ដោយៈ សុខសុភ័ណ្ឌ / កំពង់ស្ពឺៈ មនុស្សពីរនាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើង នៅពីរកន្លែងផ្សេងគ្នា នាយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ។

នគរបាលក្រុងច្បារមន បានឲ្យដឹងថា ករណីទីមួយ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៥១-៥២ ត្រង់ចំណុចភូមិញរ សង្កាត់កណ្តាលដុំ ក្រុងច្បារមន រវាងរថយន្ត ម៉ាក ដេវូ ពណ៌ស លាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ ៣.F.៨៩៨២ សណ្តោង កន្ទុយរ៉ឺម៉ក ដឹកស៊ីទែនប្រេង ពាក់ផ្លាកលេខ ៤.A៩៧២៨ បើកបរដោយបុរសមិនស្គាល់ អត្តសញ្ញាណ បានចុះរត់គេចខ្លួន ក្រោយកើតហេតុ បើកបរពីទិសខាងលិច ទៅទិសខាងកើត មកដល់ចំណុចកើតហេតុ ខាងលើ បានបុកជាមួយម៉ូតូ ម៉ាកហុងដា សេ៧០ គុបជ្រុង ពណ៌ទឹកប៊ិច គ្មានផ្លាកលេខ បើកបរពីទិសខាងកើត ទៅទិសខាងលិច ដោយបានបុកកិន បុរសរងគ្រោះម្នាក់ អាយុប្រមាណជា ៣៤ ឆ្នាំ មិនស្គាល់អត្តសញ្ញាណ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង ។

ប្រភពបានបន្តទៀតថាៈ ករណីគ្រោះថ្នាក់ទីពីរ បានកើតឡើងនៅតាមណ្តោយផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលខ ១-២ ត្រង់ចំណុចភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន មានរថយន្ត ម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ផ្លាកលេខ កំពង់ស្ពឺ ២A ៣៨៤៤ បើកបរដោយបុរសមិនស្គាល់ អត្តសញ្ញាណ បានចុះរត់គេចខ្លួន ក្រោយកើតហេតុ បើកបរពីទិសខាងត្បូង ទៅទិសខាងជើង មកដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូម៉ាកហុងដា សេ១២៥ សេរី២០០៨ ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ មានអាយុប្រមាណជា ៣០ ឆ្នាំ បានស្លាប់ភ្លាមៗនៅនឹងកន្លែង ដែលបានបើកបរ ពីទិសខាងជើង ទៅទិសខាងត្បូង។

ប្រភពដដែល បានបន្តទៀតថាៈ សពជនរងគ្រោះទាំងពីរនាក់ តម្កល់នៅក្នុងមន្ទីពេទ្យបង្អែក រង់ចាំស្រាវជ្រាវ រកសាច់ញាតិមកយក ទៅធ្វើបុណ្យតាមប្រពៃណី។ វត្ថុតាងរថយន្តពីរគ្រឿង និងម៉ូតូពីរគ្រឿង យកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ខេត្តកំពង់ស្ពឺ រង់ចាំដោះស្រោយ នៅពេលក្រោយ៕/V-PC