​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹងថា មនុស្ស​ជាង ៣ ពាន់​លាន​នាក់​ពឹង​ផ្អែកលើ​មហាសមុទ្រ​សម្រាប់​ការចិញ្ចឹម​ជីវិត​របស់​ពួកគេ​
​ប៉ុន្តែ​ការបំពុល និង​កំណើន​ជាតិ​អាស៊ីត​កំពុង​បង្ក​គ្រោះថ្នាក់​ដល់​មហាសមុទ្ររ​បស់​យើង និង​សម្លាប់​ជីវចម្រុះ​ក្នុង​សមុទ្រ​។​
​ប្រភព​ដដែល​បាន​បន្តថា មាន​សកម្មភាព​ជាច្រើន​ដែល​អ្នក​អាចឆ្លើយតប​នឹង​បញ្ហា​នេះ រួមទាំង​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ផងដែរ​។

​ដើម្បី​យល់ដឹង​អំពី​គុណ​តម្លៃ​និង​សារៈសំខាន់​របស់​សមុទ្រ «​ទិវា​បុណ្យ​សមុទ្រ​ពិភពលោក​» ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ ដោយ​អង្គការសហប្រជាជាតិ​ក្នុង​ឆ្នាំ​២០០៨ ដើម្បីឱ្យ​ប្រារព្ធ​ពិធី​នេះ​នៅ​ថ្ងៃទី​៨ ខែមិថុនា ជា​រៀងរាល់ឆ្នាំ​។

«​ទិវា​បុណ្យ​សមុទ្រ​ពិភពលោក​»​នេះ គឺ​ដើម្បី​ជូនដំណឹង​ដល់​សាធារណជន អំពី​ផលប៉ះពាល់​នៃ​សកម្មភាព​របស់​មនុស្ស​ទៅលើ​មហាសមុទ្រ និង​ដើម្បី​បង្កើត​ចលនា ប្រមូលផ្តុំ​និង​បង្រួបបង្រួម​ពលរដ្ឋ​នៅ​ទូទាំង​ពិភពលោក ដើម្បី​ចូលរួម​ក្នុងការ​គ្រប់គ្រង​និង​ប្រើប្រាស់​ធនធាន​សមុទ្រ​ប្រកបដោយ​ចីរភាព​៕​