ដោយៈ ប​.​ខុន / ភ្នំពេញៈ ព្យុះ​ដែល​បានកើត​មាន​រួច ពី​ដើមឆ្នាំ មកដល់ពេលនេះ (៩ មិថុនា​) មាន​ចំនួន​តិចជាង​មធ្យម​ច្រើន​ឆ្នាំ បើ​ធៀប​រយៈពេល​ដូចគ្នា តែ​បាតុភូត​ត្រឹម​កម្រិត​សម្ពាធ​ទាប កើតមាន​ច្រើន បន្តបន្ទាប់ បង្កឱ្យមាន​ភ្លៀង ធ្លាក់​រាយប៉ាយ​ល្អ ទាំង​នៅក្នុង​រដូវប្រាំង និង​ដើមរដូវ​វស្សា ។ តាម​ការ​ព្យាករ ព្យុះ​ដែល​អាច​កើតមាន នៅក្នុង​ឆ្នាំ​២០២២ ក្នុង​រង្វង់​ពី ២៦ ទៅ ២៨ ព្យុះ នៅក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក និង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២២​ថាៈ ចំនួន​ព្យុះ​ដែល​បាន កើតមាន​រួច នៅក្នុង​តំបន់ ចាប់ពី​ដើមឆ្នាំ មកដល់ពេលនេះ (៩ មិថុនា​) មាន​ចំនួន​តិច បើ​ធៀប​ទៅនឹង​បណ្តា ឆ្នាំមុនៗ មាន​ពី ៣ ដល់ ៥ ព្យុះ ក្នុង​រយៈពេល​ដូចគ្នានេះ​។ ជា​មធ្យម គឺ ៣ និង​ច្រើន មាន ចំនួន ដល់​ចំនួន ៥ (២០១១) តែ​ជាង ៥ ខែ​កន្លងទៅនេះ ទើប​កើតមាន​រួច ចំនួន ២ ប៉ុណ្ណោះ​។​

​អ្នកនាំពាក្យ ក្រសួង​ជំនាញ​ខាងលើ បាន​និយាយ​ឱ្យដឹងទៀតថាៈ ចំនួន​ព្យុះ បានកើត​មាន​តិច តែ​បាតុភូត ត្រឹម​កម្រិត​សម្ពាធ​ទាប (ITCZ) បានកើត​មាន ជា​បន្តបន្ទាប់ នាំឱ្យ មាន​ភ្លៀង ធ្លាក់​រាយប៉ាយ​ល្អ​ច្រើន នៅ​ដើមឆ្នាំ​២០២២ នេះ​។ តាម​ការ​ព្យាករ ព្យុះ​ដែល​អាច​កើតមាន នៅក្នុង​ឆ្នាំ​២០២២ នេះ មាន​ចំនួន​ពី ២៦ ទៅ ២៨ ព្យុះ​។​

​នៅក្នុង​សេចក្តីជូនដំណឹង ស្តីពី​ការ​ព្យាករ​អាកាសធាតុ លើក​ទី​២ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២២ ដែល​ចុះហត្ថលេខា​ដោយ​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បានសរសេរថាៈ ស្ថានភាព​ព្យុះ នៅក្នុង​ឆ្នាំ​២០២២ អាច​នឹង​កើតមាន ក្នុង​រង្វង់​ពី ២៦ ទៅ ២៨ ព្យុះ នៅក្នុង​មហាសមុទ្រ​ប៉ា ស៊ី​ហ្វិ​ក និង​អាច​មួយចំនួន កើតមានឡើង​ផ្ទាល់ នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​៕/V​