​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រុស្ស៊ី​និង​តួ​ក​គី​បាន​សម្តែង​ការគាំទ្រ​ចំពោះ​ការបង្កើត​ច្រករបៀង​សមុទ្រ​ដែល​មាន​សុវត្ថិភាព​នៅ​សមុទ្រ​ខ្មៅ​ដូច្នេះ​ទើប​អ៊ុយ​ក្រែន​អាច​នាំ​ចេញ​គ្រាប់ធញ្ញ​ជាតិទៅ​​កាន់​ទីផ្សារ​ពិភពលោក ចំ​ពេល​មាន​វិបត្តិ​ស្បៀងអាហារ​ពិភពលោក​កាន់តែ​ខ្លាំង​ឡើង​។​

​រដ្ឋមន្ត្រី​តួ​ក​គី​ម្នាក់​បាន​និយាយថា ចំណាត់ការ​នេះ​ក៏​គួរ​ត្រូវ​បាន​អម​ដោយ​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​របស់​លោក​ខាងលិច​ប្រឆាំង​នឹង​រុស្ស៊ី​ចំពោះ​ការ​លុកលុយ​អ៊ុយ​ក្រែន​ផងដែរ​។​

​រដ្ឋមន្ត្រីការបរទេស​តួ​ក​គី​លោក មេ​វ​លូត កា​វូ​សូ​គ្លូ (Mevlut Cavusoglu) បាន​ជួប​សម​ភាគី​រុស្ស៊ី​លោក សឺ​ហ្គេ ឡាវ​រ៉ូវ​ក្នុង​ទីក្រុងអ​ង់​ការ៉ា​សម្រាប់​ការពិភាក្សា​ផ្តោតលើ​សំណើ​របស់​អង្គការ​សហ​ប្រជា​​ជាតិ​ក្នុង​ការរំដោះ​កំពង់ផែ​សមុទ្រ​ខ្មៅ​របស់​អ៊ុ​យក្រែន និង​អនុញ្ញាត​ឱ្យ​គ្រាប់​ធញ្ញជាតិ​ប្រហែល ២២ លាន​តោន​ដែល​កំពុង​ជាប់​ក្នុង​ឃ្លាំង​ត្រូវបាន​ដឹក​ជញ្ជូន​ចេញ​។​

​អ៊ុយ​ក្រែន​គឺជា​ប្រទេស​នាំចេ​ញស្រូវ​សាលី ពោត និង​ប្រេង​ផ្កាឈូករ័ត្ន​ដ៏​ធំ​បំផុត​មួយ​របស់​ពិភពលោក ប៉ុន្តែ​សង្គ្រាម​និង​ការបិទ​កំពង់ផែ​របស់​ខ្លួន​ពី​សំណាក់​រុស្ស៊ី បាន​បញ្ឈប់​លំហូរ​នាំចេញ​ភាគច្រើន​ដែល​​បង្ក​គ្រោះថ្នាក់​ដល់​ការផ្គត់ផ្គង់​អាហារ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ​ជាច្រើន​។ ឥឡូវនេះ កំពង់ផែ​ភាគច្រើន​ត្រូវបាន​ដាំ​មីន​ជុំវិញ​យ៉ាង​ច្រើន​ផង​ដែរ​។​

​រដ្ឋាភិបាល​អ៊ុយ​ក្រែន​មិន​បាន​បញ្ជូន​តំណាង​ចូលរួម​កិច្ចប្រជុំ​នៅ​ទីក្រុង​អង់កា​រ៉ា​ទេ​ប៉ុន្តែ​បាន​សម្តែង​ការព្រួយបារម្ភ​ថា​ការដោះមីន​ចេញពី​កំពង់ផែ​របស់​ខ្លួន​ដើម្បី​ជួយ​សម្រួល​ដល់​ការនាំ​ចេញ​គ្រាប់​ធ​ញ្ញ​​ជាតិ​អាច​អនុញ្ញាត​ឱ្យ​រុស្ស៊ី​វាយប្រហារ​ឆ្នេរសមុទ្រ​ភាគខាងត្បូង​របស់ខ្លួន​។​

​ទោះជា​យ៉ាងណា លោក​ឡាវ​រ៉ូវ​បាន​សន្យាថា រុស្ស៊ី​នឹងមិន “​បំពាន​” ខាង​កងទ័ពជើងទឹក​ទេ ប្រសិនបើ​កំពង់ផែ​របស់​អ៊ុយ​ក្រែន​ត្រូវបាន​ដោះ​មីន​ចេញ ហើយ​នឹង​”​ចាត់វិធានការ​ចាំបាច់​ទាំងអស់​ដើម្បី​ធានាថា​​កប៉ាល់​អាច​ចាកចេញ​ពី​ទីនោះ​ដោយ​សេរី​”​។​

​ទាំង​រុស្ស៊ី​និង​តួ​ក​គី​ក៏​នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​ផែនការ​នាំចេញ​នេះ​ផង​ដែរ​។ ច្រករបៀង​ដូចគ្នានេះ​ក៏​នឹង​អនុញ្ញាត​ឱ្យ​រុស្ស៊ី​នាំចេញ​អាហារ​និង​ជីរ​ផងដែរ​។​

​មន្ត្រី​តួ​ក​គី​និយាយថា តួ​ក​គី​នឹង​ជួយ​សម្រួល​និង​ការពារ​ការដឹកជញ្ជូន​គ្រាប់​ធញ្ញជាតិ​នៅ​សមុទ្រ​ខ្មៅ​៕

រដ្ឋមន្ត្រីការបរទេស​តួ​ក​គី​លោក មេ​វ​លូត កា​វូ​សូ​គ្លូ (​ស្តាំ​) និង​លោក សឺ​ហ្គេ ឡាវ​រ៉ូវ​ពិភាក្សា​អំពី​ការដឹក​គ្រាប់​ធញ្ញជាតិ​ពី​អ៊ុយ​ក្រែន​នៅ​ទីក្រុងអ​ង់​ការ៉ា​កាលពី​ថ្ងៃ​ពុធ​