​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ អតីត​ប្រធានាធិបតី​បារាំង​លោក ហ្រ្វង់​ស័ស ហូឡង់ដ៍​(Francois Hollande)​នៅ​ទីបំផុត​បាន​រៀបការ​ជាមួយ​អតីត​ស្រី​លួចលាក់​ដែលជា​ស្នូល​នៃ​រឿងអាស្រូវ​ផិតក្បត់​​ភូតកុហក​ជំទាវ​ទី​មួយ​របស់​លោក​នៅ​ឆ្នាំ​២០១៤ ។​

​អតីត​ប្រធានាធិបតី​បារាំង​លោក ហ្រ្វង់​ស័ស ហូឡង់ដ៍​និង​សិល្បការិនី ហ្ស៊ូ​លី ហ្កា​យេត ថត​រួមគ្នា​ក្នុងពេល​ទស្សន​ការប្រកួត​បាល់ទាត់​មួយ​នៅ​ឆ្នាំ​២០១៩

​កាសែត​ឡា ម៉ុង​តា​ញ​(La Montagne)​បាន​និយាយថា​គូស្នេហ៍​នេះ​បាន​រៀបកា​រណ៍​ក្នុង​ពិធី​ឯកជន​មួយ​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​នៅ​ឃុំ​ទ្យូ​ល​(Tulle)​នៅ​បារាំង​កណ្តាល ដោយ​មាន​ការចូលរួម​ពី​សមា​​ជិ​កគ្រួសារ មិត្ត​ភ័ក្តិ​និង​អភិបាល​ក្រុង​ម្នាក់​ធ្វើ​ជា​អធិបតី​។​

​កាលពី​ឆ្នាំ​២០១៤​នោះ កាសែត​ជា​ច្រើន​បាន​ចុះផ្សាយ​យ៉ាង​ជ្រួលជ្រើម​អំពី​ប្រធានាធិបតី​ពេលនោះ ត្រូវបាន​ភ្នាក់ងារ​សម្ងាត់​លួច​ដឹក​តាម​ម៉ូតូ​កូន​ទា​មួយ​ទៅ​ជួប​តារា​ទូរទស្សន៍ ហ្ស៊ូ​លី ហ្កា​យេត​( Julie Gayet)​។​ការ​បែកធ្លាយ​អំពើ​ផិតក្បត់​នេះ​នាំ​ដល់​ការបញ្ចប់​ទំនាក់ទំនង​រយៈពេល​៤​ឆ្នាំ​របស់​លោក​ហូ​ឡង់​ជាមួយអតីត​អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់​សារព័ត៌មាន​Paris Match​លោកស្រី វ៉ា​ឡេរី ជៀល​វីល័​រ​(Valerie Trierweiler) អាយុ​៥៧​ឆ្នាំ​។​

​តាមពិត​លោកស្រី ហ្កា​យេត បាន​លែងលះ​ពី​អ្នកនិពន្ធ​អា​ហ្សង់​ទីន​ម្នាក់ ដែល​មាន​កូន​ពីរ​នាក់​ជាមួយ​លោកស្រី​។​ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន​Paris Match​នៅ​ឆ្នាំ​២០១៧ លោកស្រី​បាន​​បញ្ចេញ​អោយដឹងថា ទំនាក់ទំនង​របស់​លោក​ស្រី​ថាវាបាន​ចាប់ផ្តើម​ពេល​លោក​ហូឡង់​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​ឆ្នាំ​២០១២​។​

​ហ្កា​យេត ក៏​បាន​ពន្យល់​ថា​លោកស្រី​គេច​មិន​ចង់​បាន​តំណែង​ជំទាវ​ទីមួយ​ដោ​យ​សារ​លោកស្រី​ជឿថា​វា​គ្រាន់តែ​តំណាងអោយ​ស្ត្រី ។​លោកស្រី​បាន​និយាយ​ដូច្នេះ​ថា «​មនុស្ស​ម្នាក់​ជាប់ឆ្នោត មិនមែន​ប្តី​ប្រពន្ធ​មួយគូ​ទេ​។​​តួនាទី​របស់​ជំទាវ​ទី​មួយ​គ្រាន់តែ​តំណាង​ស្ត្រី ជា​មុខតំណែង​ដែល​បង្ខំ​អោយ​នាង​បញ្ចប់​អាជីព​របស់​ខ្លួន រីឯ​ប្រាក់ខែ​ក៏​អត់​ទៀត​។​ម្នាក់ៗ​មាន​​វិជ្ជាជីវៈ​រៀងខ្លួន ខ្ញុំ​ជា​សិល្បការិនី​និង​ជា​អ្នក​ផលិត​កម្មវិធី​»​។​​

លោក​ហូឡង់ដ៍ និង​ជំទាវ​ទីមួយ វ៉ា​ឡេរី ជៀល​វីល័​រ ថត​កាលពី​ឆ្នាំ​២០១២

​វ៉ា​ឡេរី ជៀល​វី​លើ បាន​ចូល​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ ដោយ​ត្អូញត្អែរ​អំពី​ការ​ខូចចិត្ត មុន​សរសេរ​សៀវភៅ​លក់ដាច់​បំផុត​ដោយ​ពណ៌នា​លោក​ប្រធានាធិបតី​ដែល​កាន់​តំណែង​ពី​ឆ្នាំ​២០១២​ដល់​ឆ្នាំ​២០១៧ និង​«កណ្តុរ​ស្នេហ៍​មួយ​ដែល​មិន​អាច​ជឿ​ទុកចិត្តបាន​»។​

​ទោះ​ជា​មិន​មាន​ប្រពន្ធ​ថ្មី​នៅ​រយៈពេល​សេសសល់​នៃ​តំណែង​របស់​លោក ក៏​លោក​ហូឡង់​នៅ​រក្សា​ការទាក់ទ​ងនាង​ហ្កា​យេត​ ហើយអ្នក​ទាំង​ពី​បាន​ទិញ​ផ្ទះមួយ​នៅ​ឃុំ​ទ្យូ​ល ក្រោយពី​លោក​ហូឡង់​ចាកចេញ​ពីនយោ​​បាយ​។​

​អតីត​ប្រធានាធិបតី ហ្វ្រង់​ស័ស ហូឡង់ដ៍​មាន​ទំនាក់ទំនង​ជាមួយ​បេក្ខជន​ប្រធានាធិបតី​ឆ្នាំ​២០០៧ លោកស្រី សេ​ហ្គោឡេ​ន រ៉ូយ៉ាល់​និង​មានកូន​បួន​នាក់​ជាមួយ​គ្នា​

​សូមបញ្ជាក់​ថា អតីត​មេដឹកនាំ​បារាំង​រូប​នេះ​មិន​ដែល​រៀបការ​ពីមុនមក​ទេ តែ​មាន​កូន​បួន​នាក់​ជាមួយ​បេក្ខជន​ប្រធានាធិបតី​ឆ្នាំ​២០០៧ លោកស្រី សេ​ហ្គោឡេ​ន រ៉ូយ៉ាល់​(Ségolène Royal) អាយុ​៦៨​ឆ្នាំ​។​លោកស្រី​បាន​ចាកចេញ​ពី​លោក​ក្រោយពីនៅ​ជាមួយគ្នា​អស់​ជិត​៣០​ឆ្នាំ បន្ទាប់ពីចាញ់ឆ្នោត​នៅឆ្នាំ​២០០៧​។​ក្រោយមក​មាន​លេច​ធ្លាយ​ព័ត៌មាន​ថា​លោក​ហូឡង់​បាន​ជួប​លោក​ស្រី ជៀល​វីល័​រ ក្នុងអំឡុងពេល​ទំនាក់ទំនង​របស់​អ្នក​ទាំង​ពីរ​៕