ដោយ​: សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​: បន្ទាប់ពី​ទទួល​ការព្រមាន​ចេញពី​រាជធានី​ភ្នំពេញ របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ប្រមុខ​សហព័ន្ធ​បាល់ទាត់​កម្ពុជា​, នៅ​ល្ងាច​ថ្ងៃទី​៨ ខែមិថុនា​នេះ សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) បាន​ត្រូវ​ធ្វើលិខិត សុំទោស​កម្ពុជា​ជា​ផ្លូវការ​ហើយ​។

​លិខិត​របស់ សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) ដែល​ចុះហត្ថលេខា​ដោយ​លោក Shin Man Gil ជា​អគ្គលេខាធិការរង​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​ផ្ញើជូន​មក​សហព័ន្ធ​បាល់ទាត់​​កម្ពុជា​បាន​បញ្ជាក់ថា​«​ជាការ​ឆ្លើយតប​ទៅនឹង​បញ្ហា​ខាងលើ​, វា​ជា​រឿង​គួរឱ្យ​សោកស្ដាយ​ដែល​ទង់ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវបាន​ផលិតឡើង សម្រាប់​ការប្រកួត មិនត្រូវ​តាម​លក្ខខណ្ឌ​បច្ចេកទេស​ដែល​បានកំណត់​នៅត្រង់ ផ្នែក​រចនា និង​ពណ៌​។ ដូច្នេះ យើង​សូម​ជូនដំណឹង​ថា AFC នឹង​ប្រើប្រាស់​ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​រូបភាព​ក្រាហ្វិក​វិញ​នៅលើ​ស្គ្រី​ន​ធំ​មួយ​សម្រាប់​ការប្រកួត​ដែល​នឹង​ចាប់ផ្ដើម​នៅ​ប៉ុន្មាន​ម៉ោង​ខាងមុខ ហើយ​នេះ​គឺជា​ការអនុវត្ត​ជា​ទម្លាប់​ធម្មតា នៅក្នុង​ករណី​មាន​បញ្ហា​បែបនេះ​កើតឡើង សម្រាប់​រយៈពេល ២​ឆ្នាំ​ចុង​ក្រោយនេះ នៅក្នុង​ការប្រកួត​រប​ស់ AFC»​។​

​សូមបញ្ជាក់ថា ម្សិលមិញ​នេះ​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​ព្រមាន​ទុក​យៈ​ពេល​៣​ម៉ោង ឲ្យ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) និង​សហព័ន្ធ​បាល់ទាត់​ឥណ្ឌា​រួមទាំង​អ្នករៀបចំ​ការ​ប្រ​​កួត​ចេញ​លិខិត​សុំទោស​កម្ពុជា បើ​មិន​ដូច្នេះ​ទេ​យន្តហោះ​នឹង​ដឹក​កីឡា​ករបាត់​ទាត់​ជម្រើសជាតិ​កម្ពុជា ត្រឡប់មក​មាតុភូមិ ដោយ​មិន​ធ្វើការ​ប្រកួត​នោះទេ​។ ប៉ុន្តែ​ភ្លាមៗ​ក្រោយ​ប្រតិកម្ម ទីបំផុត​សហព័ន្ធ​បាល់ទាត់​អាស៊ី (AFC) បានចេញ​លិខិត​សុំទោស​កម្ពុជា​ជាបន្ទាន់​ដែរ​។​

​នៅ​ម៉ោង​១០​យប់ ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២២ ក្រុម​ជម្រើសជាតិ​កម្ពុជា ត្រូវ​ប្រកួត​ជាមួយ​ជ​ម្រើ​ជាតិ​ឥណ្ឌា​ដែលជា​ម្ចាស់ផ្ទះ​ក្នុងជំនួប​បើកឆាក​ពូ​ល D នៃ​វគ្គ​ជម្រុះ​ជុំ​ចុងក្រោយ​ពានរង្វាន់ AFC Asian Cup 2022 នៅ​កីឡដ្ឋាន Salt Lake នាទី​ក្រុង​កុល​កាតា​។​

​មុន​ឡើង​មកដល់​វគ្គ​ជម្រុះ​ជុំ​ចុង​ក្រោយនេះ ក្រុម​គោព្រៃ​កម្ពុជា បាន​ទម្លាក់​ក្រុម​កោះ​ហ្គា​ម​របស់​សហរដ្ឋអាមេរិក​ទាំង ២​ជើង​កាលពី​វគ្គ Play-Off ដោយ​លទ្ធផល ៣​ទល់​១ នៅ​ប្រទេស​បា​រែ​ន​។ រីឯ​ក្រុម​ដែល​កំពុង​ឈរ​ចាំ​នៅ​ជុំ​ផ្ដាច់ព្រ័ត្រ​វិញ គឺមាន ១៣​ក្រុម រួមមាន​ចិន​, ស៊ី​រី​, អូស្ដ្រាលី​, អ៊ីរ៉ង់​, អារ៉ាប៊ីសាអ៊ូឌីត​, កាតា​, ជប៉ុន​, អារ៉ាប់​រួម​, កូរ៉េខាងត្បូង​, អ៊ីរ៉ាក់​, អូ​ម៉​ង់​, វៀតណាម និង​លី​បង់​៕​