ដោយ : ប​.​ជ័យ / បន្ទាយមានជ័យ​: នគរបាល​ខេត្តបន្ទាយមានជ័យ​និង​ក្រុង​ប៉ោយប៉ែត​បានឃាត់ខ្លួន​ជនជាតិ​ថៃ​បីនាក់​និង​ប្រមូលបានវត្ថុតាង​គ្រឿងញៀន​មួយចំនួន​។​

​លោក​វរសេនីយ៍ឯក ធិ​ន ស៊ិន​ដេ​ត ស្នងការរង ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​ ទទួលបញ្ជារ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សិទ្ធិ ឡោះ ស្នងការ និង​ដោយមាន​ការសម្របសម្រួល​និតិ​វិធី​ដោយ លោក​លឹម ប៊ុន​សុភ​ក្រ័ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​សមត្ថកិច្ច​នគរបាល​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​និង​ក្រុង​ដែ​លោក​ផ្ទាល់​ដឹកនាំ​ប្រតិបត្តិការ​បាន​បង្ក្រាប​មុខសញ្ញា​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ជា​ជនជាតិ​ថៃ​ចំនួន​បី​នាក់​កាលពី​ថ្ងៃទី​៨ ខែមិថុនា វេលា​ម៉ោង​៩​យប់ នៅ​ចំណុច​មុខ​អាគារ​បុគ្គលិក​កាស៊ីណូ​ស្នាក់នៅ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​/​ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​ជា​បន្ត​បន្ទាប់មក សម​ត្ថិ​ច្ចនគ​របាល​បាន​ឆែកឆេរ​រក​ដកហូត​វត្ថុតាង​ថ្នាំញៀន​សរុប​ចំនួន​១២៨​ថង់ ទម្ងន់​៣៧២​ក្រាម (​ថ្លឹង​ទាំង​សំបក​,) ទូរ​សព្ទ​ពីរ​គ្រឿង​,​ដែកកេះ​ប្រាំពីរ, សៀវភៅ​ពីរ​ក្បាល​,​កាបូប​ពីរ,​សម្ភារៈ​វេច​ខ្ចប់​មួយចំនួន ។​

​លោកស្នងការ​រង​ ធិ​ន ស៊ិន​ដេ​ត បាន​ឲ្យ​ដឹង​បន្តថា​ ដំបូង​កម្លាំង​នគរបាលង​បង្ក្រាបបាន​ជនសង្ស័យ​ពីរនាក់ មាន​ឈ្មោះ កៀត​តិ​គុណ ថង​ខាំ ហៅ​ក្រៅ ប៉េ​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ និង ឈ្មោះ ណាត់​ថា​វាត់ ស៊ីរ៉ា​កែវ ហៅ​ក្រៅ ឆា​នុ​ណ អាយុ​២២​ឆ្នាំ និង ដកហូត​វត្ថុតាង​ម្សៅ​ក្រាម​ស​ថ្លា​ចំនួនប្រាំពីរ​ថង់​។​

​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ កៀត​តិ​គុណ ថង​ខាំ ហៅ​ក្រៅ ប៉េ​ត​និង​ឈ្មោះ ណាត់​ថា​វាត់ ស៊ីរ៉ា​កែវ ហៅ​ក្រៅ ឆា​នុ​ណ កម្លាំង​នគរបាល​បាន​បន្ត​ឃាត់ខ្លួន​មេខ្លោង​បានមួយនាក់​ទៀត ឈ្មោះ ផា​នុ​វាត់ អក​តា​ក់ឡាត ហៅ​ក្រៅ អប អាយុ​៣៦​ឆ្នាំ នៅក្នុង​អគារ​ស្នាក់នៅ​របស់​បុគ្គ​លិ​ក ជាន់​ទី​២ បន្ទប់​លេខ A5 ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​/​ក្រុងប៉ោយប៉ែត និងឆែកឆេរ ដកហូត​វ​ត្តុ​តាង​រួមមាន​​ម្សៅ​ក្រាម​ស​ថ្លា ចំនួន​១២១​ថង់ ។​
​លោក​ស្នងការរង បាន​បន្តទៀតថា​ ​ឆ្លងតាម​ការសាកសួរ​ចម្លើយ ពួកគេ​បាន​សារភាពថា​នេះ​ជា​លើក​ទី​១ ដែល​ពួកគេ​បាន​ប្រព្រឹត្ត​របរ​រកស៊ី​លក់​គ្រឿងញៀន​នេះ ។​​មួយទៀត​មេខ្លោង​ឈ្មោះ​ផា​នុ​វាត់ អក​តា​ក់ឡាត ហៅ​ក្រៅ អប នេះ​ធ្លាប់​ជាប់ពន្ធនាគារ​នៅ​ប្រទេស​ថៃ​រយៈពេល​១០​ឆ្នាំ​ផងដែរ ពីបទ​មនុស្សឃាត ។​

​ជនសង្ស័យ​ទាំង​០៣​នាក់ រួមទាំង​វត្ថុតាង នគរបាល​ការិយាល័យ ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​៩​ខែមិថុនា​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី ៕​សរន