​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​ឲ្យ​ដឹងថាៈ បន្ទាប់ពី​ទទួលបាន​ពាន រង្វាន់​ជា «​សៀវភៅ​ម្ហូប​អាស៊ី​ដ៏​ល្អ​ដាច់​គេ​» (Best Asian Cookbook) ក្នុង​កម្មវិធី Gourmand World Cookbook Awards 2021 នៅ​ទីក្រុង​ប៉ារីស កន្លងទៅនេះ សៀវភៅ «​កេរដំណែល ស្នាដៃ​ម្ហូប​ខ្មែរ​» (The Taste of Angkor) ដែល​រៀបរៀង ឡើង ដោយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ត្រូវ​បានដាក់​ប្រកួត សារជាថ្មី​ម្តងទៀត ក្នុង​សន្និសីទ​ម្ហូបអាហារ អន្តរជាតិ (Umeå) នា​ថ្ងៃទី ២-៥ ខែមិថុនា ឆ្នាំ​២០២២ នៅ​ទីក្រុង Umeå ប្រទេស​ស៊ុយអែត​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ អន្តរា​តិ កាលពី​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២២​។​

​ក្រសួងការបរទេស​ក​ម្ពុ​ជា បានបញ្ជាក់​ថាៈ សៀវភៅ «​កេរដំណែល​ស្នាដៃ​ម្ហូប​ខ្មែរ​» (The Taste of Angkor) បានឈ្នះ​ជ័យលាភី​ធំៗ ចំនួន ២ បន្ថែមទៀត រួមមានៈ «​សៀវភៅ​ម្ហូប​អាស៊ី ដ៏​ល្អ​ដាច់​គេ​» (Best Asian Cuisine Book) និង​សៀវភៅ​ម្ហូប​ឆ្នើម ដែល​រៀបរៀង​ដោយ ថ្នាក់ដឹកនាំ​នៃ​រដ្ឋ​» (Heads of State/Food)​។​

​គួរបញ្ជាក់​ផងដែរ​ថា សៀវភៅ​ម្ហូប​នេះ បានទទួល​ជ័យលាភី ២ ឆ្នាំ​ជាប់​គ្នា ពី Gourmand World Cookbook Awards​។ ទន្ទឹមនឹងនេះ សៀវភៅ «​តម្រា​ភោជនាហារ​» (The Culinary Art of Cambodia) ពី​ប្រទេស​កម្ពុជា ក៏បាន​ទទួល​ជ័យលាភី​ពិសេស ពី​គណៈវិនិច្ឆ័យ (Special Award of the Jury) នៃ Gourmand World Cookbook Awards 2022 ផងដែរ​។​

​ប្រភព​ដដែល បាន​បន្តថាៈ ស្ថាបនិក​កម្មវិធី Gourmand Cookbook Awards លោក Edouard Cointreau បានលើកឡើង​ថាៈ សៀវភៅ «​កេរដំណែល​ស្នាដៃ​ម្ហូប​ខ្មែរ​» គឺជា​ឧទាហរណ៍​មួយ នៃ​សៀវភៅ​ម្ហូប ដែល​លេចធ្លោ​បំផុត ដោយបាន​ឆ្លុះបញ្ចាំង ពី​កេរដំណែល និង​ភាពរុងរឿង នៃ​ប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម ប្រពៃណី និង​សិល្បៈ​ម្ហូប​ខ្មែរ ដែល​គួរតែ​បាន​ចែករំលែក​ជាមួយ បណ្តា​ប្រទេស​នានា ក្នុង​ពិភពលោក តាមរយៈ​ការផ្សព្វផ្សាយ ពី​អរិយធម៌​ដ៏​យូរលង់​របស់​កម្ពុជា មាន​អាយុកាល ជាង ១ សហស្សវត្ស​។​

​សមិទ្ធផល​ដ៏​វិសេសវិសាល​នេះ ពិត​ជាមាន​សារៈសំខាន់​ណាស់ ក្នុង​ការជួយ​លើកតម្កើង កិត្យានុភាព​ជាតិ​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ ខណៈដែល​ការទូត​ម្ហូបអាហារ គឺជា​ផ្នែក​មួយ ដ៏​សំខាន់ នៃ​យុទ្ធសាស្ត្រ​ការទូត សេដ្ឋកិច្ចកម្ពុជា ឆ្នាំ​២០២១-២០២៣ របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។ មោទនភាព​ជាតិ នាពេលនេះ នឹង​ក្លាយជា​ជំហាន​ថ្មី​មួយទៀត សម្រាប់​កម្ពុជា ក្នុងការ​ពង្រឹង​វិស័យ​ការទូត​ម្ហូបអាហារ តាមរយៈ​ការលើកតម្កើង​កិត្តិនាម​ជាតិ និង​ការអនុវត្ត​យុទ្ធសាស្ត្រ ការទូត​សេដ្ឋកិច្ច​របស់​កម្ពុជា សំដៅ​រួមចំណែក​សម្រេចបាន នូវ​ចក្ខុវិស័យ​ជាតិ ឆ្នាំ​២០៣០ និង​ឆ្នាំ​២០៥០៕/V​