ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុម​តា​លី​បង់​បាន​ចាប់ខ្លួន​តារា​បង្ហាញ​ម៉ូត​អា​ហ្វ​ហ្គានី​ស្ថានដ៏​ល្បី​ម្នាក់​និង​សហការីរប​ស់​គាត់​ចំនួន​បី​នាក់​ដោយ​ចោទប្រកាន់​ពួកគេ​ពី​បទ​មិន​គោរព​សាសនា​​អ៊ីស្លាម​និង​គម្ពីរ​កូអា​ន នេះ​បើ​យោង​តាម​វីដេអូ​ដែល​ចេញផ្សាយ​ដោយ​អ្នកគ្រប់គ្រង​ថ្មី​របស់​អា​ហ្វ​ហ្គានី​ស្ថាន​។​

​លោក អាច្មាល់ ហា​គី​គី (Ajmal Haqiqi) ដែល​ល្បី​ខាង​កម្មវិធី​បង្ហាញ​ម៉ូត វីដេអូ​ឃ្លីប YouTube និង​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូត​នានា បាន​បង្ហាញ​ខ្លួន​ជាប់​ខ្នោះ​នៅក្នុង​វីដេអូ​បង្ហោះ​នៅលើ Twitter ដោយ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​តា​លី​បង់​កាលពី​ថ្ងៃ​អង្គារ​ទី​៧​មិថុនា​។​

​នៅក្នុង​វីដេអូ​មួយ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​និង​មាន​ការជជែក​វែកញែក​បែកផ្សែង គេ​ឃើញ​លោក​ហា​គី​គី​សើច​ក្អាកក្អាយ​ខណៈ​មិត្ត​រួម​ការងារ​របស់​គាត់​ឈ្មោះ ហ្គូ​ឡាម សា​ឃី (Ghulam Sakhi) ដែល​ល្បី​ខាង​បញ្ចេញ​សំឡេង​បែប​កំប្លែង បាន​សូត្រ​វគ្គ​មួយ​នៃ​គម្ពីរ​កូ​អាន​ជា​ភាសា​អារ៉ាប់​ក្នុង​សំឡេង​កំប្លែង​សើច​។​

​បន្ទាប់​ពី​ការចាប់ខ្លួន ពួក​តា​លី​បង់​បាន​បញ្ចេញ​វីដេអូ​ហា​គី​គី​និង​សហការី​របស់​គាត់​ឈរ​ក្នុង​ឯកសណ្ឋាន​ពន្ធនាគា​រ​ពណ៌​ត្នោត​ខ្ចី និង​សុំ​ទោស​រដ្ឋាភិបាល​តា​លី​បង់ និង​អ្នកប្រាជ្ញ​សាសនា​។​

​វីដេអូ​នេះ​ត្រូវ​បាន​អម​ដោយ​សារ Twitter​ជា​ភាសា​ដា​រី (Dari) ដោយ​និយាយថា “​គ្មាន​នរណាម្នាក់​ត្រូវបាន​អនុញ្ញាត​ឱ្យ​ប្រមាថ​វគ្គ​នៃ​គម្ពីរ​កូអា​ន ឬ​និយាយ​ប្រមាថ​ព្យាកា​រី​មូ​ហាម​ម៉ាត់ (Muhammad) នោះឡើយ​”​។​

​ក្រោយមក​នៅ​ថ្ងៃ​ពុធ អង្គការ​លើកលែងទោស​អន្តរជាតិ​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​ជំរុញ​ឱ្យ​ក្រុម​តា​លី​បង់ “​ដោះលែង​ហា​គី​គី​និង​សហការី​របស់​គាត់​ជា​បន្ទាន់​និង​ដោយ​គ្មាន​លក្ខខណ្ឌ​”៕

លោក អាច្មាល់ ហា​គី​គី (​ស្តាំ​) កំពុង​ឈរ​មើល​នាង​ម៉ា​ហាល់ វ៉ាក់ ដើរ​ម៉ូត​នៅ​ទីក្រុង​កា​ប៊ុល កាលពី​ថ្ងៃទី​៣​សីហា​ឆ្នាំ​២០១៧