ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​និយាយថា​ប្រទេស​ប៉ា​គី​ស្ថាន​នឹង​កាត់បន្ថយ​សប្តាហ៍​ការងារ​ផ្លូវការ​របស់​ខ្លួន​មក​នៅត្រឹម​ប្រាំ​ថ្ងៃ​ពី​ប្រាំ​មួយថ្ងៃ​ក្នុង​គោលបំណង​​កាត់បន្ថយ​ការប្រើប្រាស់​ថាមពល និង​ប្រេងឥន្ធនៈ ជា​ផ្នែក​មួយ​នៃ​ផែនការ​សន្សំសំចៃ​ថាមពល​ដែល​ត្រូវបាន​អនុម័ត​ដោយ​គណៈរដ្ឋមន្ត្រី​របស់​ប្រទេស​កាលពី​ថ្ងៃ​អង្គារ​ទី ៧ ខែមិថុនា​។​

​ចំណាត់ការ​នេះ​កើត​ឡើង​នៅ​ពេល​ដែល​ការ​ដាច់​ចរន្តអគ្គិសនី​រាប់​ម៉ោង​បាន​វាយប្រហារ​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ​ដោយសារ​តម្រូវការ​កើន​លើស​ពី​ការផលិត​ភ្លើង​ក្នុងអំឡុង​រដូវក្តៅ​ដែល​សម្បូរ​អ្នក​​ប្រើ​អគ្គិសនី​។ ការកើនឡើង​តម្លៃ​ប្រេងឥន្ធនៈ​សកល​ក៏​បាន​បង្កើន​សម្ពាធ​លើ​គណនី​ខាងក្រៅ ហើយ​រូបិយវត្ថុ​ក្នុងស្រុក​បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​ធៀប​នឹង​ប្រាក់​ដុល្លារ​។​

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោកស្រី ម៉ា​រី​យុម អូ​រ៉ាង​ហ្សេ​ប (Marriyum Aurangzeb) បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា​”​យើង​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​ធ្ងន់ធ្ងរ​…​យើង​ត្រូវការ​វិធានការ​​សន្សំសំចៃ​ថាមពល​យ៉ាង​ចាំបាច់​បំផុត​។ យើង​ត្រូវ​ស្វែងរក​គ្រប់​ជម្រើស​ដើម្បី​សន្សំសំចៃ​ថាមពល​”​។​

​បន្ទាប់​ពី​ចូលកាន់​តំណែង​កាលពី​ខែ​មេសា នាយករដ្ឋមន្ត្រី សេ​បាស សារីហ្វ (Shehbaz Sharif)​បាន​បង្កើន​សប្តាហ៍​ធ្វើការ​ដល់​ប្រាំ​មួយថ្ងៃ​ពី​ប្រាំ​ថ្ងៃ​ដោយ​ទុក​តែ​ថ្ងៃអាទិត្យ​មួយ​ប៉ុណ្ណោះ​ជា​ថ្ងៃ​ឈប់​​សម្រាក ដោយ​និយាយថា​គាត់​ចង់​បង្កើន​ផលិតភាព​។​

​ទោះយ៉ាងណា ថ្ងៃ​ធ្វើ​ការងារ​ច្រើន​ជាង​មុន​បាន​បណ្តាលឱ្យ​មាន​ការប្រើ​ប្រាស់​អគ្គិសនី​និង​ប្រេងឥន្ធនៈ​កាន់តែ​ច្រើន​ដោយ​ការិយាល័យ​រដ្ឋាភិបាល​និង​និយោជិត​។​

​លោកស្រី​អូ​រ៉ាង​ហ្សេ​បនិយាយ​ថា ការកាត់បន្ថយ ៤០ ភាគរយ​នៃ​ប្រាក់ឧបត្ថម្ភ​ថ្លៃ​ប្រេងឥន្ធនៈ​ផ្លូវការ​ដែល​ផ្តល់​ជូន​រដ្ឋមន្ត្រី​និង​មន្ត្រី​រដ្ឋាភិបាល​ក៏​ត្រូវបាន​អនុម័ត​ជា​ផ្នែក​មួយ​នៃ​ផែនការ​សន្សំសំចៃ​ថ្មី​ផងដែរ​៕

ប៉ា​គី​ស្ថាន​ជួបប្រទះ​ការ​ដាច់​ភ្លើង​រាប់​ម៉ោង​កាលពី​ខែ​មុន