ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ថៃ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០៩​មិថុនា​បាន​ចាត់ទុក​ការដាំដុះ​និង​ប្រើប្រាស់​កញ្ឆា​ក្នុង​ចំណីអាហារ​និង​ភេសជ្ជៈ​ជាការ​ស្របច្បាប់​ដោយ​ធ្វើអោយ​ព្រះរាជាណាចក្រនេះក្លាយ​ជា​​ប្រទេស​អាស៊ី​អាគ្នេយ៍​​ដំបូង​គេ​ដែល​អនុវត្ត​ដូច្នេះ​ក្នុង​គោលបំណង​ជំរុញ​វិស័យ​កសិកម្ម​និង​ទេសចរណ៍ តែ​ការជក់​កញ្ឆា​នៅតែ​ខុសច្បាប់​នៅឡើយ​ទេ​។​

​ក្នុងពេល​ជាមួយគ្នា​គេ​សង្កេតឃើញ​មនុស្ស​ឈរ​តំរៀបជួរ​នៅ​តាម​ហាង​លក់​ភេសជ្ជៈ បង្អែម​និង​គ្រឿង​ស៊ីចុក​ដទៃទៀត​ដែល​មាន​លាយ​បញ្ចូល​កញ្ឆា​ដែល​ជា​សញ្ញា​គាំទ្រ​ដំណាំ​ដែល​ទើប​ទទួលបាន​ការកែទំរ​ង់​​នៅក្នុង​ប្រទេស​មួយ​ដែល​មាន​កេរ្តិ៍ឈ្មោះ​ជា​យូរ​មក​ហើយ​ខាង​មានច្បាប់​ប្រឆាំង​ថ្នាំញៀន​ដ៏​តឹងតែង​។​

​ចុក​វ៉ាន គិត​ទី ចូ​ផាកា ដែល​ជា​ម្ចាស់​ហាង​លក់​បង្អែម​លាយ​កញ្ឆាមួយ បាន​និយាយថា « ក្រោយ​កូវី​ដ សេដ្ឋកិច្ច​បាន​ធ្លាក់​លូ យើង​ពិតជា​ត្រូវការ​ទិដ្ឋភាព​បែប​នេះ​»​។​

​ថៃ ដែល​ជា​ប្រពៃណី​ប្រើ​កញ្ឆា​ដើម្បី​បំបាត់​ការឈឺ​ខ្លួន​និង​ភាព​ល្ហិតល្ហៃ បានអនុម័ត​កញ្ឆា​សំរាប់​កិច្ចការ​វេជ្ជសាស្ត្រ​នៅ​ឆ្នាំ​២០១៨​។​

​ដោយ​ពឹង​លើ​ដំណាំ​នេះ​ដើម្បី​កើប​លុយ រដ្ឋាភិបាល​មាន​ផែនការ​ចែក​កូន​កញ្ឆា​រាប់​លាន​ដើម​ដើម្បី​លើកទឹកចិត្ត​អោយ​កសិករ​យក​វា​ទៅ​ដាំ​។​តែ​រដ្ឋាភិបាល​ក៏​ចង់​បញ្ចៀស​ការប្រើ​កញ្ឆា​ដើម្បី​ការសប្បាយ​ផងដែរហើយ​​អ្នក​រំលោភ​នឹង​ទទួលទោស​ជាប់គុក​ឬ​ពិន័យ​ប្រាក់​ដដែល​។​

​ឥឡូវ​អ្នក​ដាំ​កញ្ឆា​អាច​ចុះ​ឈ្មោះ​តាម​កម្មវិធី​រដ្ឋាភិបាល​មួយ​ឈ្មោះថា​ដាំ​កញ្ឆា​(PlookGanja)​។​បើ​តាម​មន្ត្រី​ក្រសួង​សុខាភិបាល​ម្នាក់ មនុស្ស​ជិត​១០០.០០០​នាក់​បាន​ចុះឈ្មោះ​ក្នុង​កម្មវិធី​ដាំ​កញ្ញា​នេះ​៕

​ការដាំដុះ​និង​ប្រើប្រាស់​កញ្ឆា​ក្នុង​ចំណីអាហារ​និង​ភេសជ្ជៈ​ជាការ​ស្របច្បាប់​នៅ​ថៃ​