបាល់ទាត់​កម្ពុជា ទាំង​អាហារ ការ​ស្នាក់នៅ រួមទាំង​ទង់ជាតិ​របស់​កម្ពុជា​ផងដែរ​។​»

​មុន​ឡើង​មកដល់​វគ្គ​ជម្រុះ​ជុំ​ចុង​ក្រោយនេះ​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​ទម្លាក់​ក្រុម​កោះ​ហ្គា​ម​របស់​សហរដ្ឋអាមេរិក​ទាំង ពីរ​ជើង​កាលពី​វគ្គ Play-Off ដោយ​លទ្ធផល ៣-១ នៅ​ប្រទេស​បា​រែ​ន​។ រីឯ​ក្រុម​ដែល​កំពុង​ឈរ​ចាំ​នៅ​ជុំ​ផ្ដាច់ព្រ័ត្រ​វិញ គឺមាន ១៣​ក្រុម រួមមាន​ចិន​, ស៊ី​រី​, អូស្ដ្រាលី​, អ៊ីរ៉ង់​, អារ៉ាប៊ីសាអ៊ូឌីត​, កាតា​, ជប៉ុន​, អារ៉ាប់​រួម​, កូរ៉េខាងត្បូង​, អ៊ីរ៉ាក់​, អូ​ម៉​ង់​, វៀតណាម និង​លី​បង់​៕​