​ដោយ​:​សុផល​/​ភ្នំពេញ​: លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានឱ្យដឹងថា​ស្ថានភាព​ភ្ញៀវទេសចរ​ផ្ទៃក្នុង​នា​ចុង​សប្តាហ៍ និង​ថ្ងៃ​ឈប់សម្រាក​បោះឆ្នោត ចាប់ពី​ថ្ងៃទី​០៤-០៦ ខែមិថុនា ឆ្នាំ​២០២២ មាន​ភ្ញៀវ​សរុប​ចំនួន ២៩៤.៤៤៤​នាក់ ក្នុងនោះ ភ្ញៀវ​ជាតិ ២៧៥.៧៣៤​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ១៨.៧១០​នាក់​។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ ដែល​ទទួលបាន​ភ្ញៀវ​ច្រើនជាងគេ​រួមមាន​៖

* ខេត្ត​ព្រះសីហនុ ៥៩.៤០៣ នាក់​
* ខេត្តកំពត ៣៧.៧៤៧ នាក់​
* ខេត្តបាត់ដំបង ៣៦.៣៦៩ នាក់​
* ខេត្តសៀមរាប ២៨.១៣៨ នាក់​
* រាជធានី​ភ្នំពេញ ២៤.៦៥២ នាក់​
* ខេត្តពោធិ៍សាត់ ១៦.៤៦៩ នាក់​
* ខេត្តកំពង់ស្ពឺ ១៤.២៤៩ នាក់​
* ខេត្ត​កែប ១៣.៤៤៤ នាក់​

​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា តួលេខ​ខាងលើនេះ​មានការ​កើនឡើង​ប្រមាណ ៧,៤៥% ធៀប​នឹង​សប្តាហ៍​កន្លងមក​។​

​លោក​បន្ថែមថា តាម​ការពិនិត្យ​ជាក់ស្តែង​ចុង​សប្តាហ៍​កន្លងមកនេះ បងប្អូន​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត បាន​ត្រៀមខ្លួន ទៅ​ចូលរួម​បោះឆ្នោត​គ្រប់រូប​នៅ ថ្ងៃអាទិត្យ រីឯ​បងប្អូន​កម្មករ កម្ម​ការ​នី និង​បុគ្គលិក​ក្រុមហ៊ុន ឯកជន និង​និស្សិត ចំណាកស្រុក​ក្នុងប្រទេស ក៏បាន​ធ្វើដំណើរ​ទៅ​ចូលរួម​បោះឆ្នោត​យ៉ាង​ផុសផុល នៅ​ស្រុកកំណើត​តាំងពី​ល្ងាច​ថ្ងៃ​សុក្រ​និង​ព្រឹក​ថ្ងៃ​សៅរ៍ ហើយ​ក្រោយ​បំពេញ​កាតព្វកិច្ច​បោះឆ្នោត​រួច គឺ​មួយចំនួន​បាន​ជួបជុំ​ហូបចុក​ជា​លក្ខណៈ​ក្រុមគ្រួសារ ហើយ​ខ្លះទៀត​បាន​ដើរ​កម្សាន្ត​នៅតាម​គោលដៅ​នានា ប៉ុន្តែ​ភាគច្រើន​ជា​គោលដៅ​ទេសចរណ៍ ឬ​កន្លែង​ក​ម្សា​ន្ដែ​ល​នៅ ជិតៗ​ក្នុងភូមិ​ស្រុក​របស់​ពួកគាត់​ផ្ទាល់​។​

​ដោយឡែក​មន្ត្រីរាជការ ក្រៅពី​កាតព្វកិច្ច​ទៅ​ចូលរួម​បោះឆ្នោត និង បំពេញការងារ​ផ្សេងៗ​ទៀត​នៅ​មូលដ្ឋាន ក៏បាន​ឆ្លៀតឱកាស​ដើរ​កំសាន្ត​រយៈពេល​ខ្លី ទៅកាន់​រមនីយដ្ឋាន​ជិតៗ ផងដែរ​៕​