ដោយៈមុនីរ័ត្ន/ភ្នំពេញៈ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​គូសបញ្ជាក់ច្បាស់ៗថា “​កម្ពុជា​គ្មាន​ចេតនា​បង្ក​ការគំរាមកំហែង​ដល់​ប្រទេស​ណាមួយ ហើយ​កម្ពុជា​ក៏​មិនដែល​ជំទាស់​រាល់ ការចូលរួម​អភិវឌ្ឍ​សមត្ថភាព​កងទ័ព​រប​ស់​ប្រទេស​ដទៃ​នោះឡើយ​។ កម្ពុជា​គ្រាន់តែ​ចង់​លើក​កម្រិត​សមត្ថភាព​ការពារ​ខ្លួន​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត ធានាបាន​ភាព​ធន់​ទប់ទល់​ពី​សម្ពាធ និង​ឥទ្ធិពល​នៃ​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ ដែល​កំពុងមាន​នាពេល​បច្ចុប្បន្ន ដើម្បី​ធានា​ដំណើរ​ទៅមុខ​ក្នុង​សន្តិភាព សន្តិសុខ និង​វិបុលភាព និង​មានលទ្ធភាព​ចូលរួម​កសាង​សន្តិភាព​ក្នុង​តំបន់ និង​សកលលោក​។ “​កម្ពុជា​គ្មាន​គោលនយោបាយ​ជ្រើសរើស​ប្រទេសមួយ ដើម្បី​ប្រឆាំង​ប្រទេសមួយ​ឡើយ​” ។​

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចូលរួមក្នុង​ពិធី​បញ្ចុះបឋមសិលា និង​បើក​ការដ្ឋាន​សាងសង់​រោង​ជាង​ជួសជុល​នាវា ផែ​សំចត និង​ស្តារ​ឃ្លង​នៅ​មូលដ្ឋាន​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ព្រឹក​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២២​(រូបថតផេក សម្តេចពិជ័យសេនា ទៀ បាញ់)

​ការបញ្ជាក់​នេះ​បាន​ធ្វើឡើង​នៅក្នុង​ពិធី​បញ្ចុះបឋមសិលា និង​បើក​ការដ្ឋាន​សាងសង់​រោង​ជាង​ជួសជុល​នាវា ផែ​សំចត និង​ស្តារ​ឃ្លង​នៅ​មូលដ្ឋាន​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ព្រឹក​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២២​។​

​តាម​របាយការណ៍​រប​ស់នាយ​ឧ​ត្ត​ម​សេនីយ៍ ចៅ ភិ​រុណ អគ្គនាយក និង​ជា​ប្រធាន​គណៈកម្មការបានបង្ហាញ​ពី​ការងារ​ត្រៀម​រៀបចំ និង​សារៈសំខាន់​នៃ​ការសាងសង់ Drydock “​ដុក​”, Slipway “​វ៉ៃ​”, ផែ​សំចត និង​ការស្ដារ​ឃ្លង រួមជាមួយ​ហេដ្ឋារចនាសម្ព័ន្ធ​រណប​មួយចំនួនទៀត នឹង​លើកកម្ពស់​វិស័យ​ការពារជាតិ ពិសេស​កងទ័ពជើងទឹក​ឱ្យមាន​សមត្ថភាព​ឡើង​មួយកម្រិត​ថែមទៀត ដែលជា​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ​ក្នុង​វិស័យ​សន្តិសុខ​ការពារជាតិ ក្នុង​ការទទួល​រ៉ាប់រង​ថែរក្សា​ការពារ​បូរណភាព​ទឹកដី​លើ​ដែនសមុទ្រ រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ចជាតិ ទាំង​ពេលបច្ចុប្បន្ន និង​អនាគត ស្របតាម ការអភិវឌ្ឍ​រីកចម្រើន​របស់​ប្រទេសជាតិ និង​លើកតម្កើង​កេរ្តិ៍ឈ្មោះ​កងយោធពល​ខេមរភូមិន្ទ​នៅក្នុង​កិច្ច ការ​តំបន់ និង​អន្តរជាតិ​។​

​សម្តេច​ពិជ័យ​សេនា​បាន​លើកឡើងថា “​ជា​ការពិត​កងយោធពល​ខេមរភូមិន្ទ​បានចាត់ទុក​ការសាងសង់​រោង​ជាង​ជួសជុល​នាវា ផែ​សំចត និង​ស្ដារ​ឃ្លង​នាពេលនេះ ជា​យុទ្ធសាស្ត្រ​ដ៏​មាន​សារៈសំខាន់​សម្រាប់​អភិវឌ្ឍ​សមត្ថភាព​កងទ័ព ដែលជា​ជ្រុង​អាទិភាព​មួយ​នៃ​ការកែទម្រង់​កងកម្លាំង​ប្រដាប់អាវុធ ក្នុង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល សៀវភៅ​ស​ការពារជាតិ សំដៅ​ធ្វើ​ទំនើបកម្ម និង​បង្កើន​សមត្ថភាព​វិជ្ជាជីវៈ​ដល់​កងទ័ពជើងទឹក បន្ត​ធានា​កិច្ចការពារ ប្រកបដោយ​ប្រសិទ្ធភាព​នូវ​អធិបតេយ្យភាព​ជាតិ បូរណភាព​ទឹកដី សន្តិភាព សន្ដិសុខ និង​សុវត្ថិភាព​ជូន​ប្រជាជន​”​។

​សម្តេច​បន្ថែម​ថា បន្ទាប់ពី​សំណង់​រោង​ជាង​ជួសជុល​នាវា ផែ​សំចត និង​ស្ដារ​ឃ្លង ដែល​បំពាក់​ដោយ​ឧបករណ៍ សម្ភារៈ​បច្ចេកទេស​ទំនើ​ប​នេះ​សាងសង់​រួចរាល់ នឹង​ផ្ដល់ឱកាស​ដល់​នាយ នាយរង និង​ពល​នា​វឹក​កងទ័ពជើងទឹក​កាន់​តែមាន​សមត្ថភាព ចំណេះដឹង ប្រកបដោយ​ជំនាញ​បច្ចេកទេស វិជ្ជាជីវៈ ឆ្លើយតប​ទៅនឹង​សេចក្ដីត្រូវការ​របស់​ប្រទេសជាតិ​ទាំង​ពេលបច្ចុប្បន្ន និង​អនាគត​យូរអង្វែង រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ការពារ​ឯករាជ្យ សន្តិភាព អធិបតេយ្យ បូរណភាព​ទឹកដី និង​រាល់​សមិទ្ធផល នៃ​សង្គមជាតិ​បាន​រឹងមាំ និង​លើកតម្កើង​កេរ្តិ៍ឈ្មោះ​កងយោធពល​ខេមរភូមិន្ទ​នៅក្នុង​កិច្ចការ​តំបន់ និង អន្តរជាតិ និង​មានលទ្ធភាព​ទទួល​ដំណើរ​ទស្សនកិច្ច​នាវា បណ្តា​ប្រទេស​ជា​មិត្ត​ចូល​ចត​នៅ​កំពង់ផែ​នេះ ទៀតផង​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានប្រកាស​សារជាថ្មី​ម្តង​ទៀតថា “​ការអភិវឌ្ឍ​សមត្ថភាព​កងយោធពល ខេមរភូមិន្ទ​មិនមែន​មាន​ត្រឹមតែ​ការធ្វើ​ទំនើបកម្ម​លើក​កម្រិត​នៅ​មូលដ្ឋាន​រាម​ប៉ុណ្ណោះ​ទេ​កម្ពុជា​នឹង​បន្ត​ធ្វើឱ្យ​កងយោធពល​ខេមរភូមិន្ទ កាន់​តែមាន​សមត្ថភាព​ខ្ពស់ អាច​ធានា​ដល់​ការការពារ​អធិបតេយ្យ និង បូរណភាព​ទឹកដី​របស់ខ្លួន​ប៉ុណ្ណោះ​ទេ ថែមទាំង​អាចបំពេញ​បាន​នូវ​ករណី​កិច្ច​ដទៃទៀត ប្រកបដោយ​ជោគជ័យ ដូចជា ការប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការជួយ​សង្គ្រោះ​គ្រោះមហន្តរាយ និង​ប្រតិបត្តិ​ការរក្សា​សន្តិភាព​ជាដើម​។ កម្ពុជា​បានទទួល​ជំនួយឥតសំណង​ពី​ប្រទេស​ជា​មិត្ត ដូចជា សម្ភារៈ​សឹក​ធុន​ធ្ងន់ និង​ទំនើប ហើយ​បច្ចុប្បន្ននេះ កំពុងតែធ្វើការ​ហ្វឹកហ្វឺន​ជំនាញ​បញ្ហា បច្ចេកទេស និង ប្រើប្រាស់​។ នៅពេល​អនាគត កម្ពុជា​នឹង​បន្ត​ទទួល​ជំនួយឥតសំណង​ពី​ប្រទេស​ជា​មិត្ត និង​ទិញ​សម្ភារៈ សឹក​ធុន​ធ្ងន់ និង​ទំនើប​ពី​ប្រទេស​នានា សម្រាប់​ពង្រឹងសមត្ថភាព​យោធា​របស់ខ្លួន ស្របតាម​មាត្រា​៥៣ រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​”​។​

​សម្តេច​ពិជ័យ​សេនា​បាន​បញ្ជាក់ថា សម្រាប់​ការអភិវឌ្ឍ​សមត្ថភាព​កងយោធពល​ខេមរភូមិន្ទ កម្ពុជា​នៅតែ​ស្វាគមន៍ និង​បើកចំហរ​ជានិច្ច​ចំពោះ​ការ ជួយឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​បណ្តា​ប្រទេស​ជា​មិត្ត​នានា ដោយ​មិន​ប្រកាន់​និន្នាការ ការរើសអើង និង ប្រកាន់ខ្ជាប់​នូវ​ការគោរព​ផលប្រយោជន៍​គ្នា​ទៅវិញទៅមកដោយ​អនុវត្តតាម ច្បាប់រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រង់​មាត្រា​៥៣ បានចែង​ច្បាស់​ថា ៖
​ព្រះរាជាណាចក្រ​កម្ពុជា ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​នយោបាយ​អព្យាក្រឹត​អចិន្ត្រៃយ៍​និង​មិន​ចូលបក្ស​សម្ព័ន្ធ​។ ព្រះរាជាណាចក្រ​កម្ពុ​ជារួម​រស់​ដោយ​សន្តិ​សហ​វិជ្ជមាន​ជាមួយ​ប្រទេសជិតខាង និង ប្រទេស​ដទៃទៀត​ទាំងអស់​នៅលើ​សកលលោក​។ ព្រះរាជាណាចក្រ​កម្ពុជា​មិន​ឈ្លានពាន​ប្រទេស​ណា​ដាច់ខាត មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុងនៃ​ប្រទេស​ដទៃ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល ទោះបី​ក្រោមរូបភាព​ណាក៏ដោយ ដោះស្រាយ​រាល់​បញ្ហា​ដោយ​សន្តិវិធី និង​គោរព​ផលប្រយោជន៍​ផង​គ្នា​ទៅវិញទៅមក​។ ព្រះរាជាណាចក្រ​កម្ពុជា​មិន​ចងសម្ព័ន្ធ​យោធា ឬ​ចូលក្នុង​កិច្ចព្រមព្រៀង​យោធា​ណាមួយ ដែល​មិន​ស្រប​នឹង​អព្យាក្រឹតភាព​របស់ខ្លួន​ឡើយ​។ ព្រះរាជាណាចក្រ​កម្ពុជា​មិន​អនុញ្ញាត​ឱ្យមាន​មូលដ្ឋាន​យោធា​បរទេស​នៅលើ​ទឹកដី​របស់ខ្លួន ហើយក៏​មិន​អនុញ្ញាត​ឱ្យមាន​មូលដ្ឋាន​យោធា​របស់ខ្លួន​នៅ​បរទេស​ដែរ លើកលែងតែ​ក្នុង​ក្រប​-​ខ័ ណ្ឌ​នៃ​សំណូមពរ​របស់​អង្គការសហប្រជាជាតិ​។ ព្រះរាជាណាចក្រ​កម្ពុជារ​ក្សា​សិទ្ធិ​ទទួលយក​ជំនួយ​បរទេស​ជា​សម្ភារៈ​យោធា អាវុធ គ្រាប់រំសេវ ការហ្វឹកហ្វឺន​កងកម្លាំង​ប្រដាប់អាវុធ និង​ជំនួយ​ផ្សេងៗ​ទៀត ដើម្បី​ការពារ​ខ្លួន​និង​ធានា សណ្តាប់ធ្នាប់ និង​សន្តិសុខ​សាធារណៈ​នៅ​ផ្ទៃក្នុង​ប្រទេស​។​

​ប្រមុខ​ការពារជាតិ​ក​ម្ពុ​ជា​បាន​អះអាងថា នៅក្នុង​បរិបទ​នេះ ការសាងសង់​រោង​ជាង​ជួសជុល​នាវា ផែ​សំចត និង​ស្ដារ​ឃ្លង គឺជា​តម្រូវ​ការចាំបាច់​ឆ្លើយតប​ទៅនឹង​ផែនការ​យុទ្ធសាស្ត្រ​ការពារជាតិ ដែល​ក្រសួងការពារជាតិ និង​អគ្គបញ្ជាការដ្ឋាន ប្រគល់​ភារកិច្ច​ជូន​កងទ័ពជើងទឹក នាពេល​បច្ចុប្បន្ន ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ផ្នែក​ទន់​-​រឹង បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ពង្រឹងសមត្ថភាព​កងយោធពល​ខេមរភូមិន្ទ​ឱ្យមាន​វិជ្ជាជីវៈ ចំណេះដឹង និង​ចំណេះធ្វើ​យ៉ាងពិត​ប្រាកដ ដែលជា​យុទ្ធសាស្ត្រ​យូរអង្វែង សំដៅ​លើកកម្ពស់​ធនធាន​មនុស្ស​បន្ត វេន​ជំនាន់​ក្រោយ​ឱ្យមាន​សមត្ថភាព មានបទពិសោធន៍​សម្រាប់​បម្រើ​ជាតិ​មាតុភូមិ ស្របតាម​នយោបាយ​ការពារជាតិ​ដែល​បានដាក់​ចេញ​និង​ដើម្បី​ទទួល​រ៉ាប់រង​ការងារ​ថែរក្សា​ការពារ​បូរណភាព​ទឹកដី រួម ចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ចជាតិ ទាំង​ពេលបច្ចុប្បន្ន និង​អនាគត​។​មួយវិញទៀត តាមរយៈ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នេះ នឹង​ធ្វើឱ្យ​កងទ័ពជើងទឹក​មានកា​លា​នុ​វត្ត ភាព​ដ៏​ល្អ​សម្រាប់​បំពេញបេសកកម្ម​របស់​ខ្លួន និង​មានលទ្ធភាព​ចូលរួម​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន ពាក់ព័ន្ធ ក្នុងការ​គ្រប់គ្រង​សន្តិសុខ​លម្ហ​សមុទ្រ​, បង្កើន​ទំនាក់ទំនង​ដ៏​ស្អិតរ​មួ​ត​ជាមួយ​ប្រទេស​មិត្ត​ភក្ដ្រ ប្រកបដោយ​សាមគ្គីភាព និង​ផ្លែផ្កា ដែល​ផ្តល់​ប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក ក្នុងការ​នាំមក​នូវ​សន្តិភាព ស្ថិរភាព សន្តិសុខ វិបុលភាព និង​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព​និង​បរិ​យា​ប័ន្ន​នៅក្នុង តំបន់ និង​ស្មើមុខ ស្មើ​មាត់​ជាមួយ​បណ្តា​ប្រជាជាតិ​នៅលើ​ឆាក​អន្តរជាតិ​។ តាមរយៈ​នយោបាយ ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើឱ្យ ប្រទេសជាតិ​មាន​សុខសន្តិភាព​ពេញលេញ ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់ វិស័យ ក្នុងនោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​ចិន មាន​ការវិវត្ត​ឥតឈប់ឈរ បានធ្វើឱ្យការទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី​កម្ពុជា​-​ចិន មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់​។ កិច្ច​សហប្រតិបត្តិការ​យោធា​ប្រទេស​ទាំងពីរ បាន​បន្ត​ពង្រឹង ពង្រីក​កាន់តែ​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ​រហូត​ឈានដល់ “​កិច្ចសហប្រតិបត្តិការភាព​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​” ដោយ​ឈរលើ​គោលការណ៍​ជឿជាក់​គ្នា យោគយល់​គ្នា គោរព​គ្នា និង​ផ្តល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក​តាម​ប្រសាសន៍​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ “​មិត្ត​ភាពជា​ប្រពៃណី និង​ជា​ប្រវត្តិសាស្ត្រ​ដ៏​យូរអង្វែង​កម្ពុជា​-​ចិន គឺជា​សម្បត្តិ​ដ៏​មានតម្លៃ​រួម​រវាង​ប្រជាជនយើង​ទាំងពីរ​កម្ពុជា​-​ចិន​”​៕សរន​

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចូលរួមក្នុង​ពិធី​បញ្ចុះបឋមសិលា និង​បើក​ការដ្ឋាន​សាងសង់​រោង​ជាង​ជួសជុល​នាវា ផែ​សំចត និង​ស្តារ​ឃ្លង​នៅ​មូលដ្ឋាន​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ព្រឹក​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២២​(រូបថតផេក សម្តេចពិជ័យសេនា ទៀ បាញ់)