ដោយ​:​ពៅ​និមល​/​ភ្នំពេញ​: អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ហៅ​កាត់ ក​.​ប​.​ប នៃ​ក្រសួងពាណិជ្ជកម្ម បាន​បញ្ជាក់ថា ការសង្កេត​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ឃើញថា ភាពមិន​អនុលោម​ក្នុង​វិស័យ​ប្រេងឥន្ធនៈ​តាម​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ​ហាក់​មានការ​ថយចុះ​។​

អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បានបង្ហាញលើ​ផេ​ក​ផ្លូវការ​រនៅ​ព្រឹក​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២២​នេះ​ថា នៅក្នុង​ចំណោម​ស្ថានីយ ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន ៣២​ទីតាំង ស្ថិតក្នុង​ស្រុក​ចុងកាល់​និង​ក្រុង​សំរោង ស្រុក​រលាប្អៀ​និង​ស្រុក​បរិបូរណ៌ ស្រុក​បារាយណ៍​និង​ស្រុក​សន្ទុក ស្រុក​សង្កែ​និង​ស្រុក​មោង​ឬ​ស្សី ភូមិសាស្ត្រ​ខេត្តសៀមរាប និង​រាជធានី​ភ្នំពេញ ដែល​មន្ត្រី ក​.​ប​.​ប​. ប្រចាំខេត្ត​ឧ​ត្ត​រ​មានជ័យ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តសៀមរាប និង​រាជធានី​ភ្នំពេញ បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​អនុលោមភាព​ជាក់ស្តែង រយៈពេល​ពីរ​ថ្ងៃ​ជាប់​គ្នា​កន្លងមក (៧-៨ ខែមិថុនា​) មន្ត្រី​យើង​បាន​រកឃើញ​ភាពមិន​អនុលោម​លើ​ដេប៉ូ​ចំនួនពីរទីតាំង និង​បាន​ចាត់វិធានការ​ទៅតាម​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ចំពោះ​អំពើ​មិន​សុចរិត​នៅក្នុង​ធុរកិច្ច​របស់​ម្ចាស់​ដេប៉ូ​ខាងលើ ដែល​ធ្វើឱ្យ​ខាត​ប្រយោជន៍​សេដ្ឋកិច្ច​របស់​អ្នកប្រើប្រាស់​។ យ៉ាងណាមិញ តាម​លទ្ធផល​នេះ យើង​អាច​សង្កេតឃើញថា បទល្មើស​ក្នុង​ធុរកិច្ច​ប្រេងឥន្ធនៈ​ហាក់​មានការ​ថមថយ ដែល​ឆ្លុះបញ្ចាំង​អំពី​ការចូលរួម​អនុវត្ត​ច្បាប់​របស់​ធ​រុ​កិច្ច​ជន​។​

លោក ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប កាលពីពេល​កន្លងទៅ បាន​បញ្ជាក់ថា ក្នុងករណី​រកឃើញ​ជ​ន​ណា​ដែល​នៅតែ​ផ្គើន​នឹង​ច្បាប់ នឹងត្រូវ​រង​ការពិន័យ ដូចជា​៖ ពិន័យ​ជា​ទឹកប្រាក់​ចំនួន​ពី ១០​លាន​ទៅ ២០​លាន​រៀល​, ពិន័យ​ជា​អន្តរការណ៍ ឬ​អាចឈាន​ទៅដល់​ការស្នើរ​សុំ​បិទ​ទីតាំង​តែម្តង​៕​សរន