ដោយៈ គង់​ហេង / ត្បូងឃ្មុំៈ រថយន្ត​ធុន​ធំ បាន​បុក​ជាមួយ​រថយន្ត​ធុន​តូច បណ្តាលឱ្យ​មនុស្ស​ចំនួន​បួន​នាក់​បាន​រងគ្រោះ​ស្លាប់ និង​របួស កាលពី​ព្រឹក​ថ្ងៃទី ៨ មិថុនា ម្សិលមិញ​នេះ នៅក្នុង​ភូមិសាស្ត្រ ភូមិ​ពើក ឃុំ​ក្រែក ស្រុក​ពញាក្រែក ហើយ​រថយន្ដ​បង្ករ​ហេតុ បាន​បើក​គេច​បាត់ស្រមោល នៅក្រោយពេល​កើតហេតុ​។

​មន្ត្រីនគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​ប្រាប់ឱ្យដឹង នៅ​ព្រឹក​ថ្ងៃទី​៩ មិថុនា​នេះ​ថាៈ ជនរងគ្រោះ ដែល​បាន​ស្លាប់ និង​របួស បានធ្វើ​ដំណើរ​រួមគ្នា តាម​រថយន្ត​ម៉ាក សាំ​យ៉ុង​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AM-0183 ។ ក្នុងនោះ អ្នកស្លាប់​ជា​បុរស​វ័យ ៥២ ឆ្នាំ ឈ្មោះ លី ទ្រី , រីឯ​អ្នករបួសធ្ងន់ ជា​ស្ត្រី​វ័យ ៤៧ ឆ្នាំ ឈ្មោះ ម៉េ​ន យ៉ាង និង ជា​បុរស​អាយុ ៣១ ឆ្នាំ ឈ្មោះ ម៉េ​ន សុខ​ឃាន​។ ទាំងបី​នាក់ ជា​អ្នករួមដំណើរ និង​ម្នាក់ទៀត អ្នកបើកបរ អាយុ ៣៨ ឆ្នាំ ជា​បុរស​ឈ្មោះ ហេង សែន​។ ជនរងគ្រោះ​ទាំងអស់ រស់នៅ​ភូមិ​សំរោង​ជើង ឃុំ​ដារ ស្រុក​មេមត់​។​ប្រភព​ដដែល បាន​បន្តថាៈ ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រថយន្តបុក​ជាមួយ​រថយន្ត ខាងលើ បង្ក​ឱ្យស្លាប់ និង​របួស​មនុស្ស​ច្រើន​នាក់​នេះ សមត្ថកិច្ច បាន​សន្និដ្ឋានថា អ្នកបើកបរ​រថយន្ត​ធុន​ធំ ដែល​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នោះ ទំនងជា ងងុយដេក នៅពេល​កំពុង​បើកបរ​៕/V​